កុមារី​ម្នាក់​លង់​ទឹក​បុង​ស្លាប់​ ខណៈ​ជីដូន​​បណ្ដើរ​ម៉ូតូ​យក​ទុក

កុមារី​ម្នាក់​លង់​ទឹក​បុង​ស្លាប់​ ខណៈ​ជីដូន​​បណ្ដើរ​ម៉ូតូ​យក​ទុក



ព្រៃវែង ​៖ ​​ភាព​ធ្វេសប្រហែស​តែមួយ​នាទី​របស់​អាណាព្យាបាល​ បាន​ធ្វើ​ឲ្យ​កុមារី​ម្នាក់​​​លង់ទឹក​ស្លាប់​គួរ​ឲ្យ​​​អាណោចអាធ័ម​ជា​ទី​បំផុត។

កុមារី​រងគ្រោះ​ខាង​​លើ​មាន​ឈ្មោះ​ស្រី ណាក់ ​​អាយុ​៤​​ឆ្នាំ​ រស់នៅ​ជាមួយ​នឹង​ជីដូន​ស្ថិត​ក្នុង​ភូមិ​តាឡើក​​ឃុំ​អង្គរ​ទ្រេត ​ស្រុក​ស្វាយអន្ទរ ​ខេត្ត​ព្រៃវែង​ ដោយ​ឪពុក​ម្ដាយ​ទៅ​ធ្វើ​ការ​នៅ​រោងចក្រ​នៅ​ឯ​រាជធានី​ភ្នំពេញ។

ពាក់ព័ន្ធ​នឹង​ករណី​ខាង​​លើ​នេះ ​​ជីដូន​កុមារី​រងគ្រោះ​បាន​រៀបរាប់​ប្រាប់​អ្នក​យក​ព័ត៌មាន​​យើង​ឲ្យ​ដឹង​ថា​នៅ​វេលា​​​ថ្ងៃត្រង់​រូប​គាត់​បាន​ជិះ​ម៉ូតូ​ឌុប​ចៅ​ទៅ​ចូក​ចក​យក​មក​ឲ្យ​ត្រី​​ស៊ី ​លុះ​ពេល​​​ត្រឡប់​មក​ដល់​ផ្ទះ​វិញ​ នៅ​វេលា​ម៉ោង​ប្រហែលជា​១៥​និង​៣០​នាទី ​​គាត់​​​​​ ​បាន​ទុក​ចៅ​ និង​បាវ​ចក​នៅ​មាត់​បុង​ខាង​ក្រោយ​ផ្ទះ។ ពេល​នោះ​រូប​គាត់​បាន​​បណ្ដើរ​ម៉ូតូ​យក​ទៅ​ទុក​ប្រហែលជា​៥​នាទី​​ ​ក៏បាន​ត្រឡប់មកវិញ​ ដោយ​មិន​ឃើញ​​ចៅស្រី​របស់​គាត់។ ភ្លាម​នោះ ​រូប​គាត់​​បាន​ដើរ​​រក ​តែ​រក​មិន​ឃើញ​ទេ ទើប​មាន​ការ​ភ្ញាក់ផ្អើល​អ្នក​ជិតខាង​ចុះ​រាវ​នៅ​ក្នុង​ទឹក​បុង។ បន្ទាប់​មក​ក៏​រក​​ឃើញ​សព​កុមារី​រងគ្រោះ​ តែ​​បាន​ផុត​ជីវិត​បាត់​ទៅ​​ហើយ។ ក្រោយពី​ទទួល​បាន​ដំណឹង​ថា​ មាន​កុមារី​លង់ទឹក​ស្លាប់​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ស្វាយអន្ទរ ​ក៏បាន​ចុះ​ទៅ​ពិនិត្យ​​ឃើញ​​ថា​ កុមារី​រងគ្រោះ​ពិតជា​បាន​លង់ទឹក​ស្លាប់​ពិត​ប្រាកដ​មែន។ សព​ត្រូវ​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