ពលរដ្ឋ​​​ប្រតិកម្ម​ចំពោះ​លោក​គាន ​រឿន ​ដែល​​យក​ដី​សាធារណៈ​ធ្វើ​កម្មសិទ្ធិ​ក្នុង​រូបភាព​សុំ​ធ្វើ​អាជីវកម្ម

ពលរដ្ឋ​​​ប្រតិកម្ម​ចំពោះ​លោក​គាន ​រឿន ​ដែល​​យក​ដី​សាធារណៈ​ធ្វើ​កម្មសិទ្ធិ​ក្នុង​រូបភាព​សុំ​ធ្វើ​អាជីវកម្ម



ព្រៃវែង ​៖ ​ប្រជាពលរដ្ឋ​​​រស់នៅ​ក្នុង​ភូមិ​ព្រៃ​ព្រហ្ម ឃុំ​ពោធិ៍​ទី ស្រុក​ស៊ីធរកណ្ដាល ខេត្ត​ព្រៃវែង​ បាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ ខណៈ​ដី​សាធារណៈ​មួយ​កន្លែង​នៅ​ចំណុច​ (​តា​បឹង )​ខាង​កើត​ភូមិ​ព្រៃ​ព្រហ្ម​ ឃុំ​ពោធិ៍​ទី ស្រុក​ស៊ីធរ​កណ្ដាល ខេត្ត​ព្រៃវែង​ ត្រូវ​បាន​លោក​គាន រឿន យក​ធ្វើជា​កម្ម​សិទ្ធិ​ផ្ទាល់ខ្លួន​ក្រោម​រូបភាព​​សុំ​​ធ្វើ​អាជីវកម្ម។

ប្រជាពលរដ្ឋ​អះអាង​ប្រាប់​អ្នក​យក​ព័ត៌មាន​​កម្ពុជា​ថ្មី​​​​ថា​ ដី​ខាង​​លើ​ជា​ដី​សាធារណៈ​រួម ពុំ​មែន​ជា​ដី​កម្ម​សិទ្ធិ​របស់​នរណា​ម្នាក់​ឡើយ ​គឺ​នៅ​ចំណុះ​ឲ្យ ​ភូមិ​ព្រៃ​ព្រហ្ម នេះ​តែម្ដង តែ​ត្រូវ​បាន​លោក​គាន​ ​រឿន​រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន។ កាលពី​មុន​បុគ្គល​នេះ​គឺ​គ្រាន់តែ​សុំ​ធ្វើ​អាជីវកម្ម​ឡឥដ្ឋ​លើ​ដី​នោះ​ទេ តែ​ឥឡូវ​បែរ​ជា​មក​អាងយ៉ាង​កាន់កាប់​ដី​នោះ​ទាំង​បំពាន​ ខណៈ​ឡឥដ្ឋ​របស់​ខ្លួន​ឈប់​ដំណើរការ​ជា​យូរ​ឆ្នាំ​មក​ហើយ​នោះ។

ពលរដ្ឋ​បាន​អស់​សង្ឃឹម​ ខណៈ​ពួកគាត់​ប្ដឹង​និង​តវ៉ា​ជាច្រើន​ដង​ហើយ​នៅតែ​ពុំបាន​លទ្ធផល​សោះ​ដោយ​លេចឮ​ពី​អាជ្ញាធរ​មួយ​ចំនួន​ថា ខាង​អ្នក​រំលោភ​យក​ដី​នោះ​ មាន​ខ្នង​ជា​អ្នក​ធំ​ហើយ​មើល​ទៅ​បាន​ជា​ពួកគាត់​មិន​ដែល​ទទួល​បាន​លទ្ធផល​នៃ​ការ​តវ៉ា​បែបនេះ។

ឆ្លើយតប​នឹង​បញ្ហា​នេះ​ដែរ លោក ញ៉​ក់ យ៉េន មេភូមិ​ព្រៃ​ព្រហ្ម បាន​អះអាង​ថា​ ដី​ដែល​លោក គាន រឿន កាន់កាប់​នោះ​ពីមុន​គឺ​ពិតជា​ដី សាធារណៈ​មែន ដោយ ឈ្មោះ គាន រឿន​នោះ ​បាន​សុំច្បាប់​ធ្វើ​អាជីវកម្ម​លើ​ដី​នោះ​ដើម្បី​ធ្វើ​ឡឥដ្ឋ។ លោក​បញ្ជាក់​ទៀត​ថា អ្នក​សុំ​ធ្វើ​អាជីវកម្ម​ទាំង​នោះ​មាន ៣​ទៅ​៤​ម្ចាស់​ដែរ ​ តែ​ម្ចាស់​ផ្សេងទៀត​គេ​មិន​យក​ដី​នោះ​ទេ ​ក្រោយពី​ឈប់​ធ្វើ​អាជីវកម្ម​គេ​ដើរចេញ​មិន​មាន​បញ្ហា​នោះ​ទេ។

