ជឿ​គេ​ទាំង​ងងឹត​ងងុល អស់​១​ម៉ឺន​៦​ពាន់​ដុល្លារ​ទទេ

រាជធានី​ភ្នំពេញ ៖ រឿង​ហួសចិត្ត​មួយ​បាន​កើតឡើង​បន្ទាប់​ពី​ស្ត្រី​ចំណាស់​ម្នាក់ រួម​និង​កូនស្រី​ម្នាក់​ទៀត​បាន​ជឿជាក់​យ៉ាង​ងងឹត​ងងុល​ទៅ​លើ​ស្ត្រី​ជា​គ្រូទាយ​កំពូល​បោកប្រាស់​ម្នាក់​រហូត​ដល់​អស់​លុយ​១​ម៉ឺន​៦​ពាន់​ដុល្លារ​ទើប​មានការ​ភ្ញាក់ផ្អើល ប្ដឹង​នគរបាល​ឲ្យ​ជួយ​ឃាត់ខ្លួន​គ្រូទាយ​បោក​ម្នាក់​នោះ​ចាត់ការ​តាម​ផ្លុ​វ​ច្បាប់​កាលពី វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ក្នុងភូមិ​ប៉ប្រក​ខាងត្បូង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ជា​គ្រូទាយ​ម្នាក់​នោះ​ឈ្មោះ កាំ​ង បៀ​ង អាយុ​៣៥​ឆ្នាំ​រស់នៅ​ក្នុងភូមិ​ប៉ប្រក​ខាងត្បូង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​ភូមិ​ព្រៃខ្លា ឃុំ​ព្រៃខ្លា ស្រុក​កោះអណ្តែត ខេត្តតាកែវ ។ ចំណែក​ជន​រង​គ្រោះ​ដែល​ចាញ់បោក​គ្រូទាយ​ត្បាញ​អាយ​នោះ ស្ត្រី​ជា​ម្តាយ​ឈ្មោះ រិ​ទ្ធ ទូច អាយុ​៥៥​ឆ្នាំ មុខរបរ​លក់​បាយ និង​កូនស្រី​ឈ្មោះ សុខ ចាន់​ណា អាយុ​ជាង​៣៥​ឆ្នាំ បាន​ខាត​បង់លុយ​អស់​ចំនួន​១៦,០០០​ដុល្លារ​អា​មេ​រិ​ក ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ពេល​ដែល​ស្ត្រី​២​នាក់​ម្តាយ​និង​កូន​ទៅ​រក​គ្រួ​ទាយ​នោះ​ឲ្យ​ទាយ​ឲ្យ ដោយសារ​តែ​ជឿ​ងប់ងុល​ផង​នោះ​ធ្វើ​ឲ្យ​ស្ត្រី​ជា​គ្រូទាយ​បោកប្រាស់​នោះ​ឆ្លៀតឱកាស​បោកប្រាស់​បាន ដោយ​ប្រាប់​ថា នៅ​ក្នុងផ្ទះ​នោះ​មាន​កំណប់​ប៉ុន​ដូងទំ ហើយ​ជំងឺ​ក៏​អាច​ជា​ដែរ ។ បន្ទាប់​មក​គ្រូទាយ​បោកប្រាស់​នោះ​ក៏​បង្គាប់​ឲ្យ​រៀបចំ​ដាក់​រណ្ដាប់​សម្រាប់​ថ្វាយ​គ្រូ​ចំនួន​៧.០០០​ដុល្លារ តាម​អាយុ​របស់​ឈ្មោះ កែវ ច​ន អាយុ​៧០​ឆ្នាំ ដែល​ប្តី និង​ជា​ឪពុក តែ​ពេល​ដែល​ជីក​មិន​បានឃើញ​កំណប់​នោះ​ទេ បន្ទាប់​មក​គ្រូទាយ​បោកប្រាស់​រូប​នោះ​បាន​បង្គាប់​រៀបចំ​ដ​ង្វា​យ​សរុប​ទាំងអស់​១៦.