P9 និងP9 Plus គ្រោង​លក់​ឲ្យ​បាន ១ ០០០ គ្រឿង​ក្នុង​ឆ្នាំ​២០១៦

ក្រុមហ៊ុន Huawei បាន​កំណត់​គោលដៅ​ក្នុង​ការ​លក់​ទូរសព្ទ​ម៉ូដែល​ថ្មី​ចុងក្រោយ P9 និង P9 Plus ឲ្យ​បាន ១ ០០០ គ្រឿង​ក្នុង​ឆ្នាំ ២០១៦។

 

P9 និងP9 Plus គ្រោង​លក់​ឲ្យ​បាន ១ ០០០ គ្រឿង​ក្នុង​ឆ្នាំ​២០១៦

 

ការ ​កំណត់​គោលដៅ​លក់ P9 និង P9 Plus ឲ្យ​បាន​ក្នុង​ចំនួន​ដ៏​ច្រើន​នេះ ដោយសារ​ក្រុមហ៊ុន​មើល​ឃើញ​​ពី​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ដ៏​ទំនើប​លើ​ ទូរសព្ទ​ម៉ូដែល​ចុងក្រោយ​របស់​ខ្លួន ដែល​អាច​បំពេញ​តម្រូវការ​អ្នក​ប្រើប្រាស់ និង​នាំ​ការ​ផ្លាស់ប្ដូរ​ទស្សនៈ​អ្នក​ប្រើប្រាស់​ទូរសព្ទ​ជំនាន់​ថ្មី។

 

លោក ​ឯម យុទ្ធូ ប្រធាន​ផ្នែក​ទំនាក់ទំនង​ជាន់​ខ្ពស់​របស់​ក្រុមហ៊ុន Huawei បាន​ឲ្យ​ដឹង​ថា P9 និង P9 Plus អាច​និយាយ​បាន​ថា​ជា​បដិវត្ត​ ដែល​ក្រុមហ៊ុន​បាន​នាំ​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​កាមេរ៉ាដ៏​អស្ចារ្យ​បំផុត​ លើ​ទូរសព្ទ​ ដោយ​មាន​ការ​សហការ​ជាមួយ​ក្រុមហ៊ុន Leica ដែល​ល្បីល្បាញ​លើ​ផ្នែក​ផលិត​កាមេរ៉ា​ថត​រូប។

 

P9 និង P9 Plus នឹង​នាំ​ការ​ផ្លាស់ប្តូរ​ទស្សនៈសម្រាប់​​អ្នក​ប្រើប្រាស់​ទូរសព្ទ​ទាំង​ឡាយ ជាពិសេស​អ្នក​ស្រលាញ់​ចូលចិត្ត​ការ​ថត​រូប។

 

លោក ​បញ្ជាក់​ថា ក្រុមហ៊ុន​រំពឹង​នឹង​សម្រេច​បាន​ជោគជ័យ សម្រាប់​ការ​កំណត់​ផែនការ​លក់​នេះ ដោយសារ​មើល​ឃើញ​សន្ទុះ​ការ​គាំទ្រ និង​ការ​សហការ​ជំរុញ​ការ​លក់​ពី​បណ្តាញ​ដៃគូ​ចែកចាយ។

 

លោក ​បន្ត​​ថា ក្រុមហ៊ុន​បាន​បង្កើត​គោលនយោបាយ​ថ្មី​​ដើម្បី​ជំរុញ​ការ​លក់ ដោយ​តម្រូវ​ឲ្យ​ហាង​ដៃគូ​នានាចៀសវាង​ការ​លក់​បន្តោក​តម្លៃ​ហួសហេតុ ដែល​នាំ​ឲ្យ​ប៉ះពាល់​ទីផ្សារ​។ ​ក្រុមហ៊ុន​នឹង​ការ​ផ្តល់​ការ​លើក​ទឹកចិត្ត​ សម្រាប់​ដៃគូ​ដែល​ប្រកាន់​គោលការណ៍​អនុវត្ត​ប្រកួតប្រជែង​ដោយ​ស្មោះត្រង់។

 

ក្រុមហ៊ុន Huawei បាន​បង្ហាញ​ទូរសព្ទ​ជំនាន់​ថ្មី​ចុងក្រោយ​ពីរ​ម៉ូដែល P9 និង P9 Plus។ ទូរសព្ទ​ទាំង​ពីរ​ម៉ូដែល​នេះ មាន​ចំណុច​លេចធ្លោ​លើ​ការ​បំពាក់​កាមេរ៉ា​ភ្លោះ ដែល​បច្ចេកវិទ្យា​នេះ​មាន​ការ​សហការ​ពី​ក្រុមហ៊ុន Leica ដែល​ជំនាញ​លើ​ការ​ផលិត​កាមេរ៉ា​អាជីព​ជាង ១០០ ឆ្នាំ។

 

អត្ថបទ៖ ប៊ុណ្ណារ៉ា