សំ វ៉ាន់ដេត ​ស្ដាយ​គ្មាន​ពេល​គ្រប់គ្រាន់​សម្រាប់​កីឡាករ ត្រៀម​ប្រកួត​​ផ្ដាច់ព្រ័ត្រ

“យើង​មាន​ប្រកួត​ប៉ះ​ក្រុម​ខ្លាំង​ច្រើន ហើយ​កៀក​គ្នា​ទៀត ទើប​ធ្វើ​ឱ្យ​កីឡាករ​គ្មាន​ពេល​សម្រាក មាន​របួស ជា​មិន​ទាន់ ទើប​វគ្គ​ផ្ដាច់ព្រ័ត្រ Hun Sen Cup ​ត្រូវ​អវត្តមាន​កីឡាករ​សំខាន់​ៗ”។ សម្ដី​លោក សំ វ៉ាន់ដេត ​គ្រូ​បង្វឹក​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង។

 

សំ វ៉ាន់ដេត ​ស្ដាយ​គ្មាន​ពេល​គ្រប់គ្រាន់​សម្រាប់​កីឡាករ ត្រៀម​ប្រកួត​​ផ្ដាច់ព្រ័ត្រ

 

ការ​ប្រកួត​ដែល​ចាញ់​ក្រុម​ក្រសួង​ការពារ​ជាតិ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ ​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​មាន​កីឡាករ​របួស​ច្រើន សឹង​តែ​ពាក់​កណ្ដាល​ទៅ​ហើយ ដែល​ធ្វើ​ឱ្យ​ការ​ប្រកួត​មើល​ទៅ​ពិត​ជា​មិន​សូវ​ជា​ល្អ​ប៉ុន្មាន​នោះ​ទេ។ ទាក់ទង​បញ្ហា​នេះ​ដែរ លោក សំ វ៉ាន់ដេត ​ក៏​មាន​ការ​សោកស្ដាយ​ខ្លាំង​ណាស់​ដែរ ដែល​ប្រកួត​ផ្ដាច់ព្រ័ត្រ កីឡាករ​របស់​លោក​បែរ​ជា​មាន​របួស​ច្រើន​យ៉ាង​នេះ។

 

​គ្រូ​បង្វឹក​ខាង​លើ​បាន​បន្ថែម​ថា​បញ្ហា​របួស​នេះ​មាន​កត្តា​ច្រើន​ តួយ៉ាង​ដូចជា​គ្មាន​ពេល​សម្រាក​គ្រប់គ្រាន់ ការ​ប្រកួត​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​របស់​លោក​សុទ្ធ​តែ​ប៉ះ​ក្រុម​ខ្លាំង​ដូចជា​បឹង​កេត​អង្គរ និង​ភ្នំពេញ​ក្រោន​ជា​ដើម ដែល​ធ្វើ​ឱ្យ​កីឡាករ​ម្នាក់​ៗ​ប្រឹងប្រែង​អស់​ពី​ខ្លួន។

 

លោក សំ វ៉ាន់ដេត ​លើក​ឡើង​ដូច្នេះ​ទៀត​ថា ប្រសិន​បើ​ការ​ប្រកួត​មាន​គំលាត​ពី​គ្នា​ឱ្យ​បាន​យូរ​ថ្ងៃ​បន្តិច នោះ​អ្វី​គ្រប់​យ៉ាង​នឹង​ប្រសើរ​ជាង​នេះ ហើយ​ការ​ប្រកួត​ក៏​ល្អ​មើល​ខ្លាំង​ដែរ មិនមែន​ឃើញ​តែ​កីឡាករ​រមួល​ក្រពើ សែង​ចេញ សែង​ចូល​នោះ​ទេ។

 

ការ​ប្រកួត​ពាន​រង្វាន់ Hun Sen Cup ​ផ្ដាច់ព្រ័ត្រ​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ ​ក្រុម​ក្រសួង​ការពារ​ជាតិ​​បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ប្រចាំ​ឆ្នាំ​២០១៦​ បន្ទាប់​ពី​យក​ឈ្នះ​ព្រះ​ខ័នរាជ​ស្វាយរៀង​ដោយ​ទាត់​បាល់​​ប៉េណាល់​ទី​កាត់​សេចក្តី​ក្នុង​លទ្ធផល ៦-៥ បន្ទាប់​ពី​បញ្ចប់​១២០​នាទី​​​​​ស្មើ​ ១-១ ៕

 

អត្ថបទ៖ មុន្នី រម្យ