មុខសញ្ញា​គាស់​ផ្ទះ​ម្នាក់ ត្រូវ​នគរបាល​ប៉ុស្ដិ៍​ចាប់​ឃាត់ខ្លួន

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ចោម​ចៅ បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​សង្ស័យ​ថា​ជា​មុខសញ្ញា​ចោរ​គាស់​ផ្ទះ បន្ទាប់​ពី​បុស​ម្នាក់​ដែល​ជា​ម្ចាស់ផ្ទះ​ថា បាន​ទាន់​ជនសង្ស័យ​ខាងលើ​កំពុង​ធ្វើ​សកម្មភាព គាស់​ផ្ទះ​របស់​គាត់​ដើម្បី​លួច​យក​ទ្រព្យសម្បត្តិ​។ ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​ជួល​មួយ​កន្លែង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រា​ធានី​ភ្នំពេញ​។

ជនសង្ស័យ​ខាងលើ​នោះ​ឈ្មោះ ហូ​យ រី អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃវែង ឃុំ​ស្រែ​ឧត្តម ស្រុក​ព្រះស្តេច ខេត្តព្រៃវែង មាន​ប្រពន្ធ មុខរប​បរជាក​ម្មក​រោងចក្រ ស្នាក់​នៅផ្ទះ​ជួល​នៅ​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​។ ក្រោយ​ពេល​ចាប់ខ្លួន​ជនសង្ស័យ​បាន​សារភាព​ប្រាប់​នគរបាល​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​នោះ ប៉ុនប៉ង​លួច​ទ្រព្យសម្បត្តិ​មែន ហើយ​កន្លង​មក​ខ្លួន​ធ្លាប់​បាន​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​នៅ​ម្ដុំ​នោះ​បាន​សម្រេច​ចំនួន​៤​ដង​មក​ហើយ ដោយឡែក​ពេល​នេះ​គឺជា​លើក​ទ​៥ ហើយ​ខណៈ​ពេល​កំពុង​ធ្វើ​សកម្មភាព​ក៏​ត្រូវ​ម្ចាស់ផ្ទះ​ទាន់ ហើយ​ហៅ​ឲ្យ​នគរបាល​ឃាត់ខ្លួន​តែ​ម្ដង​។

មន្ត្រី​នគរបាល​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជនសង្ស័យ​ខាងលើ​បាន​ធ្វើ​សកម្មភាព​គាស់​បន្ទប់​ផ្ទះ​ជួល​មួយ​នោះ​ដើម្បី​លួច​យក​ទ្រព្យសម្បត្តិ​។ ខណៈនោះ​ត្រូវ​បាន​ម្ចាស់​ប្រទះ​ឃើញ​ទាន់​ក៏​បាន​ប្ដឹង​ឲ្យ​កម្លាំង​ចុះ​ទៅ​អន្តរាគមន៍​ឃាត់​បាន​ភ្លាម​ៗ បន្ទាប់​មក​បាន​នាំ​ទៅ​សាកសួរ​នៅ​ប៉ុស្ដិ៍​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់​៕