០០០​ដុល្លារ​(​បូក​អាយុ​ទាំង​៣​នាក់​បញ្ចូល​គ្នា​) ពេល​ជីក​ទៅ​ក៏​ប្រទះ​ឃើញ​ចម្លាក់​ត្រី​រ៉ស់​២​ក្បាល ដែល​ទំនង​គ្រូទាយ​នោះ​យក​ទៅ​កប់​លាក់​ទុក​ក្នុង​ដី​ត្រង់​កន្លែង​ជីក​កំណប់​នោះ​ជា​មុន​រួច​ស្រេច ។ ភ្លាម​ៗ​នោះ​គ្រូទាយ​បាន​បង្គាប់​ឲ្យ​ជន​រង​គ្រោះ​យក​រូបចម្លាក់​ត្រី​នោះ​ទៅ​ដាក់​ត្រាំ​ទឹក​អាស៊ីត ប៉ុន្តែ​ខណៈ​ពេល​កំពុងត្រាំ​រូបចម្លាក់​ត្រី​ក្នុង​ទឹក​អាស៊ីត ។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា គាប់​ជួន​ពេល​នោះ​មាន​បុរស​ម្នាក់​ឈ្មោះ សន កែវ អាយុ​២៤​ឆ្នាំ ជា​បុគ្គលិក​ធនាគារ បាន​ទៅ​មើល​ដែរ ហើយ​បានឃើញ​សកម្មភាព​បែប​នេះ​យល់​ថា ក្រុម​គ្រួសារ​ខាងលើ​កំពុង​តែ​ចាញ់បោក​គ្រូទាយ​ម្នាក់​នោះ ក៏​បាន​ជួយ​ប្តឹង​សមត្ថកិច្ច​នគរបាល​ឲ្យ​ជួយ​អន្តរាគមន៍​ចុះ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នេះ​តែ​ម្តង ទើប​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ខាងលើ​ភ្លឺភ្នែក និង ដឹងខ្លួន​ថា ត្រូវ​ចាញ់បោក​គ្រូទាយ​នោះ ។

នគរបាល​ព្រហ្មទណ្ឌ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ឲ្យ​ដឹង​ថា ពិតជា​មានការ​ឃាត់ខ្លួន​គ្រូទាយ​បោកប្រាស់​បាន​ម្នាក់​មែន បន្ទាប់​ពី​បោក​លុយ​ជន​រង​គ្រោះ​ខាងលើ​អស់​១៦.០០០​ដុល្លារ ហើយ​ក្រោយ​ពេល​ឃាត់ខ្លួន មិន​បាន​ដកហូត​លុយ​ដែល​បាត់បង់​នោះ​ជូន​ជន​រង​គ្រោះ​វិញ​ឡើយ ព្រោះ​ជនសង្ស័យ​បាន​យក​ទៅ​ចាយវាយ​អស់ហើយ ។ មិនតែប៉ុណ្ណោះ​មាន​ជន​រង​គ្រោះ​ច្រើន​នាក់​ទៀត​ដែល​ធ្លាប់​ចាញ់បោក​ជន​នោះ​បាន​ទៅ​ដាក់​ពាក្យ​ប្ដឹង​ដែរ ក្នុង​នោះ​មាន​ម្នាក់​អះអាង​ថា បាន​ធ្លាប់​ចេញ​បោក​ជន​នេះ​អស់​ចំនួន​១២.០០០​ដុល្លារ ដោយ​វិធី​បោក​គឺ​ប្រើ​ស្ទីល​តែ​មួយ ហើយ​មាន​ខ្លះ​ទៀត​ជា​នគរបាល និង​អាវុធហត្ថ​ផង​ទៀត​ផង ។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​កំពុង​សាកសួរ និង កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់ ៕