គ្រូព្រះខ័នរាជស្វាយរៀង ទទួលស្គាល់ការបាត់ពានក្រោមស្នាដៃទ័ព ពីម្សិលមិញ

នៅទីបំផុតក្រុមក្រសួងការពារជាតិ(ទ័ព) បានឈានដល់ការសម្រេចទិសដៅយ៉ាងសំខាន់មួយរបស់ខ្លួន គឺការផ្តួលក្រុមម្ចាស់ជើងឯក ព្រះខ័នរាជស្វាយរៀង ក្នុងការប្រកួតផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចហ៊ុនសែន លើកទី១០ នៅពហុកីឡដ្ឋានជាតិ ដើម្បីលើកពាននេះ កាលពីយប់ថ្ងៃសៅរ៍ ម្សិលមិញ។

mm1

ជ័យជម្នះរបស់ក្រុមទ័ព បានកើតមានឡើងទាំងលំបាកបំផុត ខណៈក្រុមទាំង២បានឈានទៅដល់ការទាត់បាល់ប៉េណាល់ទីកាត់សេចក្តី បន្ទាប់ពីបានស្មើគ្នា ១-១ ក្នុងការប្រកួត១២០នាទីយ៉ាងស្វិតស្វាញបំផុតនោះ ហើយនៅក្នុងការដំណាក់កាលប៉េណាល់ទីដ៏រន្ធត់ ដែលមានការស៊ុតបាល់ចូលទៅវិញទៅមករហូតដល់ម្ខាង៨គ្រាប់នោះ ក្រុមទ័ព បានយកស្វាយរៀង ៦-៥ ដើម្បីក្លាយជាម្ចាស់ជើងឯក ជាលើកទី២ ក្រោយខកខានឈ្នះពានមួយនេះអស់រយៈពេល៥ឆ្នាំ គឺចាប់តាំងពីពួកគេបានឈ្នះពាននេះ កាលពីឆ្នាំ២០១០មកនោះ។

mm2

គ្រូបង្វឹក ថ្នាក់ដឹកនាំ ពិសេសកីឡាកររបស់ក្រុមទ័ព បានរាំរែក និងស្រែកហ៊ោរកញ្រ្ជៀវយ៉ាងសប្បាយបំផុត ដើម្បីអបអរការឈ្នះលើកនេះ ខណៈក្រុមព្រះខ័នរាជស្វាយរៀង បានត្រឹមបង្ហាញភាពសោកស្តាយ ហើយក៏មានកីឡាករមួយចំនួនបានលួចយំ ចំពោះការចាញ់នេះដែរ។

mm3

លោក ទេព ឡុងរចនា គ្រូបង្វឹកក្រុមទ័ព បាននិយាយក្រោយការប្រកួតនេះថា៖«ខ្ញុំរកអ្វីមកនិយាយមិនបានឲ្យសមទៅនឹងការឈ្នះពានលើកនេះនោះទេ ព្រោះវាមោទនភាព និងក្តីរំភើបយ៉ាងធំបំផុត ដែលបានកើតមានឡើងដោយការខិតខំរួមគ្នារបស់យើងទាំងអស់គ្នា ពិសេសទៅលើការរៀបចំក្រុមបានល្អ និងធនធានកីឡាកររបស់យើង»។

mm4

ចំណែក លោក សំ វ៉ាន់ដេត គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បាននិយាយថា៖« គាត់(ក្រុមទ័ព)សមនឹងទទួលបានពាននេះហើយ ព្រោះពួកគាត់បានគ្របមកលើយើងយ៉ាងខ្លាំង ប៉ុន្តែខ្ញុំក៏មានការរំភើបទៅលើកូនក្រុមរបស់ខ្ញុំផងដែរ ដោយពួកគេបានព្យាយាមលេងរហូតដល់ម៉ោងបន្ថែម បើទោះបីជា ក្រុមរបស់យើងបានបាត់បង់កីឡាករសំខាន់រហូតដល់ទៅ៥នាក់ក្នុងការប្រកួតនេះក៏ដោយ»។

mm5

ដោយឡែកក្រុមភ្នំពេញក្រោន បានយកឈ្នះក្រុមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា(ស៊ីម៉ាក់) ១-០ ដែលរកបានដោយខ្សែប្រយុទ្ធវ័យក្មេង អ៊ិន សូដាវីដ ក្នុងការប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខ៣ និងលេខ៤ នៅពហុកីឡដ្ឋានជាតិ កាលពីល្ងាចថ្ងៃសៅរ៍នោះដែរ។

mm6

ជាមួយជ័យជម្នះនេះ ក្រុមក្រសួងការពារជាតិ ទទួលបានពាន១ មេដាយមាស និងប្រាក់រង្វាន់ចំនួន៨០លានរៀល ខណៈក្រុមលេខ២ ព្រះខ័នរាជស្វាយរៀង ទទួលបានមេដាយប្រាក់និងប្រាក់រង្វាន់ ៦០លានរៀល និងក្រុមលេខ៣ភ្នំពេញក្រោន ទទួលបានមេដាយសំរឹទ្ធ និងប្រាក់រង្វាន់២០លានរៀល។

mm7

បន្ថែមលើនេះ ភ្នំពេញក្រោន ក៏ទទួលបានប្រាក់៥លានរៀល ក្នុងនាមជាក្រុម Fair Play ផងដែរ ខណៈអ្នកចាំទី អ៊ុំ សេរីរ័ត្ន របស់ទ័ព ទទួលបានស្រោមដៃមាស និងប្រាក់រង្វាន់១លានរៀល ហើយខ្សែប្រយុទ្ធ សួង វីរៈ របស់ក្រុមខេមបូឌានថាយហ្គឺរ បានស្បែលជើងមាន ក្នុងនាមជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេ (២៥គ្រាប់) អមដោយប្រាក់រង្វាន់១លានរៀល។ រីឯក្រុមអាជ្ញាកណ្តាលល្អ ដែលបានកាត់ក្តីក្នុងវគ្គផ្តាច់ព្រ័ត្រនេះ ទទួលបានប្រាក់រង្វាន់៣លានរៀល។

mm8

ពិធីប្រគល់ពាន បំពាក់មេដាយ និងប្រាក់រង្វាន់កាលពីម្សិលមិញនោះ ធ្វើឡើងក្រោមធិបតីភាពលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងលោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា រួមទាំងថ្នាក់ដឹកនាំ និងមន្រ្តីកីឡាជាច្រើនទៀត ហើយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបានចូលរួមឧបត្ថម្ភចំនួន៥ម៉ឺនដុល្លារ ដល់សហព័ន្ធ ក្នុងការប្រកួតពានមួយនេះផងដែរ៕

mm9
mm10
mm11
mm12
mm13
mm17
mm16
mm15mm14