ស្លាប់​២​នាក់​របួសធ្ងន់​ស្រាល​៤​នាក់ ដោយសារ​ខ្យល់​កន្ត្រាក់

ខេត្តស្ទឹងត្រែង ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ពីរ​នាក់​មាន​ស្លាប់​ភ្លាម​ៗ នៅ​នឹង​កន្លែង​ចំណែក​៤​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់ និង​ស្រាល គ្រា​ដែល​មាន​ខ្យល់​កន្ត្រាក់​វាយ​ផ្តួល​រលំ ដើមឈើ​សង្កត់​លើ​ខ្ទម​ចាំចំការ​មួយ​កន្លែង​ស្ថិត​នៅ​ភូមិ​កំពង់​ប៉ា​ង ឃុំ​កាំ​ង​ចាម ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​។ ប្រភព​ព័ត៌មាន​ពី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​កាំ​ង​ចាម​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​០៤​ល្ងាច ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០១៦ មាន​ផ្គរ​ន្ទះ​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់​បាន​បក់​បោក​ដួល​រលំ​ដើមឈើ សង្កត់​លើ​ខ្ទម ចាំចំការ​មួយ​កន្លែង​បង្ក​ឲ្យ​មនុស្ស​ពីរ​នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ និង​៤​នាក់​ទៀត​បាន​រង របួសធ្ងន់ និង​ស្រាល​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក ខេត្តស្ទឹងត្រែង​។

អធិការរង​ស្រុក ថា​ឡា​បរិ​វ៉ា​ត់​ឲ្យ​ដឹង​ថា​មុន​ពេល​កើតហេតុ​ដោយ​ឃើញ​មេឃងងឹត​ធ្លាក់​ភ្លៀង​បន្តិចបន្តួច តែ​ដោយសារ ខ្យល់​បក់​បោក​ខ្លាំង ជន​រង​គ្រោះ​ទាំងនោះ​បាន​នាំ​គ្នា​ចូល​ទៅ​ជ្រក​ក្នុង​ខ្ទម​ចាំចំការ​ខាងលើ ខណៈ​ដែល ខ្យល់​កន្ត្រាក់​កាន់តែ​ខ្លាំង​បាន​វាយ​ផ្តួល​រលំ​ដើមឈើ​ក្បែរ​ខ្ទម​មក​សង្កត់​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​២​នាក់​ម្តាយ និង​កូន​ស្លាប់ ចំណែកឯ​សាច់ញាតិ​ចំនួន​៤​នាក់​ផ្សេង​ទៀត​រង​របួសធ្ងន់ និង​ស្រាល អ្នក​ទាំងអស់​រស់នៅ ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កាំ​ង​ចាប ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ បាន​បន្ថែម​ឲ្យ​ដឹង ថា​ជន​រង​គ្រោះ​មានឈ្មោះ ផា​ន់ សំណាង ភេទ​ស្រី​អាយុ​២៧​ឆ្នាំ កូនស្រី​ឈ្មោះ សាត រស្មី ភេទ​ស្រី​អាយុ​៨​ឆ្នាំ អ្នក​ទាំង​ពីរ​បាន​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​នោះ​។ ក្រោយ​កើតហេតុ​កម្លាំង​នគរបាល​រួម​ជាមួយ ក្រុម​គ្រួ​សារបាន​បញ្ជូន​អ្នក​រង​របួស​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្តស្ទឹងត្រែង រីឯ​សាកសព​សមត្ថកិច្ច បាន​ធ្វើការ​ត្រួតពិនិត្យ និង​ធ្វើ​កំណត់ហេតុ​ប្រគល់​ជូន​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​ភូមិ ឃុំ កើតហេតុ​ខាងលើ​៕