លោក ​សម រង្ស៊ី ​ថាអាមេរិកគ្រោង​ផ្តល់ជំនួយ​មានលក្ខខណ្ឌជិត៨០លានដុល្លារ

រាជធានីភ្នំពេញ ​៖ មេដឹកនំា​គណបក្សប្រឆាំង​ដែលកំពុងនិរទេសនៅក្រៅប្រទេស​ លោក សម រង្ស៊ី ​បានសរសេរនៅបណ្តាញ​ទំនាក់​ទំនងសង្គម​ (Facebook)ឲ្យដឹងថា ​«សហរដ្ឋអាមេរិកគ្រោង​ផ្ដល់ជំនួយមានលក្ខខណ្ឌជិត៨០លានដុល្លារ ​ដល់កម្ពុជាក្នុង​ឆ្នាំ២០១៧​»​។

បើតាមលោក ​សម​ រង្ស៊ី ​សំណើថវិកាសម្រាប់ផ្តល់ជំនួយដល់​ប្រទេសកម្ពុជានេះ​ ក៏ភ្ជាប់មកជាមួយនូវ​លក្ខខណ្ឌផងដែរ ពោលគឺ​កម្ពុជានឹងទទួលបានជំនួយនេះ​ លុះត្រាតែ​ «រដ្ឋាភិបាលនៃប្រទេសកម្ពុជាបញ្ឈប់អំពើហិង្សា ​និងការយាយី​អង្គការសង្គមស៊ីវិល និង​គណបក្សប្រឆាំង​ក្នុងប្រទេសកម្ពុជា»។

មកដល់ព្រឹកថ្ងៃទី០៤​ កក្កដា ២០១៦នេះ ​មិនទាន់មានប្រតិកម្មតបភ្លាមៗនៅឡើយទេ ​ពីមន្រ្តីជាន់ខ្ពស់​រាជរដ្ឋាភិបាល​ ជុំវិញការ​លើក​ឡើង​របស់មេបក្សប្រឆាំង​​ខាងលើនេះ ។

យ៉ាងណាក៍ដោយ​សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន ​ធ្លាប់បានមានប្រសាសន៍​បញ្ជាក់ជាច្រើនលើកមកហើយថា បរទេស​​ណាដែលផ្តល់ជំនួយហើយភ្ជាប់លក្ខខណ្ឌនេះ​​ ឬលក្ខខណ្ឌនោះ​ មិនបាច់ជួយក៍បានដែរ ៕