ត្រូវ​បញ្ចប់​ការ​តែងតាំង​ដែល​គ្មាន​គោលការណ៍​ច្បាស់លាស់

នៅ​ពេល​មានការ​ផ្លាស់​ប្តូរ​រដ្ឋមន្ត្រី​ម្តង​ៗ មន្ត្រី​តាម​ក្រសួង​មានការ​ជ្រួលច្របល់​ចំពោះ​អ្វី​ដែល​នឹង​កើត​មាន​ឡើង​នៅ​ពេល​ដែល​រដ្ឋមន្ត្រី​ថ្មី​ចូល​មក​កាន់​តំណែង​។

ក្រសួង​ដែល​មានសំណាង នឹង​មិន​មានការ​ផ្លាស់​ប្តូរ​តំណែង និង​តែងតាំង​រញ៉េរញ៉ៃ​កើត​មាន​ទេ​។ ប៉ុន្តែ​ក្រសួង​ដែល​គ្មាន​សំណាង​វិញ​នឹង​មានការ​ផ្លាស់​ប្តូរ​តំណែង និង​តែងតាំង​មនុស្ស​ថ្មី​មក​ពី​កន្លែង​ផ្សេង​ក៏​មាន ហើយ​ការ​តែងតាំង​នោះ​មិន​មាន​គោលការណ៍​ច្បាស់លាស់​ឡើយ​។

ដូច្នេះ​មន្ត្រី​នាយកដ្ឋាន ឬ​ការិយាល័យ​តាម​ក្រសួង​ក៏​មានការ​ភ័យ​ខ្លាច​នៅ​ពេល​ដែល​រដ្ឋមន្ត្រី​ថ្មី​ចូល​មក​កាន់​តំណែង​។

គោលបំណង​នៃ​ការ​ផ្លាស់​ប្តូរ​រដ្ឋមន្ត្រី​ថ្មី គឺ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​របស់​រដ្ឋាភិបាល ដើម្បី​បម្រើ​ដល់​ផលប្រយោជន៍​សម្រាប់​ប្រជាជន និង​ប្រទេស​ជាតិ​។ នេះ​ជា​អ្វី​ដែល​ជា​គោលដៅ​នៃ​ការ​ផ្លាស់​ប្តូរ​រដ្ឋមន្ត្រី​។ គេ​មិន​ត្រូវ​ប្រែក្លាយ​ការ​ឆ្លាស់​ប្តូរ​នេះ ដើម្បី​ជា​ឱកាស​នៃ​ការ​ស្វែងរក​លាភ​សក្ការ​: ហើយ​ធ្វើការ​តែងតាំង​តាម​របៀប​មួយ​ដែល​គ្មាន​គោលការណ៍​ច្បាស់លាស់ និង​មិន​ផ្អែក​ទៅ​លើ​សមត្ថភាព​របស់​មន្ត្រី​ឡើយ​។

ក្រសួង​រដ្ឋ​ទាំងអស់​ត្រូវ​តែ​ប្រកាន់​យក​គោលការណ៍​ដ៏​ច្បាស់លាស់​មួយ​សម្រាប់​ការ​តែងតាំង​មន្ត្រី ដោយ​ផ្អែក​លើ​អតីតភាព​ការងារ បទ​ពិសោធន៍​ការងារ ចំណេះដឹង និង​សមត្ថភាព​ការងារ​។ ការ​មាន​គោលការណ៍​ច្បាស់លាស់​នៅ​ក្នុង​ការ​តែងតាំង​មន្ត្រី​តាម​ក្រសួង​នឹង​ធ្វើ​អោយ​មាន​ប្រសិទ្ធភាព​នៃ​ការ​តែងតាំង ដោយ​ផ្តល់​ឱកាស​ស្មើគ្នា​ដល់​មន្ត្រី​គ្រប់​រូប​ដែល​មានបទពិសោធន៍ សមត្ថភាព និង​ចំណេះដឹង​សម្រាប់​ការ​បំពេញការងារ​ប្រកបដោយ​ប្រសិទ្ធភាព​។ ការ​តែងតាំង​តាម​ក្រសួង​ត្រូវ​តែ​ចៀស​អោយ​ឆ្ងាយ​ពី​បក្សពួក​និយម និង​ពុក​រលួយ ដើម្បី​បញ្ចៀស​ការ​មិន​សប្បាយចិត្ត​ក្នុង​ចំណោម​មន្ត្រី​ក្រសួង​ទាំងអស់ និង​អយុត្តិធម៌​នៅ​ក្នុង​ការ​តែងតាំង​ដែល​នឹង​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ការងារ​ស្ថាប័នរដ្ឋ​។

