អ្នកដឹង​នាំ​គ្នា​ភ្លូកទឹកភ្លូកដី​ទៅ​រក​ត្រី​នៅ​អ្នក​លឿង​ត្រើយ​លិច

ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋ​នៅ​តំបន់​អ្នក​លឿង​ត្រើយ​ខាងលិច​បាន​នាំ​គ្នា​ភ្លូកទឹកភ្លូកដី​ទៅ​បង់សំណាញ់ និង​រក​ត្រី​នៅ​ចំណុច​នោះ​ព្រោះតែ​ដឹង​ថា ទូក​ដឹក​ត្រី​ទី​ឡាប​យ៉ា និង​ត្រី​ឆ្ពិន ដែល​នាំ​ចូល​ពី​ប្រទេស​វៀត​ណាមួយ​គ្រឿង​ចំណុះ​ប្រហែល​២០​តោន​បាន​លិច​ចូល​ទៅ​ក្នុង​ទន្លេមេគង្គ​រួច​អស់​ត្រី កាលពី​វេលា​ម៉ោងជាង​១​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ច្រាំង​ទន្លេមេគង្គ​អ្នក​លឿង​ត្រើយ​ខាងលិច​បេន​១៥​របស់​លោក​ឧកញ៉ា ឡា​ច ទូច ស្ថិត​ក្នុងភូមិ​កំពង់ចម្លង ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើក​ដែក ខេត្តកណ្តាល ។

ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ជា​រៀង​រាល់​យប់​ពួក​គាត់​ឃើញ​ទូក​ធំ​ៗ​ជា​ច្រើន​គ្រឿង​ដែល​ដឹក​ត្រី​គ្រប់​ប្រភេទ​នាំ​ចូល​ពី​ប្រទេស​វៀតណាម​មក​ចូល​ចត​នៅ​ចំណុច​បេន​១៥​របស់​លោក​ឧកញ៉ា ឡា​ច ទូច ហើយ​មាន​រថយន្ត​ធំ​ៗ​ជា​ច្រើន​គ្រឿង​មក​ចត​តម្រៀប​គ្នា​ចាំ​ដឹក​ត្រី​ឡើង​ទៅ​ភ្នំពេញ​មួយ​យប់​ៗ​ទល់​ភ្លឺ​រំខាន​រក​ពួក​គាត់​ដេក​ពួន​មិន​បាន​ផង​ដោយសារ​ឮ​សម្លេង​ខ្លាំង​ៗ ។

ប្រជាពលរដ្ឋ​បន្ត​ទៀត​ថា លុះ​វេលា​ម៉ោង​៥​ជិត​ភ្លឺ​ពួក​គាត់​នាំ​គ្នា​យក​សំណាញ់​ទៅ​បង់​នៅ​ទឹកទន្លេ​ជិត​នោះ​ដូច​សព្វដង ស្រាប់តែ​បង់​ទៅ​ក្រ​សោម​លើក​សំណាញ់​ឡើង​មិន​រួច​ដោយ​ចូល​សុទ្ធតែ​ត្រី​ទី​ឡាប​យ៉ា និង ត្រី​ឆ្ពិន ក៏​ភ្ញាក់ផ្អើល​នាំ​គ្នា​មក​បង់សំណាញ់ និង​រក​ត្រី ខ្លះ​បាន​១០០​គីឡូក្រាម ខ្លះ​២០០ ខ្លះ​៣០០​គីឡូក្រាម នាំ​គ្នា​យក​ទៅ​លក់​រហូត​ដល់​ភ្លឺ​ទើប​ដឹង​ថា​មាន​ទូក​ដឹក​ត្រី​លិច ៕