ទីបំផុត​ទៅ ! ឃាតករ​អា​រក​សម្លាប់​ប្រពន្ធ​នៅ​មេមត់ ស្លាប់​យ៉ាង​អាណោចអាធ័ម

ខេត្ត​ត្បូងឃ្មុំ ៖ ទីបំផុត​ទៅ ជនសង្ស័យ​ជា​ឃាតករ​ដែល​បាន​អា​រក​សម្លាប់​ប្រពន្ធ​ខ្លួនឯង​យ៉ាង​ព្រៃផ្សៃ​នៅ​លើ​ផ្ទះ​ឈើ​ចាំចម្ការ​កៅស៊ូ​មួយ​កន្លែង​នៅ​ទឹកដី​ស្រុក​មេមត់ ដែល​បាន​រត់គេច​ខ្លួន​បាត់​នោះ បាន​សម្រេចចិត្ត​គិត​ខ្លី​ចង​.​ក​បញ្ចប់ជីវិត​ខ្លួនឯង​បាត់​ទៅ​ហើយ កាលពី​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ភូមិ​បន្លា​ស្អិត ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

សូម​គួរ​រំលឹក​ថា សកម្មភាព​ផ្តើម​ចេញពី​ការ​ស្រលាញ់​គ្នា​តាម​ហ្វេ​ស​ប៊ុ​កបាន​ធ្វើ​ឲ្យ​ក​ម្លោះ​ក្រមុំ​១​គូ​បាន​យក​គ្នា​ជា​ប្តី​ប្រពន្ធ បាន​បង្កើត​នូវ​ភាព​ផ្អែម​ល្អែ​ម​បាន​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ ក៏​រលាយ​សាបសូន្យ​ទៅ​វិញ​ដោយសារ​តែ​ភ្លើង​ប្រចណ្ឌ ។ គឺ​បុរស​ជា​ប្តី​បាន​យក​កាំបិត​ខ្វែវ​ទៅ​អា​រកប្រពន្ធ​សម្លាប់​ប្រពន្ធ​នៅ​លើ​ផ្ទះ​ចាំចម្ការ​កៅស៊ូ​មួយ​កន្លែង ក្នុងភូមិ​ឡូត៍ ឃុំ​កំ​ពាន់ ស្រុក​មេមត់ ដែល​ហេតុការណ៍​អំពើ​មនុស្សឃាត​នោះ​បាន​កើតឡើង​ល្ងាច​ថ្ងៃ​ទី​១៧ ខែមិថុនា រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៦ ទើប​កម្លាំង​សមត្ថកិច្ច​ដឹង​បាន​ចុះ ទៅ​ពិនិត្យ​សព ចំណែក​ប្តី​ជា​ឃាតករ​វិញ​បាន​រត់គេច​ខ្លួន​បាត់​។

លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត​បានឱ្យ​ដឹង​ថា ក្រោយ​ពី​បាន​អា​រកប្រពន្ធ​ឈ្មោះ អុល សុខ​ណា ជា​គ្រូបង្រៀន​ជាប់កិច្ចសន្យា ជនសង្ស័យ​ឈ្មោះ គុន មក​រា អាយុ​២៩​ឆ្នាំ ក៏​ប្រញាប់​ជិះ​ម៉ូតូ​រត់គេច​ខ្លួន ដោយ​មិនដឹង​ជា​គេចខ្លួន​ទៅ​ទីណា​នោះ​ទេ ។ តែ​សមត្ថកិច្ច​បាន​តាម​ស្វែងរក​ចាប់ខ្លួន​រហូត ដោយ​បាន​ទាក់ទង​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ផ្សេង​ៗ​ទៀត​ឱ្យ​សហការ​តាម​ចាប់ខ្លួន​ផង​ដែរ ដីកា​តាម​ចាប់ខ្លួន​ក៏​មាន​ដែរ ។ ប៉ុន្តែ​មិនដឹង​ជា​មូលហេតុ​អ្វី​នោះ​ទេ​បន្ទាប់​ពី​បាន​គេចខ្លួន​ទៅ​ដល់​ដី​ឡូត៍​មួយ​កន្លែង​នៅ​ភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ កាលពី​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៦ ឃាតករ​រូប​នេះ​បាន​ចង​.​ក​សម្លាប់​ខ្លួន​នៅ​រោង​មួយ​កន្លែង ដែល​ភ្លាម​ៗ​នោះ​មិន​ត្រូវ​គេ​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ក្រោយមក​ទើប​ស្គាល់​អត្តសញ្ញាណ រួច​ត្រូវ​បាន​សាច់ញាតិ​រៀបចំ​ចាត់ចែង​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត ក្នុងភូមិ​កំពង់​ស្លែង ឃុំ​ធា​យ ស្រុក​បាភ្នំ ខេត្តព្រៃវែង ។

លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ រហូត​មក​ដល់​ពេល​នេះ​គេ​ក៏​មិនដឹង​មូលហេតុ​អ្វី​ច្បាស់លាស់​នៅឡើយ​ទេ ថា​ហេតុ​អ្វី​បានជា​ឃាតករ​រូប​នេះ​សម្រេចចិត្ត​គិត​ខ្លី​ចង​.​ក​ធ្វើ​អត្តឃាត​បញ្ចប់ជីវិត​បែប​នេះ​សោះ ៕