កម្ពុជា​យក​ល្ខោនខោល​ទៅ​សម្ដែង​ក្នុង​ពិធី​សិល្បៈ​នៅ​ប្រទេស​ថៃ

ល្ខោនខោលរបស់កម្ពុជា នឹងបង្ហាញវត្តមានរបស់ខ្លួននៅក្នុងកម្មវិធីសិល្បៈអាស៊ានមួយនៅប្រទេសថៃ រយៈពេល ៥ថ្ងៃ។ កម្មវិធីនេះ នឹងមានការចូលរួមសម្ដែងពីសិល្បករនៃប្រទេសចំនួន៥ គឺកម្ពុជា ថៃ មីយ៉ាន់ម៉ា ឡាវ និងកូរ៉េខាងត្បូង ដែលសុទ្ធសឹងតែជាប្រទេសមានទម្រង់សិល្បៈស្រោមមុខ។

អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចត្រសិល្បៈ លោក ថៃ នរៈសត្យា ឱ្យវិទ្យុអាស៊ីសេរី ដឹងនៅថ្ងៃទី៣ ខែកក្កដា ថា គណៈប្រតិភូកម្ពុជា ចំនួន ១៣រូប នឹងធ្វើដំណើរទៅចូលរួមពិធីសិល្បៈស្រោមមុខអាស៊ាននៅប្រទេសថៃ រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ទី១០ ខែកក្កដា ខាងមុខ។

គណៈប្រតិភូកម្ពុជា នឹងនាំយកល្ខោនខោលទៅសម្ដែងនៅក្នុងកម្មវិធីនោះ ដែលតបតាមការអញ្ជើញរបស់អ្នករៀបចំកម្មវិធី។ ការសម្ដែងសិល្បៈល្ខោនពាក់ស្រោមមុខនេះ នឹងប្រព្រឹត្តទៅនៅខេត្តឡឺយ (Loei) ភាគឦសាន ប្រទេសថៃ និងនៅទីក្រុងបាងកក៖ «ខេត្តហ្នឹងអាចមានសហគមន៍ល្ខោនខោលបែបហ្នឹងច្រើន ទើបគេជ្រើសរើសយកខេត្តហ្នឹង។ យើងសម្ដែងពីរថ្ងៃទីគឺនៅថ្ងៃទី៦ និងទី៧។ ថ្ងៃទី៨ យើងត្រឡប់មកបាងកកវិញ ទើបសម្ដែងនៅយប់ថ្ងៃទី៩ នៅបាងកក»។

កម្មវិធីនោះ មានឈ្មោះថា ពិធីសិល្បៈស្រោមមុខអាស៊ានបូក៣ ឬជាភាសាអង់គ្លេស ASEAN + 3 Mask Festival ដែលមានប្រទេសចូលរួមសម្ដែងចំនួន៥ គឺកម្ពុជា ថៃ មីយ៉ាន់ម៉ា ឡាវ និងកូរ៉េខាងត្បូង។

លោក ថៃ នរៈសត្យា អះអាងថា ការសម្ដែងល្ខោនខោលនៅប្រទេសថៃនេះ នឹងគ្មានភាពចម្រូងចម្រាសអ្វីកើតឡើងនោះទេ ពីព្រោះប្រទេសដែលចូលរួមសុទ្ធតែមានទម្រង់សិល្បៈល្ខោនពាក់មុខផ្សេងៗគ្នា។

