ជនជាតិកូរ៉េត្រូវកាត់​ឲ្យជាប់​ទោស​ពីបទ​​បើកវិបសាយ​ភ្នាល់បាល់

ចៅក្រមតុលាការក្រុងមួយរូបបានប្រកាសសាលក្រមកាលពីថ្ងៃសុក្រថា ជនជាតិកូរ៉េខាងត្បូង២៣នាក់ដែលត្រូវបានចាប់ខ្លួនពីបទបើកវិបសាយភ្នាល់បាល់ខុសច្បាប់នៅលំនៅដ្ឋានពីរកន្លែងក្នុងក្រុងភ្នំពេញ ត្រូវអនុវត្តទោស៥ខែក្នុងពន្ធនាគារ មុននឹងត្រូវនិរទេសទៅប្រទេសវិញ។ ចៅក្រមជំនុំជម្រះ លោក លី សុខលេង បានផ្តន្ទាទោសមេខ្លោងឈ្មោះ គីម យុងស៊ូ វ័យ៣៤ឆ្នាំ និងហាន់ ដូងស៊ុន វ័យ៣៦ឆ្នាំ ឲ្យជាប់ពន្ធនាគារ២ឆ្នាំ ប៉ុន្តែត្រូវព្យូរភាគច្រើន ដើម្បីឲ្យត្រូវគ្នានឹងទោស៥ខែម្នាក់ៗសម្រាប់អ្នកសមគំនិត២១នាក់របស់គេ។ យោងតាមចៅក្រម សុខលេង បុរសទាំងពីរនាក់ត្រូវបានចាប់ខ្លួននៅកន្លែងផ្ទះជួលពីរកន្លែងក្នុងខណ្ឌសែនសុខ ក្នុងខែកុម្ភៈ បន្ទាប់ពីមានការស៊ើបអង្កេតដោយនគរបាលនិងមន្ត្រីមកពីក្រសួងទូរគមនាគមន៍។ ក្នុងអំឡុងពេលឆែកឆេរក្នុងទីកន្លែងនោះ អាជ្ញាធរបានរកឃើញកុំព្យូទ័រ ដ្រាយរឹង និងសម្ភារផ្សេងទៀតដែលអ្នកស៊ើបអង្កេតបានប្រើ ដើម្បីភ្ជាប់ពួកគេទៅនឹងវិបសាយភ្នាល់បាល់ជាច្រើន។ ក្នុងពេលសវនាការកាលពីថ្ងៃពុធ លោក គីម និងលោក ហាន បានបដិសេធថាមិនបានដឹងអំពីវិបសាយទាំងនោះទេ ដោយអះអាងថា ពួកគេបានជួលផ្ទះសម្រាប់រកស៊ី។ និយាយតាមរយៈអ្នកបកប្រែ លោក គីម បាននិយាយថា លោកបានមកដល់ប្រទេសកម្ពុជាក្នុងខែធ្នូ ហើយបានចំណាយប្រាក់ចំនួន១.៥០០ដុល្លារ ដើម្បីជួលផ្ទះមួយ ដោយមានគោលបំណងបើកហាងតាមអ៊ិនធើណិតមួយជាមួយអ្នករួមផ្ទះជនជាតិកូរ៉េ១១នាក់។ លោក គីម បាននិយាយថា “យើងទើបតែត្រៀមបើកវិបសាយលក់ដូរតាមអ៊ិនធើណិតមួយប៉ុណ្ណោះ”។ ចៅក្រម សុខលេង បានសួរលោក គីម ថា “តើនរណាទិញឧបករណ៍? តើលោកបានភ្ជាប់បណ្តាញលេងល្បែងភ្នាល់បាល់តាមអ៊ិនធើណិតឬទេ?” លោក គីម បានឆ្លើយមកវិញថា “អត់ទេ វាមិនទាក់ទងនឹងល្បែងទេ”។ក្រោយមក លោក គីមបានទទួលស្គាល់ថា លោកមិនបានទទួលអាជ្ញាបណ្ណសម្រាប់បើកវិបសាយលក់ដូរទេ។ លោក ហាន ក៏បានអះអាងថា លោកបានជួលផ្ទះ ដើម្បីរកស៊ីស្របច្បាប់។ លោក ហានបាននិយាយក្នុងសវនាការថា “ខ្ញុំបានជួលផ្ទះ ដើម្បីបើកទីភ្នាក់ងារទេសចរណ៍”។ លោក ផេង ហេង ជាមេធាវីលោក ហាន បាននិយាយកាលពីថ្ងៃសុក្រថា នគរបាលបានបញ្ចូលភ័ស្តុតាងពីផ្ទះពីរ មុននឹងបញ្ជូនមកតុលាការ ដោយមានមន្ទិលសង្ស័យលើសាលក្រមនោះ។ លោក ហេង បាននិយាយថា ” ខ្ញុំគិតថា ទោសរបស់គេមិនច្បាស់លាស់នៅឡើយទេ។ តុលាការមិនបានបែងចែកភ័ស្តុតាងឲ្យដាច់ស្រឡះពីគ្នា ដោយគ្រាន់តែផ្អែកលើអ្នកដែលមានរបស់របរប៉ុណ្ណោះ។ គេគួរតែបំបែកភ័ស្តុតាងដែលប្រមូលបានពីផ្ទះទាំងពីរ ដើម្បីឲ្យអ្នកដែលបានប្រព្រឹត្តបទល្មើស គឺជាអ្នកដែលត្រូវផ្តន្ទាទោស”៕   © 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

The post ជនជាតិកូរ៉េត្រូវកាត់​ឲ្យជាប់​ទោស​ពីបទ​​បើកវិបសាយ​ភ្នាល់បាល់ appeared first on The Cambodia Daily.