សកម្មជន​ដីធ្លី​ប្ដេជ្ញា​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​នៅ​ថ្ងៃស្អែក​ទៀត​

សកម្មជនដីធ្លីនៅក្នុងទីក្រុងភ្នំពេញ អះអាងថា ពួកគេនឹងបន្តធ្វើយុទ្ធនាការស្លៀកខ្មៅនៅថ្ងៃស្អែកទៀត ដើម្បីទាមទាឲ្យដោះលែងសកម្មជនការពារសិទ្ធិមនុស្សសមាគមអាដហុក ៤រូប និង មន្ត្រីរៀបចំការបោះឆ្នោតមួយរូប។

តំណាងសកម្មជនដីធ្លីមកពីតំបន់ថ្មគោល អ្នកស្រី ច្រាយ នីម ប្រាប់វីអូឌីថា សមាជិកសហគមន៍របស់អ្នកស្រី នឹងផ្លាស់ប្ដូរពីស្លៀកពាក់ខ្មៅ ទៅស្លៀកពាក់សវិញ ដើម្បីបង្ហាញពីភាពស្អាតស្អំរបស់មន្ត្រីការពារសិទ្ធិមនុស្ស និងមន្ត្រីរៀបចំការបោះឆ្នោត។

ទោះជាយ៉ាងណា អ្នកស្រីមិនទាន់អាចបញ្ជាក់ពីទីតាំងនៃការជួបជុំរបស់សមាជិកសហគមន៍អ្នកស្រីនៅឡើយទេ ដោយអ្នកស្រីប្រាប់ថា នឹងពិភាក្សាជាមួយសមាជិកនៅល្ងាចនេះសិន។

ចំណែកឯតំណាងសកម្មជនដីធ្លីតំបន់បឹងកក់អ្នកស្រី ទេព វន្នី ប្រាប់ថា សកម្មជនអាវខ្មៅតំបន់បឹងកក់ប្រមាណ ៥០នាក់ ក៏គ្រោងនឹងធ្វើការជួបជុំគ្នានៅក្នុងសហគមន៍នៅថ្ងៃស្អែកផងដែរ។

អ្នកស្រីបន្តថា សហគមន៍តំបន់បឹងកក់ នឹងថ្លែងសារទៅកាន់រដ្ឋាភិបាល និងបង្ហោះប៉ោងប៉ោង ដែលទាមទាឲ្យមានការដោះលែងមន្ត្រីសិទ្ធិមនុស្ស ៤រូប និង មន្ត្រី គ.ជ.ប មួយរូប។

ប្រជាសហគមន៍មានជម្លោះដីធ្លី បានធ្វើយុទ្ធនាការអាវខ្មៅនេះ ៨លើករួចមកហើយ ដោយចាប់ផ្តើមតាំងពីថ្ងៃទី៩ ខែឧសភាកន្លងមក។ ស្ត្រីសកម្មជនដីធ្លីទាំងនោះ ត្រូវបានអាជ្ញាធររារាំង និងចាប់ខ្លួនជាបន្តបន្ទាប់ ហើយពួកគេត្រូវបានដោះលែងវិញនៅថ្ងៃដដែល។

មន្ត្រីរដ្ឋាភិបាលធ្លាប់ហៅយុទ្ធនាការអាវខ្មៅនេះថា ជាបដិវត្តពណ៌មានបំណងផ្ដួលរលំរដ្ឋាភិបាល ហើយអាជ្ញាធរក៏បានព្យាយាមទប់ស្កាត់សកម្មភាពនេះជាហូរហែផងដែរ៕

ប្រភពៈ VOD