មន្ត្រី​នៅ​តាម​ក្រសួង​មួយ​នឹង​មិន​អាច​បំពេញការងារ​បាន​ល្អ និង​តាម​ការ​ទទួលខុសត្រូវ​ឡើយ បើសិនជា​ពួក​គេ​មិន​បាន​ផ្តល់់​ឱកាស​ស្មើភាព​គ្នា​សម្រាប់​ការ​តែងតាំង​ដោយ​ផ្អែក​លើ​សមត្ថភាព ចំណេះដឹង និង​បទ​ពិសោធន៍​ការងារ​។

បើសិនជា​ការ​ផ្លាស់​ប្តូរ​រដ្ឋមន្ត្រី​នៃ​ក្រសួង​មួយ​នាំ​ដល់​ការ​រុះរើ​មិន​ចាំបាច់​នៃ​រចនាសម្ព័ន្ធ​របស់​ក្រសួង​មួយ​នោះ វា​នឹង​ជះ​ឥទ្ធិពល​អាក្រក់​ដល់​មន្ត្រី​នៃ​ក្រសួង​នោះ ហើយ​ជា​លទ្ធផល​រដ្ឋមន្ត្រី​ថ្មី​នោះ​នឹង​មិន​អាច​ធ្វើ​អោយ​មានការ​ប្រែប្រួល​ជា​វិជ្ជមាន​នៃ​ប្រសិទ្ធភាព​ការងារ​ក្រសួង​ដែល​ពួក​គេ​បាន​ចូល​ទៅ​កាន់​ថ្មី​ៗ​ឡើយ​។

រដ្ឋមន្ត្រី​ថ្មី​នៃ​ក្រសួង​មួយ​ត្រូវ​មាន​បេសកកម្ម​ធ្វើ​អោយ​ប្រសិទ្ធភាព​ការងារ​នៃ​ក្រសួង​នោះ​កាន់តែ​ប្រសើរ ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជាជន និង​ប្រទេស​ជាតិ​។ ដើម្បី​សម្រេច​គោលដៅ​នេះ រដ្ឋមន្ត្រី​នៃ​ក្រសួង​មួយ​ត្រូវការ​ក្រុម​មនុស្ស​ដែល​មាន​សមត្ថភាព ចំណេះដឹង និង​បទ​ពិសោធន៍​ដែល​មានការ​ទទួលខុសត្រូវ ដើម្បី​ជួយ​រុញ​ល្បឿន និង​ប្រសិទ្ធភាព​ការងារ​។ ធន​ធា​មនុស្ស​ខ្លាំង​នៅ​ក្នុង​ក្រសួង​មួយ​នឹង​ជា​កម្លាំង​ច​លករ​សម្រាប់​ក្រសួង​នោះ​។ ផ្ទុយ​មក​វិញ ក្រសួង​មួយ​ដែល​រួមរឹត​ដោយ​មន្ត្រី​ខិលខូច​នឹង​ធ្វើ​អោយ​ក្រសួង​នោះ​មិន​អាច​បម្រើ​ការងារ​ជូន​ប្រទេស​ជាតិ​ប្រកបដោយ​ប្រសិទ្ធភាព​ឡើយ​។