ពលរដ្ឋ​អង់គ្លេស​ច្រើន​ពាន់​នាក់​ធ្វើ​បាតុកម្ម​ប្រឆាំង​BREXIT

ពលរដ្ឋ​អង់គ្លេស​ច្រើន​ពាន់​នាក់​កាលពី​ថ្ងៃ​ទី​២ កក្កដា បាន​ដើរ​ហែ​ក្បួន​បាតុកម្ម​ប្រឆាំង​ការ​ចាកចេញ​របស់​ចក្រភព​អង់គ្លេស​ពី​សហភាព​អឺរ៉ុប ហៅ​ថា BREXIT ខណៈ​ដែល​បណ្តា​បេក្ខជន​ប្រជែង​គ្នា​ដណ្តើម​បន្ត​តំណែង​ពី​នាយក​រដ្ឋមន្ត្រី​លោក​ដា​វី​ដ កា​មឺ​រ៉ូ​ន កំពុង​តែ​ធ្វើការ​ឃោសនា ។

៩​ថ្ងៃក្រោយ​ការ​បោះ​ប្រជាមតិ​ជ្រើស​យក BREXIT ពលរដ្ឋ​អង់គ្លេស​ច្រើន​ពាន់​នាក់​បាន​ដើរ​ហែ​ក្បួន​យ៉ាង​វែង មុន​ម៉ោង​១២​ម៉ោង​ក្នុងស្រុក​ឆ្ពោះ​មក​កាន់​សភា ដោយ​ចាក​ចេញពី​ឧទ្យាន PARK LANE នា​ភាគ​កណ្តាល​ក្រុង​ឡុ​ង​ដ៍ ។ ដោយ​លើក​ទង់​អឺរ៉ុប​ជា​ច្រើន ព្រមទាំង​លើក​ប៉ង់​កាត​សរសេរ​ពាក្យ​ថា «​លុប​ចោល BREXIT» «​យើង​ស្រឡាញ់​សហភាព​អឺរ៉ុប​» ពួក​បាតុករ​ក៏​នាំ​គ្នា​ស្រែក​ពាក្យ​ទាំងនេះ​ផង​ដែរ ។

ចំណែក​បេក្ខជន​សំខាន់​២​រូប​ដណ្តើម​យក​ការ​បន្ត​តំណែង​ពី​លោក​កា​មី​រ៉ូ​ន​គឺ​លោកស្រី THERESA MAY រដ្ឋមន្ត្រី​មហាផ្ទៃ និង​លោក MECHAEL GOVE រដ្ឋមន្ត្រី​យុត្តិធម៌​ប្រកាស​ថា អ្នក​ទាំង​២​នឹង​មិន​ធ្វើ​នីតិវិធី BREXIT មុន​ដំណាច់ឆ្នាំ​២០១៦ ឬ​អាច​ដល់​ឆ្នាំ​២០១៧ ដែល​ផ្ទុយ​ពី​ការ​ជំរុញ​របស់​ប្រធានាធិបតី​បារាំង លោក​ហ្វ្រ​ង់​ស្វ័​រ​ហូ​ឡង់ កាលពី​ថ្ងៃ​ទី​១ កក្កដា ឱ្យ​អង់គ្លេស​រៀបចំ​នីតិវិធី​ចាក​ចេញពី​សហភាព​អឺរ៉ុប​ឱ្យ​បាន​ឆាប់ ហើយ​គ្មាន​ការ​បក​ក្រោយ​វិញ​ឡើយ ។ លោក​ហូ​ឡង់ ថ្លែង​ថា ការ​សម្រេចចិត្ត​លើ BREXIT ត្រូវ​បាន​ធ្វើ​រួច​ហើយ រួច​ពុំ​អាច​មានការ​ពន្យារពេល ឬ​ក៏​ការ​លុប​ចោល​វិញ​ឡើយ ។ លោក​បន្ត​ថា បណ្តា​មេដឹកនាំ​អឺរ៉ុប​ក៏​អំពាវនាវ​ផង​ដែរ​ឱ្យ​ជំរុញ​ឱ្យ​បាន​ចាប់​ការ​អនុវត្ត​មាត្រា​ទី​៥០ ដើម្បី​បញ្ចប់​ភាព​មិន​ច្បាស់លាស់ ។

យោង​តាម​សារព័ត៌មាន​អង់គ្លេស​ថា លោកស្រី THERESA MAY អាយុ​៥៩​ឆ្នាំ ហាក់ដូចជា​អ្នក​ឈានមុខ ដើម្បី​ឡើង​បន្ត​តំណែង​ពី​លោក​កា​មី​រ៉ូ​ន ព្រោះ​សមាជិក​សភា​គណ​បក្ស​​អភិរក្សនិយម​ដល់​ទៅ​១០០​រូប ក្នុង​ចំណោម​៣៣០​រូប ផ្តល់​ការ​គាំទ្រ​ចំពោះ​លោកស្រី​រួច​ទៅ​ហើយ ទល់​នឹង​២០​រូប​ប៉ុណ្ណោះ គាំទ្រ​លោក MICHAEL GOVE ៕