គេ​ដេញ​វាយ​ប្អូន បងរ​ត់ទៅ​ជួយ ត្រូវ​គេ​ចាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​ជា​បងប្អូន​ជីដូនមួយ​នឹង​គ្នា​ត្រូវ​ជន​ដៃដល់​៤​នាក់​ព្រួត​គ្នា​ដាក់​យ៉ាង​ឃោរឃៅ​បណ្ដាល​ឲ្យ​ប្អូន​រង​របួសធ្ងន់ ចំណែក​បង​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​២០​នាទី​យប់​ថ្ងៃ​ទី​៣ ខែ​ក​ក្ត​ដា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ផ្ទះ​លេខ B4 ក្នុង​បុរី​សន្តិភាព​១ ស្ថិត​ក្នុងភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សព​ជន​រង​គ្រោះ​មានឈ្មោះ ជា សុភាព អាយុ​២៨​ឆ្នាំ ទើប​មក​ភ្នំពេញ​ដើម្បី​រក​ការងារ​ធ្វើ​បាន​កន្លះ​ថ្ងៃ​មក​ស្នាក់​នៅ​បន្ទប់​ជាមួយ​ប្រពន្ធ​នៅ​កា​ណា​ស៊ី​ធី សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​ភូមិ​ត្រពាំង​ក​ណ្តោ​រ ឃុំ​មាន​ជ័យ ស្រុក​រំដួល ខេត្តស្វាយរៀង ដោយឡែក​បុរស​រង​របួសធ្ងន់​មានឈ្មោះ សោម វិសាល អាយុ​២៦​ឆ្នាំ មុខរបរ​អតីត​អ្នក​ប៉ះ​កង់​ម៉ូតូ​ពេល​យប់ ដោយ​មិន​កាក់កប ឈប់​សំរាក​នៅផ្ទះ​មួយ​រយៈ ស្នាក់​នៅ​ម្តុំ​កន្លែង​កើតហេតុ អ្នក​ទាំង​២​នាក់​ជា​បងប្អូន​ជីដូនមួយ​នឹង​គ្នា និង​មានស្រុក​កំណើត​ជាមួយ​គ្នា ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​ឈ្មោះ សោម វិសាល ដើរ​តាម​ផ្លូវ​ក្នុង​បុរី​សន្តិភាព​១ បំណង​ទៅ​ផ្សា​រកា​ណា​ស៊ី​ធី លុះ​មក​ដល់​ចំណុច​កើតហេតុ មុខ​ផ្ទះ​លេខ B4 ជន​ដៃដល់​មាន​គ្នា​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម មក​ឈប់​និយាយ​ជាមួយ​ជន​រង​គ្រោះ មួយសន្ទុះ​ក្រោយមក​ក៏​ឈ្លោះប្រកែក​គ្នា​ក្លាយទៅជា​ហិង្សា ត្រូវ​ជន​ដៃដល់​ដេញ​វាយ ធ្វើ​ឲ្យ​ជន​រង​គ្រោះ​រត់គេច​ខ្លួន ចៃដន្យ​បងជីដូនមួយ​ឈ្មោះ ជា សុភាព ឃើញ​ជន​ដៃដល់​ដេញ​ចាក់​ប្អូន​ក៏​រត់​ទៅ​ជួយ ក៏​ត្រូវ​ជនល្មើស​ទាញ​កាំបិត​ចាក់​ជន​រង​គ្រោះ​ទាំង​២​នាក់ ដោយ​ឈ្មោះ សោម វិសាល ចាក់​១​កាំបិត​ចំ​ខ្នង រង​របួសធ្ងន់ និង​ចាក់​ជា​ច្រើន​កាំបិត​លើ​ជន​រង​គ្រោះ​ឈ្មោះ ជា សុភាព ព្យាយាមរ​ត់ទៅ​ឲ្យ​គេ​ជួយ ក៏​បាន​ដួល​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អ​ណោ​ច​អាធ័ម ។ ភ្លាម​ៗ​នោះ​ប្រជាពលរដ្ឋ​ស្មាន​តែ​នៅ​មានជីវិត បាន​ហៅ​រថយន្ត​សង្គ្រោះ គ្លីនិក អង្គរ មក​ដឹក​ជន​រង​គ្រោះ​ទាំង​២​នាក់​ទៅ​ព្យាបាល ពេល​ទៅ​ដល់​គ្លីនិក​គ្រូពេទ្យ​ប្រាប់​ថា ឈ្មោះ សុភាព បាន​ស្លាប់​ទៅ​ហើយ នៅ​សល់​តែ​ឈ្មោះ សោម វិសាល កំពុង​សំរាក​ព្យាបាល​នៅ គ្លីនិក អង្គរ ។

តាម​ការ​បង្ហើប​ពី​ជន​រង​គ្រោះ​ដែល​រង​របួសធ្ងន់ បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ទាំង​លាក់លៀម​ថា មុន​ពេល​កើតហេតុ​រូបគេ​ដើរ​ពី​បន្ទប់​ជួល​គោលបំណង​ទៅ​ម្តុំ​ផ្សា​កា​ណា​ស៊ី​ធី មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ស្រាប់តែ​ជន​ដៃដល់​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​មក​ដល់​បាន​និយាយ​ថា រូបគេ​សម្លឹងមុខ​អី​ក្នុង​ន័យ​ឌឺដង រួច​ហើយ​ក៏​បាន​ចុះ​មក​វាយ​រូបគេ ស្រប​ពេល​នោះ​បងប្រុស​ជីដូនមួយ​ដែល​ទើបនឹង​មក​ពី​ស្រុក​កំណើត ដើម្បី​មក​រក​ការងារ​ធ្វើ​មិន​ទាន់​បាន​ផង ឃើញ​ក៏​រត់​មក​ជួយ ត្រូវ​ជន​ដៃដល់​ដេញ​ចាត់​ពួក​គេ​ទាំង​២​នាក់​រហូត​ស្លាប់​បងជីដូនមួយ​នៅ​កន្លែង​កើតហេតុ ។

ទាក់ទិន​នឹង​ករណី​ខាងលើ​នេះ ជន​រង​គ្រោះ​បាន​អះអាង​ថា ជន​ដៃដល់​សម្លឹងមុខ​រូបគេ​ហើយ ចុះ​ដេញ​ចាក់​រូបគេ​តែ​ម្តង ។ ចំណែក​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​អះអាង​ថា មុន​ដំបូង​ឈ្លោះប្រកែក​គ្នា រួច​ទើប​ដេញ​ចាក់​គ្នា សង្ស័យ​ជា​រឿង​គំនុំ ។ ដោយឡែក​សមត្ថកិច្ច មិន​ទាន់​អះអាង​ថា​ជា​ករណី​អ្វី​ពិតប្រាកដ​នៅឡើយ​ទេ កំពុង​តែ​សាកសួរ និង ស្រាវជ្រាវ​បន្ថែម​ទៀត ។

បន្ទាប់​ពី​សមត្ថកិច្ច​ពិនិត្យ និង ធ្វើ​កោសល្យវិច័យ​រួច សព​ត្រូវ​បាន​ប្រគល់​ឲ្យ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត ៕