ស្ត្រី​ស្រវឹង​ខួប​ ចុះ​ដក​ព្រលឹត​ ត្រូវ​លង់ទឹក​ស្លាប់

ស្ត្រី​ស្រវឹង​ខួប​ ចុះ​ដក​ព្រលឹត​ ត្រូវ​លង់ទឹក​ស្លាប់



បាត់ដំបង ​៖ ​ស្ត្រី​ម្នាក់​ ដែល​គេ​ដឹង​ថា​ជា​មនុស្ស​ញៀន​ស្រា បាន​លង់ទឹក​ស្លាប់​នៅក្នុង​ស្រះ​មួយកន្លែង ដែល​បង្កឲ្យមាន​ការ​ភ្ញាក់ផ្អើល ខណៈដែល​ស្ត្រី​រូបនេះ​បាន​ចុះទៅ​ដក​ដើម​ព្រលឹត ហើយ​បាន​ទន់​ជើង​លង់​ក្នុង​ទឹកស្រះ​នោះ​ស្លាប់​តែម្តង។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០១៦ វេលា​ម៉ោង​៥និង​១៥​នាទី​ល្ងាច ត្រង់​ចំណុច​ស្រះ​ទឹក​មួយ​កន្លែង​ក្នុង​តំបន់​កូនភ្នំ​៣២ ​ស្ថិត​ក្នុង​ភូមិ​កូនភ្នំ​ខាងជើង​ ឃុំ​តា​ស្តា​ ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង ដែល​នៅ​ទីនោះ​សំបូរ​ដោយ​ដើម​ព្រលឹត​ដុះ​ព្រោងព្រាត។

យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ដែល​លង់​ក្នុង​ទឹកស្រះ​ស្លាប់​នេះ​មាន​ឈ្មោះ ភាស់ អាយុ​៣៥​ឆ្នាំ ស្នាក់នៅ​បណ្ដោះអាសន្ន​ក្នុង​ភូមិ​គីឡូ​១៣​ ឃុំ​សន្តិភាព ​ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង ដោយ​ស្ត្រី​រូប​នេះ​ជា​មនុស្ស​ចូលចិត្ត​ផឹក​ស្រា​ជាប់​ជាប្រចាំ។

ប្រភព​ដដែល​បាន​បន្ត​ថា ជា​រៀងរាល់ថ្ងៃ ​គឺ​គេ​តែងតែ​ដើរ​តាម​វាលស្រែ ឬ​តាម​បឹងបួ​​ដើម្បី​បេះ​បន្លែ និង​ដក​ព្រលឹត​យក​ទៅ​លក់​ ប៉ុន្តែ​នៅ​មុន​ពេល​កើតហេតុ​គឺ​គេ​បាន​ឃើញ​ស្ត្រី​រូប​នេះ​ផឹក​ស្រា​អស់​ក្រែល​ដែរ​ហើយ ទើប​គេ​បាន​ចេញ​ទៅ​រក​ដក​ព្រលឹត រហូត​ដល់ពេល​កើតហេតុ​ទើប​មានការ​ភ្ញាក់ផ្អើល ដោយសារតែ​គេ​បាន​ប្រទះឃើញ​ស្ត្រី​រងគ្រោះ​បាន​លង់​ក្នុង​ទឹកស្រះ​ស្លាប់​បាត់​ទៅ​ហើយ។

ក្រោយពេល​កើតហេតុ​គឺ​ក្រោយ​ពេល​ដែល​កម្លាំង​ជំនាញ​បានធ្វើការ​ត្រួតពិនិត្យ​ទៅលើ​សព​ ដោយ​យល់​វា​មិន​មាន​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​ទេ​នោះ ទើប​សមត្ថកិច្ច​បាន​យក​សព ទៅ​តម្កល់ទុក​នៅ​វត្ត អូរ​ជុំ រង់ចាំ​ក្រែង​មាន​សាច់ញាតិ​មក​ទទួលយក​ទៅធ្វើ​បុណ្យ៕
ស្ត្រី​ស្រវឹង​ខួប​ ចុះ​ដក​ព្រលឹត​ ត្រូវ​លង់ទឹក​ស្លាប់