បិទ​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក ព្រោះ​ស្អុយ​ជះក្លិន​អា​សោចិ៍

ខេត្តបន្ទាយមានជ័យ ៖ ដើម្បី​សុខុមាលភាព​ប្រជាជន​ដែល​មាន​ទីលំនៅ​ជិត​កន្លែង​អាជីវកម្ម​កសិដ្ឋាន ចិញ្ចឹមសត្វ​ជ្រូក នៅ​ភូមិ​ជំទាវ ឃុំ​ប្ញ​ស្សី​ក្រោក ស្រុក​មង្គលបុរី  នៅ​ល្ងាច​ថ្ងៃ​ទី​០២ កក្កដា ២០១៦ ម្សិលមិញ លោក សួន បវរ អភិបាល​ខេត្តបន្ទាយមានជ័យ  បាន​ចាត់វិធានការ​តឹង​រឹង និង​ក្តៅ​គគុក​បិទ​ជីវ​កម្ម​កសិដ្ឋាន​ចិញ្ចឹមសត្វ​ជ្រូក​របស់​លោក ចៅ ឆុង ដែល​មា​នទី​តាំងនៅ​ភូមិ​ជំទាវ ឃុំ​ប្ញ​ស្សី​ក្រោក ស្រុក​មង្គល​បូ​រី ដោយ​ទុក​រយៈពេល​១៥​ថ្ងៃ ដើម្បី​ឲ្យ​ម្ចាស់​កសិដ្ឋាន​រក​ទីតាំង​ថ្មី​។

លោក​អភិបាលខេត្ត​ក៏​បាន​បញ្ជាក់​ថា កន្លែង​អាជីវកម្ម​របស់​លោក​ចៅ ឆុង នេះ ក្រោយ​ពី​បាន​ចុះ​កិច្ចសន្យា​ស្តី​ពី​ការ​កែសម្រួល​លក្ខណៈ​បច្ចេកទេស​គ្រប់គ្រង​សំណល់​រឹង រាវ និង​ក្លិន​ក្នុង​កសិដ្ឋាន​ចិញ្ចឹមសត្វ​ជ្រូក  ដើម្បី​ធានា​ឲ្យ​បាន​សម​ស្រប​នូវ​បរិស្ថាន និង​អនាម័យ នា​ថ្ងៃ​ទី​២៦ តុលា ២០១៥ កន្លង​មកនេះ រដ្ឋបាល​ខេត្តបន្ទាយមានជ័យ​បាន​ពិនិត្យ​ឃើញ​ថា កសិដ្ឋាន​របស់​លោក ចៅ ឆុង  ពុំ​បាន​អនុវត្ត​តាម​កិច្ចសន្យា ដែល​បាន​ចែង ហើយ​នៅ​តែ​ជះក្លិន​ស្អុយ​ធ្វើ​ឲ្យ​មានការ​ប៉ះពាល់​ដល់​បរិស្ថាន និង​សុខភាព​របស់​ប្រជា​ពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​ទីនោះ​។