ឆ្នាំ២០១៦ ​ជំនន់ទឹកភ្លៀង​នឹងត្រូវ​កាត់​បន្ថយ

នៅឆ្នាំ២០១៦នេះ គ្រោះទឹកជំនន់នឹងត្រូវបានកាត់បន្ថយ ដោយសារតែក្រសួងធនធានទឹក និងឧតុនិយមបានរៀបចំសាងសង់អាងទឹកធំៗ មួយចំនួននៅទូទាំងប្រទេសកម្ពុជា ដើម្បីស្រូបយកទឹក។ រហូតមកដល់ពេលនេះ ការងារកសាងអាងទឹកទាំងនោះ បានបញ្ចប់៥០ភាគរយ ដែលអាងទឹកទាំងអស់នោះ អាចរក្សាទឹកទុករហូតដល់ខែប្រាំង ដើម្បីប្រើប្រាស់។

លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថាកាលពីប៉ុន្មានឆ្នាំមុន ប្រសិនបើមានភ្លៀងធ្លាក់មួយសប្តាហ៍ដូចពេលនេះ អាចនឹងធ្វើឲ្យមានទឹកជំនន់នៅតាមខេត្ត រាជធានីមួយចំនួន ឬតំបន់ទំនាបក្នុងប្រទេស។ ប៉ុន្តែបច្ចុប្បន្ន ភ្លៀងកម្រិតនេះ មិនអាចធ្វើឲ្យមានទឹកជំនន់បានទេ ដោយសារតែក្រសួងធនធានទឹកបានសាងសង់អាងទឹកធំៗ មួយចំនួននៅទូទាំងប្រទេសកម្ពុជា ដើម្បីស្រូបយកទឹកពេល ដែលមានទឹកជំនន់កើតឡើង។

លោកបន្តលើកឡើងថាខេត្តមួយចំនួន ដែលបានសាងសង់ និងកំពុងសាងសង់អាងទឹក មានដូចជា ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង ខេត្តព្រះវិហារ និងខេត្តកំពង់ធំជាដើម ហើយអាងទឹកទាំងនោះ នឹងអាចដោះស្រាយគ្រោះរាំងស្ងួតបាន នៅរដូវប្រាំងផងដែរ។ តាមរយៈគម្រោងសាងសង់នេះ នឹងអាចកាត់បន្ថយគ្រោះទឹកជំនន់ បានប្រមាណ៧០ភាគរយទូទាំងប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ គម្រោងសាងសង់អាងទឹកបានសម្រេចខ្លះហើយ ដែលមានខេត្តខ្លះបានសម្រេច១០០ភាគរយ ហើយខេត្តខ្លះបានសម្រេច៧០ភាគរយ និងខេត្តខ្លះទៀតបានសម្រេច៥០ភាគរយ។

គួររំលឹកជូន ក្រោយពីមានភ្លៀងធ្លាក់មួយសប្តាហ៍ក្នុងប្រទេសកម្ពុជា កាលពីចុងខែមិថុនា រហូតមកដល់ដើមខែកក្កដានេះ បានធ្វើឲ្យស្រុក២ ក្នុងខេត្តរតនៈគិរី និងមណ្ឌលគិរី រងគ្រោះដោយសារទឹកជំនន់ដំបូងក្នុងរដូវវស្សានេះ។ ប៉ុន្តែនៅតាមខេត្តផ្សេងៗទៀតក្នុងប្រទេស មិនទទួលរងគ្រោះនោះទេ។ យ៉ាងណាក៏ដោយទឹកជំនន់នោះ មិនបានបណ្តាលឲ្យមានការខូចខាតធ្ងន់ធ្ងរដល់ទ្រព្យសម្បិត្តរដ្ឋ និងពលរដ្ឋទេ។ នេះបើតាមអ្នកនាំពាក្យក្រសួងធនធានទឹក។

ជំនន់ទឹកភ្លៀង ដែលអាក្រក់បំផុតនៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ គឺបានកើតឡើងនៅឆ្នាំ២០១១ ដែលបណ្តាលឲ្យមនុស្សប្រមាណ២៥០នាក់ស្លាប់ ហើយមនុស្សប្រមាណ១.៨៨៤.៤០២នាក់រងគ្រោះ និងផ្ទះប្រមាណ១.០៤៨ខ្នងរងការខូចខាត។ នេះបើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ៕

ប្រភពៈ RFI