ការបំភ្លឺបែបនេះ ធ្វើឡើងដោយសារតែកន្លងមកមានការជជែកគ្នាយ៉ាងផុសផុលក្នុងចំណោមអ្នកប្រើប្រាស់ហ្វេសប៊ុក ទាំងនៅកម្ពុជា និងថៃ ជុំវិញភាពជាម្ចាស់កម្មសិទ្ធិនៃល្ខោនពាក់មុខដែលខ្មែរហៅថា “ល្ខោនខោល” និងថៃ ហៅល្ខោន “ខូន” (Khon) ក្រោយពេលថៃ គ្រោងដាក់ល្ខោនខូន របស់ខ្លួន ដែលមានទម្រង់ស្រដៀងគ្នានឹងល្ខោនខោលរបស់កម្ពុជា ចូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី៖ «សម័យហ្វេសប៊ុក ហ្នឹង ជួនកាលអ្នកខ្លះមិនដឹងអីផង ក៏ចេះតែបញ្ចេញយោបល់ ឬនិយាយតាមគ្នាធ្វើឱ្យបរិយាកាសអាប់អួ។ តាមការពិតវាគ្មានអ្វីគួរឱ្យប៉ះពាល់ទៅដល់វប្បធម៌ និងប្រពៃណីផូរផង់នៃបេតិកភណ្ឌវប្បធម៌អរូបីរបស់យើងទេ ពីព្រោះវប្បធម៌មានពីរសំខាន់ គឺមរតកវប្បធម៌រូបី និងអរូបី។ មរតកវប្បធម៌រូបីមានដូចជាអង្គរវត្ត ប្រាសាទព្រះវិហារ ប្រាសាទនានា និងទីតាំងអាគារទួលបូរាណជាដើម ដែលគ្មាននរណាមកប៉ះពាល់របស់យើងបានទេ។ វាមានអត្តសញ្ញាណច្បាស់លាស់។ ប៉ុន្តែមរតកវប្បធម៌អរូបី ដែលមានដូចជាល្ខោន របាំ ចម្រៀង ជាដើម គឺវានៅតាមមនុស្ស វានៅតាមសហគមន៍»។

កាលពីពេលកន្លងទៅ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្លាប់បានចេញលិខិតបំភ្លឺមួយអំពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការដាក់បញ្ចូលល្ខោនខោល ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីពិភពលោក តែដោយសារតែកង្វះគោលការណ៍ច្បាប់ និងនីតិវិធីចាំបាច់មួយចំនួន អង្គការយូណេស្កូ (UNESCO) មិនទាន់ឆ្លើយតបយ៉ាងណានៅឡើយទេជុំវិញបញ្ហានេះ។

អ្នកនាំពាក្យក្រសួងវប្បធម៌ លោក ថៃ នរៈសត្យា មានជំនឿយ៉ាងមុតមាំថា អង្គការយូណេស្កូ នឹងឈរលើគោលការណ៍ច្បាប់អន្តរជាតិដ៏ត្រឹមត្រូវក្នុងការសម្រេចចិត្ត នៅពេលដែលល្ខោនខោលខ្មែរ និងល្ខោនខូន ថៃ ស្នើដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌដូចគ្នា៖ «អង្គការយូណេស្កូ មិនល្ងង់ជាងយើងទេ ហើយយើងក៏មិនចេះតែមានការបណ្ដែតបណ្ដោយដែរ។ ជួនកាលគេបានធ្វើការសិក្សាច្បាស់លាស់ណាស់ទៅហើយ គ្រាន់តែថា អ្វីដែលវាមិនមែនជាពេលវេលាត្រូវថ្លែង ត្រូវបកស្រាយ គេមិនទាន់ធ្វើការបកស្រាយតែប៉ុណ្ណឹង។ ចំពោះការសិក្សា វាជាការសិក្សាក្នុងស្ថានភាពពិភពលោកមិនមែនក្នុងស្ថានភាពប្រទេសនីមួយៗ ឬតំបន់នោះទេ»។

ក្រៅពីល្ខោនខោល កម្ពុជាក៏គ្រោងស្នើទៅអង្គការយូណេស្កូ ដាក់បញ្ចូលតម្បាញសូត្រ និងក្បាច់គុនល្បុក្កតោ ជាដើម ទៅក្នុងបញ្ជីបេតិកភណ្ឌអរូបីពិភពលោក។ ក្រៅពីនេះ រដ្ឋាភិបាលក៏បានប្រកាន់ជំហរម៉ឺងម៉ាត់ និងប្រឆាំងដាច់ខាតចំពោះការប៉ុនប៉ងកសាងប្រសាទអង្គរវត្តសិប្បនិមិត្តពីសំណាក់ប្រទេសឥណ្ឌា និងការព្យាយាមសាងសង់ប្រាសាទព្រះវិហារពីថ្មស៊ីម៉ង់ពីសំណាក់ប្រទេសថៃ ដែលសុទ្ធសឹងតែជាកេរដំណែលវប្បធម៌រូបីរបស់កម្ពុជា ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌រូបីពិភពលោក៕

ប្រភពៈ RFA