ចំណែក​ឯ លោក ភ​ត្រា ជា​កូន​របស់​លោក គាន រឿន បាន​អះអាង​ថា លោក​មាន​​ប្លង់​កាន់កាប់​ត្រឹមត្រូវ ពី​រដ្ឋ តែ​លោក​ក៏បាន​ទទួលស្គាល់​ដែរ​ថា ដី​នោះ​ពីមុន​ជា​ដី​រដ្ឋ​ប្រាកដ​មែន​ តែ​លោក​បាន​ធ្វើ​អាជីវកម្ម​យូរ​ហើយ។ លោក​បាន​បញ្ជាក់​ទៀត​ថា បើ​រដ្ឋ​ត្រូវ​ការ​យក​ចុះ​ តែ​បើ​ពលរដ្ឋ​មក​ទាមទារ​យក​នោះ​ លោក​មិន​ព្រម​ឲ្យ​ទេ។

ចំណែក​លោក​មេឃុំ​វិញ​ក៏បាន​ទទួល​ស្គាល់​ដែរ​ថា ​ដី​នោះ​គឺជា​ដី​សាធារណៈ​ពីមុន ពិតមែន តែ​លោក​បាន​ពាក់ព័ន្ធ​បន្តិច​ខ្លះ​ដែរ​នៅ​ឆ្នាំ​២០០៨ ​ដោយ​ចារ​បញ្ជូន​ទៅ​ឲ្យ​ជំនាញ។ ប្រភព​ពី​លោក​យូ ជឿន ក្រុម​ប្រឹក្សា​ស្រុក​វិញ​បាន​ឲ្យ​ដឹង​ថា ​ពលរដ្ឋ​បាន​ផ្ទុះ​ការ​តវ៉ា ​ខណៈ​ដែល​លោក​ គាន ​រឿន ​បាន​យក​គ្រឿងចក្រ​មក​ឈូស​ឆាយ​ដី​នោះ។

ឆ្លើយតប​នឹង​បញ្ញា នេះ​ផង​ដែរ លោក ជុំ មោគ មន្ត្រី​សុរិយោ​ដី​ស្រុក​ស៊ីធរ​កណ្ដាល បាន​ឲ្យ​ដឹង​ថា លោក គាន រឿន​បាន កាន់កាប់​ដី​នោះ​គឺ​មិន​មាន​​ប្លង់ ​ឬ​លិខិត​អ្វី​ឲ្យ​ត្រឹមត្រូវ​ និង​ស្របច្បាប់​ទេ ដោយ​លោក​ក៏​កំពុងតែ​ស្រាវជ្រាវ​ដែរ។

ក្រុម​ពលរដ្ឋ​បាន​ខកចិត្ត​ជាថ្មី​មួយទៀត​ ខណៈ​លោក​យូ​ជឿន ​ត្រូវ​បាន​លោក​មាស ​សុភ័ក្ក​ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្តព្រៃវែង​​ កោះហៅ​ឲ្យ​ចូលខ្លួន​ទៅ​បំភ្លឺ​ពី​បទ​បរិហារកេរ្តិ៍ ជា​សាធារណៈ ដោយ​គ្រាន់តែ​លោក​បាន​និយាយ​ការពិត​ប្រាប់​អ្នក​កាសែត​នោះ។ អាជ្ញាធរ​មិន​គួរ​បណ្ដែតបណ្ដោយ​ពេក​នោះ​ទេ​ ខណៈ​ពលរដ្ឋ​កំពុង​ឡើង​កម្ដៅ​ដូចនេះ ពលរដ្ឋ​ចង់​ការពារ​ដី​ខុស​អី​ដែរ​ឬ​យ៉ាងណា​សូម​ឲ្យ​ខាង​ក្រសួង​​ពាក់ព័ន្ធ​ជួយ​ពិនិត្យ​ និង​ដោះស្រាយ​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ផង៕
ពលរដ្ឋ​​​ប្រតិកម្ម​ចំពោះ​លោក​គាន ​រឿន ​ដែល​​យក​ដី​សាធារណៈ​ធ្វើ​កម្មសិទ្ធិ​ក្នុង​រូបភាព​សុំ​ធ្វើ​អាជីវកម្ម/ ពលរដ្ឋ​​​ប្រតិកម្ម​ចំពោះ​លោក​គាន ​រឿន ​ដែល​​យក​ដី​សាធារណៈ​ធ្វើ​កម្មសិទ្ធិ​ក្នុង​រូបភាព​សុំ​ធ្វើ​អាជីវកម្ម/ ពលរដ្ឋ​​​ប្រតិកម្ម​ចំពោះ​លោក​គាន ​រឿន ​ដែល​​យក​ដី​សាធារណៈ​ធ្វើ​កម្មសិទ្ធិ​ក្នុង​រូបភាព​សុំ​ធ្វើ​អាជីវកម្ម