ករណី​ចាក់​ដី​លុប​ប្រឡាយ​ទឹក​ ត្រូវ​បាន​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី​កែ​ គឹមយ៉ាន​ បញ្ជា​ឲ្យ​កាយ​យក​ដី​ចេញ​វិញ

ករណី​ចាក់​ដី​លុប​ប្រឡាយ​ទឹក​ ត្រូវ​បាន​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី​កែ​ គឹមយ៉ាន​ បញ្ជា​ឲ្យ​កាយ​យក​ដី​ចេញ​វិញ

បន្ទាយមានជ័យ ​៖ ​ក្រុម​ឈ្មួញ​មួយ​ក្ដាប់​តូច​ និង​មន្ត្រី​ខិលខូច​មួយ​ចំនួន​ទៀត​ បាន​លួច​​ឃុបឃិត​គ្នា​ចាក់​ដី​លុប​​​ប្រឡាយ​ដើម្បី​ធ្វើជា​​កម្មសិទ្ធិ។ ប៉ុន្តែ​ពេល​នេះ​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី​កែ ​គឹមយ៉ាន​ប្រធាន​ក្រុម​ការងារ​ចុះ​ជួយ​ខេត្ត​បន្ទាយមានជ័យ ​បាន​បញ្ជា​ឲ្យ​អស់​លោក​ទាំង​នោះ​ប្រញាប់​រួសរាន់​កាយ​ដី​ចេញពី​ប្រឡាយ​ឲ្យ​បាន​ឆាប់​បំផុត​កុំ​ឲ្យ​ឈឺ​ខ្លួន​ទាន់។

សូម​បញ្ជាក់​ថា​ ​​ប្រឡាយ​ទឹក​បុរាណ​មួយ​កន្លែង​​​ស្ថិត​នៅ​ស្ពាន​ទី​មួយ​ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ​ពី​បន្ទាយមានជ័យ​ទៅ​ខេត្ត​សៀមរាប ​ក្នុង​ភូមិសាស្ត្រ​សង្កាត់​កំពង់ស្វាយ ​ក្រុង​សិរីសោភ័ណ ​ខេត្ត​បន្ទាយមានជ័យ​​ ​ត្រូវ​បាន​គេ​លួច​​ឃុបឃិត​​គ្នា​យក​ដី​មក​ចាក់​លុប​ស្ទើរ​៩០​​ភាគរយ​​ទៅ​ហើយ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ ​​ករណី​​ខាង​លើ​ ​មាន​ការ​លួច​ស៊ីញេ​ពី​ថ្នាក់​មូលដ្ឋាន​ដល់​មន្ត្រី​ជំនាញ​រហូតដល់​ថ្នាក់​ខេត្ត​ជូន​ទៅ​បង​ឈ្មួញ​ ដែល​មាន​លុយ​ក្រាស់​ៗ​សម្រាប់​ធ្វើជា​កម្មសិទ្ធិ។ ប្រឡាយ​ទឹក​ខាង​លើ​នោះ​គឺ​ជា​ផ្លូវ​មុខទឹក​ដ៏​សំខាន់​សម្រាប់​បញ្ចៀស​ទឹកជំនន់​ក្នុង​រដូវវស្សា​ តែ​បើ​គ្មាន​ប្រឡាយ​ទឹក​​​នោះ​ទេ​ ​ទឹកជំនន់​វា​អាច​ធ្វើ​ឲ្យ​ក្រុង​សិរីសោភ័ណ​ទាំងអស់​រង​នូវ​ការ​លិច​លង់​ជា​មិន​ខាន​ឡើយ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ​រឿង​គេ​នាំគ្នា​ចាក់​ដី​លុប​ប្រឡាយ​ទឹក​នោះ​បាន​ឮ​ដល់​ឯកឧត្ដម​កែ​គឹមយ៉ាន ​ខណៈ​ដែល​ឯកឧត្ដម​បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​បុណ្យផ្កា​ប្រាក់​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​កាលពី​ថ្ងៃ​ទី​២​និង​ទី​៣​ ខែ​កក្កដា ​ឆ្នាំ​២០១៦​នេះ។ គ្រាន់តែ​ឯកឧត្ដម​បាន​ទទួល​របាយការណ៍​ភ្លាម​​ ក៏​បាន​ចុះ​ពិនិត្យ​​​ ហើយ​ក៏​ដាក់​បទបញ្ជា​ឲ្យ​អ្នក​ពាក់ព័ន្ធ​​ទាំងអស់​ប្រញាប់​កាយ​ដី​ចេញពី​ប្រឡាយ​ជាបន្ទាន់ ​ពុំ​នោះ​ទេ​អាច​នឹង​ប្រឈមមុខ​ច្បាប់​ជា​មិន​ខាន ​ពីព្រោះ​ឯកឧត្ដម​យល់ថា​វា​ជា​រឿង​គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ​សម្រាប់​ពលរដ្ឋ​នៅ​ទូទាំង​ខេត្ត​ ដោយសារ​តែ​អស់​មុខទឹក​ទៅ​ហើយ​ ដូច្នេះ​នៅ​ពេល​ទឹកជំនន់​មក​ម្តង​ៗ​ហើយ​គ្មាន​ប្រព័ន្ធ​បង្ហូរ​ទឹក​នោះ ​​​វា​នឹង​លិច​ផ្ទះ​អ្នក​ស្រុក​ជា​មិន​ខាន​ឡើយ៕