ដឹង​ទេ? ហេតុ​អ្វី អម្ពរ ទេវី មក​ពី​អា​មេ​រិ​ក​ចូលរួម​សម្តែង​ជា​ថ្មី?

រាជធានី​ភ្នំពេញ ៖ អ្នក​នាង អម្ពរ ទេវី នឹង​មក​ពី​អា​មេ​រិ​ក​ដើម្បី​ចូលរួម​សម្តែង​ក្នុង​ខ្សែភាពយន្ត​នេះ​នា​ថ្ងៃ​ទី​១៤ ខែសីហា​ខាង​មុខ​នេះ  ដំណឹង​នេះ​បាន​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​ទស្សនិកជន ។

បន្ទាប់​ពី​អ្នកស្រី​ពាន់ ភួង​បុប្ផា ដែល​ចុះ​កិច្ចសន្យា​សហការ​ផលិតភាព​យន្ត​ជាមួយ​ផលិតកម្ម​ថោ​ន អះអាង​ថា អ្នក​នាង​អម្ពរ ទេវី នឹង​ចូលរួម​សម្តែង​ក្នុង​រឿង «​ទឹកចិត្ត​ម្តាយ​សម័យ​ថ្មី​» ដោយ​ចាប់ផ្តើម​ថត​ចាប់ពី​ថ្ងៃ​ទី​១៨ ខែសីហា រហូត​ដល់​ថ្ងៃ​ទី​២៧ សីហា អ្នក​នាង​អម្ពរ ទេវី នឹង​ត្រឡប់​ទៅ​អា​មេ​រិ​ក​វិញ

កាលពី​ពេល​ថ្មី​ៗ​កន្លង​មក អ្នកស្រី ពាន់ ភួង​បុប្ផា បញ្ជាក់​ថា អ្នក​នាង អម្ពរ ទេវី គឺជា​តួ​សំខាន់​ក្នុង​រឿង​«​ទឹកចិត្ត​ម្តាយ​សម័យ​ថ្មី​» ដោយ​ត្រូវ​សម្ដែង​ជា​តួ​ជំទាវ​ជាមួយ​លោក ទេព រិ​ន​ដា​រ៉ូ ។ ដោយសារ​តែ​ផលិតកម្ម​ថោ​ន​ដែល​ជា​អ្នក​បោះទុន​ផលិត មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ខ្លាំង ហើយ​រឿង «​ទឹកចិត្ត​ម្តាយ​សម័យ​ថ្មី​» មានការ​ចូលរួម​សម្តែង​ពី​អ្នក​នាង​អម្ពរ ទេវី ដែល​នៅ​មាន​ប្រជាប្រិយភាព​ក្នុង​ស្រទាប់​មហាជន​នោះ អ្នកស្រី​បុប្ផា មាន​ជំនឿ​ថា នឹង​ស្រូប​ទាញ​បាន​ទស្សនិកជន​ច្រើន ។

កិត្តិ​ស័ព្ទ​របស់​តារា​ស្រី អម្ពរ ទេវី គឺជា​អ្វី​ដែល​ផលិតករ​ចង់ឱ្យ​ចូលរួម​សម្ដែង​ជា​តួឯក ហើយ​អ្នកស្រី ពាន់ ភួង​បុប្ផា យល់​ថា ជា​កិត្តិយស​របស់​អ្នកស្រី​ផង​ដែរ ដែល​អ្នក​នាង អម្ពរ ទេវី ទទួល​សម្តែង​ក្នុង​រឿង «​ទឹកចិត្ត​ម្តាយ​សម័យ​ថ្មី​» ។

អ្នកស្រី​ពាន់ ភួង​បុប្ផា ឱ្យ​ដឹង​ថា «​អ្នក​នាង​អម្ពរ ទេវី ទទួល​ថត​រឿង ទឹកចិត្ត​ម្ដាយ​សម័យ​ថ្មី គឺ​ដោយសារ​តែ​ហេតុផល​ជំពាក់​សម្ដី និង​ជឿជាក់​លើ​ស្នាដៃ​ផលិត​របស់ខ្ញុំ​ប៉ុណ្ណោះ បើ​សម្អាង​រឿង​ផ្សេង​គឺ អម្ពរ ទេវី មិន​ទទួល​ថត​ទេ នៅ​ក្នុង​កាលៈទេសៈ​ដែល​នាង​រវល់​នឹង​ការងារ​ក្រុមហ៊ុន​នៅ​អា​មេ​រិ​ក​នេះ ។ ពី​មុន អម្ពរ ទេវី និង​ខ្ញុំ​ធ្លាប់​ទាក់ទង​គ្នា​ជិតដិត​ដែរ កាលពី​អតីតកាល​ផ្ទះ​គាត់​នៅ​ជិត​ផ្ទះ​ខ្ញុំ​ម្តុំ​ទួល​ស្វាយព្រៃ ។ គ្រានោះ ទេវី គាត់​តែង​ពោល​ថា បើ​ទោះ​ខ្ញុំ​ទៅ​នៅ​អា​មេ​រិ​ក​ក៏​ដោយ ឲ្យ​តែ​អ្នក​មីង​ត្រូវការ ខ្ញុំ​នឹង​ត្រឡប់​មក​សម្តែង​ជូន​អ្នក​មីង​វិញ ។ ជាក់ស្តែង ខ្ញុំ​មើលទៅ​ក្នុង​សាច់​រឿង​នេះ​មាន​ម្តាយ​បី​នាក់ គឺ​ឋានៈ​ទី​១ ម្តាយ​មាន​ងារ​ជា​ជំទាវ​ធ្លាក់​លើ អម្ពរ ទេវី ។ ខ្ញុំ​រក​តួ​ស្រុក​ខ្មែរ​អត់​មាន តួ​ខ្លះ​សម្តែង​មិនសូវ​ស័ក្តិសម ព្រោះ​តួ​ខ្លះ​ត្រូវ​មានឈ្មោះ​ដែរ ។ អ៊ីចឹង​ហើយ​ទើប​គិត​ចុះឡើង​គាត់​ក៏​ទាក់ទង​តាម​ទូរស័ព្ទ​ទៅ គាត់​ក៏​សប្បាយចិត្ត ព្រម​ទទួល យើង​ក៏​រីករាយ​ដែរ​នៅ​ពេល​គាត់​អូ​ខេ ថា​សម្តែង ដោយសារ​ជឿ​មក​លើ​ស្នាដៃ​ខ្ញុំ ។ អម្ពរ ទេវី ថា ប្រសិនបើ​មិនមែន​ជា​អ្នក​មីង​ទេ ខ្ញុំ​អត់​សម្តែង​ទេ ទោះជា​តម្លៃ​ប៉ុន្មាន​ក៏​ដោយ ។ អ៊ីចឹង​សូម​ផ្ញើ​ស្នាដៃ​របស់ អម្ពរ ទេវី ជូន​បងប្អូន​យើង​ដែល​គាត់​ត្រឡប់​មក​វិញ ហើយ​ប៉ះ​ជាមួយ​ដៃគូ​ចាស់ ទេព រិ​ន​ដា​រ៉ូ ដែល​យើង​ខកខាន​ឃើញ​យូរ​មក​ហើយ​» ៕