អ៊ឺរ៉ូ២០១៦៖ បារាំង​បង្ក្រាប​អ៊ីស្លង់ ៥-២ ឡើង​ទៅ​ជួប​អាល្លឺម៉ង់

ក្រុមជម្រើសជាតិបារាំង បានជួបនិងបង្ក្រាបក្រុមអ៊ីស្លង់ យ៉ាងងងឹតមុខ ក្នុងយប់ថ្ងៃទី៣ ខែ​កក្កដា​នេះ ដោយ​ពិន្ទុ​៥ទល់​នឹង២។ ក្រុម​បារាំង ម្ចាស់​ផ្ទះ​នៃព្រឹត្តិការណ៍«អ៊ឺរ៉ូ២០១៦» ដូចជាបាន​ត្រៀម​រួច​ជា​ស្រេច ដើម្បី​​ទៅ​​​ជួប​គូសងសឹក​​អាល្លឺម៉ង ម្ចាស់​ជើងឯក​ពិភពលោក ​នៅ​ក្នុងវគ្គពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ នាថ្ងៃ​ព្រហស្បត្តិ៍​ខាង​មុខ។
អ៊ឺរ៉ូ២០១៦៖ បារាំង​បង្ក្រាប​អ៊ីស្លង់ ៥-២ ឡើង​ទៅ​ជួប​អាល្លឺម៉ង់

កីឡាករខ្សែប្រយុទ្ធបារាំង «Olivier Giroud» លើកដៃចង្អុល បន្ទាប់ពីរកគ្រាប់បាល់ទីមួយបាន។ (រូបថត UEFA)

ក្រុមជម្រើសជាតិបារាំង ដែលជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍«អ៊ឺរ៉ូ២០១៦» ឈប់ទន់ភ្លន់លេងសើច ជាមួយក្រុម​ភ្ញៀវ​​​មកពីចំងាយទៀតហើយ។ នៅកីឡាដ្ឋាន «Stade de France» ខាងជើងជាប់រដ្ឋធានីបារីស នាយប់ថ្ងៃ​អាទិត្យ​​ទី៣ ខែកក្កដា ឆ្នាំ២០១៦នេះ ក្រុមមាន់គកបារាំង បានបង្ក្រាបយ៉ាងជូរចត់ ទម្លាក់ក្រុមអ៊ីស្លង់ (ឬ​អាយឡេន) ពីការប្រកួត​ដណ្ដើមជើងឯកអ៊ឺរ៉ុបឆ្នាំនេះ ឲ្យហាលអាវត្រឹមវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ និង​ត្រូវវិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​​ជា​ស្ថាពរ។ «ជូរចត់» ព្រោះក្រុមអ៊ីស្លង់ ដែលពោរពេញដោយក្ដីសុបិន្ត និងបានបណ្ដេញក្រុម​អង់គ្លេស​ឲ្យ​ទៅ​ផ្ទះ​មុន​ខ្លួន កាល​ពី​ប៉ុន្មាន​ថ្ងៃ​​កន្លងមកនោះ បានចាញ់ក្រុមបារាំងដល់ទៅ៥គ្រាប់ ក្នុងនោះ៤គ្រាប់ ត្រូវ​បាន​ក្រុម​​ពាក់​​អាវ​ខៀវ​បារាំង រក​បាន​នៅ​ពាក់​កណ្ដាល​ម៉ោង​ដំបូង។

ការប្រកួតទើបនឹងចាប់ផ្ដើម បានជាង១០នាទី កីឡាករខ្សែប្រយុទ្ធបារាំង «Olivier Giroud» បាន​ទទួល​គ្រាប់​បាល់ ពីមិត្តរួមក្រុមរបស់ខ្លួន «Blaise Matuidi» មុននឹងទាត់បញ្ចូលទី របស់ក្រុមអ៊ីស្លង់ នៅនាទីទី១២។ បន្ទាប់​មក​ទៀត នៅនាទី២០ កីឡាករខ្សែបម្រើបារាំង «Paul Pogba» បានរកគ្រាប់បាល់មួយទៀត ដោយប្រើ​ក្បាល​បញ្ជូន​ដាក់ចូ​លទីអ៊ីស្លង់ បន្ទាប់ពីទទួលបាល់ ទាត់ពីជ្រុងដោយកីឡាករ «Antoine Griezmann»។ នៅ៣នាទី​មុន​បញ្ចប់​ពាក់កណ្ដាលម៉ោងដំបូង ក្រុមបារាំងរកគ្រាប់បាល់ បានពីរគ្រាប់ទៀត ដោយកីឡាករ «Dimitri Payet» នៅ​នាទី​ទី៤៣ និងដោយកីឡាករ «Antoine Griezmann» នៅនាទីទី៤៥។

