ផលប្រយោជន៍​ច្រើន​ពេក ដោះ​មិន​ចេញ

ខេត្ត​ព្រះ​សីហ​នុ ៖ ភាព​មិន​ច្បាស់លាស់​ប្រកបដោយ​ការ​ស្រពិចស្រពិល​នៅ​តែ​អូស​បន្លាយ គ្រា​ដែល​ដី​តំបន់​បឹង​ព្រែក​ទប់​ប្រភព​ទឹក​ស្អាត ស្ថិត​ក្នុងភូមិ​១ សង្កាត់​លេខ​០៣ ត្រូវ​បាន​មន្ត្រី​ថ្នាក់​ក្រសួង​ជំនាញ​ពាក់ព័ន្ធ​ជា​ច្រើន​ស្ថាប័ន​ចុះ​មក​ធ្វើការ​ពិនិត្យ និង​សិក្សា​ស្វែង​យល់​ជា​ច្រើន​លើក​ច្រើន​សា​រលើ​បញ្ហា​ទំនាស់​ដីធ្លី​នៅ​ជុំវិញ​បឹង​ប្រវត្តិសាស្ត្រ​មួយ​នេះ ប៉ុន្តែ​ចម្លើយ​ច្បាស់លាស់​នៅ​តែ​ពុំ​មាន​ស្ថាប័ន​ណាមួយ​អាច​ឆ្លើយ​បាន​នោះ​ទេ​។

មន្ត្រី​ថ្នាក់​ក្រសួង​ម្នាក់​មក​ពី​គណៈកម្មាធិការ​ទំនាស់​ដីធ្លី បាន​ថ្លែង​បញ្ជាក់​ថា ការ​ចុះ​មក​ពិនិត្យ​នា​ថ្ងៃ​ទី​០១ កក្កដា នៅ​លើ​ដី​តំបន់​បឹង​ព្រែក​ទប់​នេះ គឺ​យោង​តាម​បណ្តឹង​របស់​ប្រជាពលរដ្ឋ​លោកស្រី ប៉ុ​ល ពិសី និង​លោក តេ​ង សួន  ប៉ុន្តែ​លទ្ធផល​យ៉ាងណា​នោះ​នៅ​ពុំ​ទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ រង់ចាំ​គណៈកម្មាធិការ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​អំពី​សាវតា​ដី ការ​កំណត់​ទំហំ​បឹង​ព្រែក​ទប់ និង​សាក្សី​អ្នកលក់​ឱ្យ​បាន​ពិត​ប្រាកដជា​មុន​សិន ព្រោះ​ទីតាំង​ដី​នេះ នៅ​ជាប់​បឹង​ព្រែក​ទប់ ហើយ​សុទ្ធតែ​មានការ​អះអាង រួម​ជាមួយ​សាក្សី​ដូច​គ្នា​នៅ​លើ​ទីតាំង​ដី​តែ​មួយ​។

ជុំវិញ​បញ្ហា​នេះ​ដែរ តំណាង​លោក តេ​ង សួន បាន​គូសបញ្ជាក់​ថា ទីតាំង​នេះ​ទំនាស់​នេះ គឺ​ភាគី​លោក​មាន​សាក្សី​ជា​ច្រើន​នៅ​ក្នុង​ក្រុងព្រះសីហនុ និង​ឯកសារ​ពាក់ព័ន្ធ​ជា​ច្រើន​ដែល​សុទ្ធតែ​បញ្ជាក់​ថា ដី​ទំនាស់​នេះ លោក តេ​ង សួន បាន​ទិញ​ពី​ប្រជាពលរដ្ឋ​នៅ​ចំណុច​នេះ​យ៉ាង​ពិតប្រាកដ ដោយ​មានការ​ទទួលស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន ព្រមទាំង​មាន​ឯកសារ​បង់ពន្ធ​ជូន​រដ្ឋ​ផង​ដែរ ឯ​ភាគី​លោកស្រី ប៉ុ​ល ពិសី វិញ គឺ​មាន​តែ​ឯកសារ​ទិញ​-​លក់ និង​លិខិតស្នើ​សុំ​សិទ្ធិ​កាន់កាប់​ដី រួម​ជាមួយ​សាក្សី​ម្នាក់​ឆ្លើយ​ក្នុង​ភាព​ស្រពិច​ស្រពិល​​តែ​ប៉ុណ្ណោះ ។ លោក​ទទួលស្គាល់​ថា លោកស្រី ប៉ុ​ល ពិសី ពិតជា​មាន​ដី​នៅ​តំបន់​នេះ​ពិតប្រាកដ​មែន ប៉ុន្តែ​មិនមែន​នៅ​លើ​ដី​លោក តេ​ង សួន នោះ​ទេ គឺ​នៅ​ក្បែរ​ៗ​នោះ ព្រោះ​តាម​ការ​ចង្អុល​ពី​សាក្សី​របស់​លោកស្រី គឺ​បញ្ជាក់​ថា ប្រហាក់ប្រហែល​នៅ​ចំណុច​ជាន់​លោក តេ​ង សួន ដែល​បញ្ជាក់​អំពី​ចម្លើយ​មិន​ច្បាស់លាស់​។

ដោយឡែក​លោកស្រី ប៉ុ​ល ពិសី វិញ​ក៏​បាន​អះអាង​ដែរ​ថា ក្នុង​នាមរូប​លោកស្រី​ជា​ម្ចាស់​ដី រួម​ជាមួយ​សាក្សី​របស់​លោកស្រី គឺ​លោកស្រី​មិន​ច្រឡំ​នោះ​ទេ បើ​ទោះបី​កាលពី​ជំនាន់​មុន​ទីតាំង​នេះ ពោរពេញ​ដោយ​ព្រៃ​ស្មៅ​យ៉ាងណា​ក្តី​។​ចំពោះ​ឯកសារ​ពាក់ព័ន្ធ​ដី​នេះ លោកស្រី​ក៏​មាន​គ្រប់គ្រាន់​ដែរ ដូចនេះ​លោកស្រី​សុំ​តែ​ម្យ៉ាង គឺ​យុត្តិធម៌​។

សូម​បញ្ជាក់​ផង​ដែរ​ថា បឹង​ព្រែក​ទប់​ប្រភព​ទឹក​ស្អាត​ប្រវត្តិសាស្ត្រ​របស់​ក្រុងព្រះសីហនុ​នេះ បើ​ទោះបីជា​មាន​បញ្ហា​ចម្រូង​ច​ម្រះ​ក្តៅ​គគុក​យ៉ាងណា​ក្តី ក៏​ដី​មួយ​ចំនួន​នៅ​ជុំវិញ​បឹង​នេះ ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន រួម​ជាមួយ​មន្ត្រី​ជំនាញ​សុរិយោដី បាន​ចេញ​ប័ណ្ណ​សម្គាល់​សិទ្ធិ​អចលនទ្រព្យ​ចំនួន​៣២​ប័ណ្ណ​រួច​ទៅ​ហើយ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​សុំ​សិទ្ធិ​កាន់​ជាង​១០០​គ្រួសារ ដែល​កន្លង​មក​មានការ​ចោទប្រកាន់​ថា ទូរលេខ​ចំនួន​ប្រជាពលរដ្ឋ និង​ការ​ចេញ​ប័ណ្ណ​សម្គាល់​សិទ្ធិ​អចលនទ្រព្យ​ទាំង​៣២​ប័ណ្ណ​នេះ គឺ​មាន​ភាព​មិន​ប្រក្រតី​៕