រាំ​ជាន់​ជើង​គ្នា​ក្នុង​ក្លឹ​ប កាប់​ច្រើន​កាំបិត​របួសធ្ងន់​ម្នាក់

ខេត្តកំពត ៖ មាន​ករណី​បង្ក​របួស​ស្នាម​នៅ​ក្នុង​ក្លឹ​បរាំមួយ​កន្លែង ដែល​មានឈ្មោះ​ក្លឹ​ប​ដ្រា​ហ្គ​ន ក្លឹ​ប​នេះ​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត​។ បើ​តាម​សម្ដី​របស់​មន្ត្រី​កម្លាំង​កង​រាជ​អាវុធ​ខេត្ត​បាន​បង្ហើប​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០១៦ មាន​ករណី​ហិង្សា​បាន​កើតឡើង​នៅ​ចំណុច ក្លឹ​ប​ដ្រា​ហ្គ​ន ស្ថិត​ក្នុងភូមិ​សង្កាត់​ខាងលើ បង្ក​ដោយ​ជនសង្ស័យ​មួយ​ក្រុម​មិន​ស្គាល់​អត្តសញ្ញាណ​បាន​យក​វត្ថុ​រឹង​កាប់​ប្រហារ​លើ​ជន​រង​គ្រោះ​ឈ្មោះ ស៊ា​ន រតនៈ ភេទ​ប្រុស អាយុ​២២ ឆ្នាំ មុខរបរ​ជា​យោធា​ជើង​ទឹក ប្រចាំការ​នៅ​ភូមិ​កំពង់​ត្រៀក ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ បណ្តាល​ឲ្យ​រង​របួស​ក្បាល​យ៉ាងធ្ងន់ធ្ងរ ហើយ​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្នំពេញ​ភ្លាម​ៗ​។

លោក​វរៈសេនីយទោ ហែម ច​ន្ទ័​ដា​រ៉ា មេបញ្ជាការ​រង និង​ជា​ប្រធាន​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជុំវិញ​ករណី​កើតឡើង​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​ខាងលើ បើ​តាម​ប្រភព​ពី​ក្នុង​ក្លិប​បាន​ឲ្យ​លោក​ដឹង​ថា មក​ពី​រាំ​ឈាន់​ជើង​គ្នា​ទើប​បង្ក​ឲ្យ​មាន​ជម្លោះ​កាប់​ចាក់​គ្នា​បណ្តាល​រង​របួស​ភាគី​ម្ខាង​ៗ ចំណែក​ជន​បង្ក គឺ​ភាគច្រើន​ជា​មនុស្ស​ញៀន​ថ្នាំ ពេល​បង្ក​បញ្ហា​មាន​របួស​ស្នាម​ហើយ​ពួក​បាន​រត់គេច​ខ្លួន​បាត់ ហើយ​កម្លាំង​កងរាជអាវុធហត្ថ​របស់​លោក​កំពុង​ស្រាវជ្រាវ​មុខសញ្ញា​ជន​ដែល​បង្ក​នេះ​។ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ ២០១៦​នេះ​កម្លាំង​សមត្ថកិច្ច​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត​កំពុង​តាម​ប្រមាញ់​ស្រាវជ្រាវ​រក​ជន​បង្ក​មិន​ទាន់​ឃើញ​នៅឡើយ​ទេ ។ ប៉ុន្តែ​ទោះបី​យ៉ាងណា​សមត្ថកិច្ច​បាន​ប្តេជ្ញា​ចិត្ត​ថា​នឹង​ស្រាវជ្រាវ​រក​ឲ្យ​ឃើញ​ដើម្បី​ចាប់​ឃាត់ខ្លួន​មក​ផ្ត​ទ្ទា​ទោស​ឲ្យ​ខាង​តែ​បាន​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​។

គួរ​រំលឹក​ផង​ដែរ​ថា ក្លឹ​ប​ដ្រា​ហ្គ​ន​នេះ​ធ្លាប់​មាន​បញ្ហា​កាប់​ប្រហារ​រវាង​អ្នក​រាំ​នៅ​ក្នុង​ក្លឹ​ប មាន​រហូត​ដល់​ស្លាប់ ក៏​ធ្លាប់​មាន​ដែរ​នា​ពេល​កន្លង​មកនេះ​។ ហើយ​ម្យ៉ាងវិញទៀត ក្លឹ​ប​នេះ​ប្រជុំ​ដោយ​ក្មេង​ទំនើង ដែល​ប្រើប្រាស់​គ្រឿងញៀន​ទៀត​ផង​។ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ក្លឹ​ប​នេះ សុំ​សំណូមពរ​ដល់​អាជ្ញាធរ និង​ស្ថា​ប​ន័​មាន​សមត្ថកិច្ច​មេត្តា​ជួយ​ពិនិត្យ និង​តាមដាន​សកម្មភាព​ក្មេង​ទំនើង និង​ជន​ប្រើប្រាស់​គ្រឿងញៀន​ដែល​ចូល​មក​រាំ​លេង​ក្នុង​ក្លឹ​ប​ហើយ​បង្ក​អសន្តិសុខ​ជា​ញឹកញាប់​ធ្វើ​ឲ្យ​ពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​មានការ​ព្រួយ​បារ​ម្ម​ណ៍​ខ្លាំង​ថែម​ទៀត​ផង​៕