​លោក​កឹម សុខា មិន​ចូលខ្លួន​ឆ្លើយបំភ្លឺ​ក្នុង​សវនាការ​សាលាឧទ្ធរណ៍​នៅ​ថ្ងៃទី​៤ កក្កដា ទេ

ភ្នំពេញ:
 សាលាឧទ្ធរណ៍​នឹង​បើកសវនាការ​លើ​សំណុំរឿង​លោក​កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៦ ស្អែក​នេះ ពាក់ព័ន្ធ​ការបដិសេធ​មិន​ចូលខ្លួន​ឆ្លើយបំភ្លឺ​ក្នុងនាម​ជា​សាក្សី​រឿង​សញ្ចារកម្ម ដែលមាន​កញ្ញា ខុម ច័ន្ទដារ៉ា​ទី ជា​ជនរងគ្រោះ​។ ប៉ុន្តែ​មន្ត្រីជាន់ខ្ពស់​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា លោក​កឹម សុខា មិន​ទៅ​ចូលខ្លួន​នៅក្នុង​សវនាការ​នោះទេ​។​

​លោក​ហ៊ឹង ប៊ុន​ជា ព្រះរាជអាជ្ញា​នៃ​មហាអយ្យការ​អម​សាលាឧទ្ធរណ៍ កាលពី​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៦ បាន​កោះហៅ​លោក​កឹម សុខា ឲ្យ​ចូលខ្លួន​ក្នុង​សវនាការ​នៅ​ថ្ងៃទី​៤ ខែកក្កដា វេលា​ម៉ោង​៨​ព្រឹក ដើម្បី​ជំនុំជម្រះ​ពីបទ​បដិសេធ​ក្នុងការ​ចូលខ្លួន​។​
​សមាសភាព​ចៅក្រម​ជំនុំជម្រះ​មានដូចជាៈ លោក​ផូ ពៅ​ស៊ុន លោក​ងួន អ៊ី​ម លោក​សួស សំអាត និង​លោក​ហ៊ឹង ប៊ុន​ជា ព្រះរាជអាជ្ញា​។​

​លោក​សំ សុ​គង់ មេធាវី​ការពារ​លោក​កឹម សុខា បាន​ថ្លែង ថា សវនាការ​របស់​សាលាឧទ្ធរណ៍​នេះ គឺ​ទាក់ទង​ករណី​ក្រុម​មេធាវី​ការពារ​សិទ្ធិ និង​ផលប្រយោជន៍​ស្របច្បាប់​ឲ្យ​លោក​កឹម សុខា ប្តឹងទៅ​សភា​ស៊ើបសួរ​នៅ​សាលាឧទ្ធរណ៍ កាលពី​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៦ ក្នុង​សំណុំរឿង​មោ​ឃៈ​នីតិវិធី គឺ​នៅ​ក្នុងករណី​មិន​ចូលខ្លួន​តាម​ការកោះហៅ និង​ប្តឹង​សុំ​មិន​ទទួលយក និង​សុំ​ឲ្យ​លុបចោល​កិច្ចការ​របស់​សមត្ថកិច្ច​ធ្វើ​កន្លងមក ក៏ដូចជា​តុលាការ​ក្រុងភ្នំពេញ​។​

​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹងថា លោក​កឹម សុខា មិន​ទៅ​ចូល​សវនាការ​របស់​សាលាឧទ្ធរណ៍​នា​ថ្ងៃទី​៤ កក្កដា នោះទេ​។

​សូមជម្រាបថា លោក​កឹម សុខា មិនបាន​ចូលខ្លួន​ឆ្លើយបំភ្លឺ ចំនួន​ពីរលើក​ហើយ ដោយ​លើក​ទី​១ នៅ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៦ ពាក់ព័ន្ធ​អំពើ​ពេស្យាចារ និង​លើក​ទី​២ នៅ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៦ ពាក់ព័ន្ធ​អំពើ​សញ្ចារកម្ម​។ នៅក្នុង​សំណុំ​រឿងនេះ ក៏មាន​ការជាប់​ពាក់ព័ន្ធ ជាមួយ​តំណាងរាស្ត្រ​ពីររូប របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក​ពិន រតនា និង​លោក​តុ វ៉ាន់​ចាន់ ដែល​បាន​នាំ​កញ្ញា ខុម ចាន់​ដា​រ៉ា​ទី ទៅ​ថៃ ជួប​ជាមួយ​លោក​កឹម សុខា​៕s​/e