ក្លិប Chelsea បំពេញការចុះហត្ថលេខាជាមួយ Batshuayi ពីក្លិប Marseille

ក្លិប Chelsea បានចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធ Michy Batshuayi ពីក្លិប Marseille ក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំ។ ខ្សែប្រយុទ្ធអន្តរជាតិបែលហ្ស៊ិកវ័យ២២ឆ្នាំរូបនេះ ដែលបានចូលរួមជាមួយនឹងតោខៀវក្នុងតម្លៃខ្លួន៣៣,២លានផោន (ស្មើនឹង៤៤លានដុល្លារអាមេរិក) ក្រោយពីចំណាយពេលពីរឆ្នាំនៅកីឡដ្ឋាន Stade Velodrome នោះ បាននិយាយថា៖ «ខ្ញុំពិតជារីករាយណាស់ក្នុងការចុះហត្ថលេខាសម្រាប់ក្លិបដ៏ធំបំផុតមួយនៅអឺរ៉ុប»។

Michy-Batshuayi-ft16

Batshuayi បានបន្ថែមទៀតថា៖ «Eden Hazard និង Thibaut Courtois បានប្រាប់ខ្ញុំពីរឿងល្អៗជាច្រើនអំពីក្លិបនេះ ហើយស្របពេលលោក Antonio Conte នឹងចូលទៅដឹកនាំ វានឹងក្លាយជាពេលវេលាដ៏រំភើបមួយក្នុងការក្លាយជាកីឡាករម្នាក់របស់ Chelsea។ នេះជាឱកាសដ៏អស្ចារ្យ។ Batshuayi បានចាប់ផ្តើមអាជីពរបស់គេនៅឯក្លិប Standard Liege ហើយបានចូលរួមជាមួយនឹងក្លិប Marseille កាលពីឆ្នាំ២០១៤ ដោយបានស៊ុតបាល់បញ្ចូលទី១៥គ្រាប់ក្នុងរដូវកាលដំបូងរបស់គេ។

រូបគេបានបោះជំហានឆ្ពោះទៅមុខមួយទៀតកាលពីរដូវកាលមុនតាមរយៈការរកបាន២៦គ្រាប់ ក្នុងនោះរាប់បញ្ចូលទាំងគ្រាប់បាល់១៧គ្រាប់ក្នុងក្របខ័ណ្ឌ Ligue 1 បើទោះបីក្លិប Marseille បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១៣លើតារាងក៏ដោយ។ រូបគេបានក្លាយជាគោលដៅទិញពីសំណាក់ក្លិប West Ham United និង Juventus មុននឹងការដាក់សំណើក្នុងតម្លៃខ្លួន៣១,៦លានផោនពីក្លិប Crystal Palace ត្រូវបានទទួលយកដោយ Marseille ប៉ុន្តែ រូបគេបានបដិសេធក្នុងការផ្ទេរទៅកាន់កីឡដ្ឋាន Selhurst Park៕

ប្រភពព័ត៌មាន៖ The Guardian