តែក្រុមអ៊ីស្លង់បាន«ប៉ះប៉ូវ» រកមុខមាត់ខ្លះមកវិញ ដោយទាត់បញ្ចូលក្រុមបារាំង​បានពីរគ្រាប់ នៅពាក់​កណ្ដាល​ម៉ោង​ទីពីរ។ បានពីរគ្រាប់ ក៏ព្រោះតែក្រុមបារាំង​បានថ្នមកជើង និងដកជើងល្អៗរបស់ខ្លួន ដើម្បីសម្រាក​យក​កម្លាំង នឹងអាលត្រៀម​​ទៅ​ជួប​សងសឹក​​ជាមួយក្រុមអាល្លឺម៉ង់ នៅថ្ងៃព្រហស្បត្តិ៍ខាងមុខ។ ការថ្នមជើងនេះ បាន​បង្កការធ្វេសប្រហែស ទុកចន្លោះប្រហោង​ឲ្យ​ក្រុម​«Vikings» ទាត់ និងប្រើក្បាលបុកបាល់ ចូលទីបារាំងបាន នៅ​នាទី​ទី៥៦ និងទី៨៤។

» ក្រុមអ៊ីស្លង់ ថ្លែងអំណរគុណទៅកាន់ក្រុមអ្នកគាំទ្រ ដែលមកទស្សនាផ្ទាល់​នៅក្នុងកីឡាដ្ឋាន «Stade de France»៖

អ៊ឺរ៉ូ២០១៦៖ បារាំង​បង្ក្រាប​អ៊ីស្លង់ ៥-២ ឡើង​ទៅ​ជួប​អាល្លឺម៉ង់

ជំនួបសងសឹក!

ក្រុមមាន់គកបារាំង ដែលរកបានគ្រាប់បាល់មួយបន្ថែមទៀត ដោយកីឡាករ «Olivier Giroud» នៅនាទី​ទី៥៩​នោះ នឹងត្រូវទៅជួបជាមួយដៃគូសងសឹករបស់ខ្លួន គឺក្រុមអាល្លឺម៉ង់ ដែលធ្លាប់​បានទម្លាក់​ក្រុមបារាំង នៅត្រឹម​វគ្គ​១ភាគ​៤​ផ្ដាច់​ព្រ័ត្រ ក្នុងការប្រកួតដណ្ដើម​​​ជើងឯក​ពិភពលោក កាលពីឆ្នាំ២០១៤ (ប្រកួតក្នុង​​ប្រទេស​ប្រេស៊ីល) មុន​​នឹង​ក្រុមអាល្លឺម៉ង់ឈ្នះបានលេខមួយ និងយកពានជើងឯក​យកមកកាន់ក្នុងដៃ រហូតដល់ថ្ងៃនេះ។

ជំនួបរវាក្រុមបារាំង និងក្រុមអាល្លឺម៉ង់នោះ នឹងត្រូវប្រព្រឹត្តិទៅ​នៅថ្ងៃព្រហស្បត្តិ៍ទី៧ ខែកក្កដាខាងមុខ ក្នុង​កីឡាដ្ឋាន​ដ៏ធំ នៃក្រុងម៉ាសីយ៍ (Marseille) ភាគខាងត្បូងបារាំង។ ជាការប្រកួត ដែលចូលដល់វគ្គពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ ឬវគ្គដែលមានបួន​ក្រុម​ចុង​ក្រោយបង្អស់។ ការប្រកួតមួយទៀត នៅក្នុងវគ្គដដែលនេះ ជាជំនួប​រវាង​ក្រុម​ព័រទុយហ្គាល់ និងក្រុមវៀល្ស៍ នៅ​ថ្ងៃ​ពុធ ទី៦ ខែកក្កដា ក្នុងកីឡាដ្ឋានក្រុង លីយ៉ុង (Lyon) ដែលស្ថិត​នៅ​ភាគ​ខាង​ត្បូង​បារាំងដែរ៕

--------------------

» ទស្សនាការប្រកួតនេះ ដោយសង្ខេបឡើងវិញ៖