Arsenal ចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធជប៉ុន Asano ពីក្លិប Hiroshima

ក្លិប Arsenal នឹងត្រូវបំពេញការចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធអន្តរជាតិជប៉ុន Takuma Asano ពីក្លិប Sanfrecce Hiroshima របស់ក្របខ័ណ្ឌ J-League។ កីឡាករវ័យ២១ឆ្នាំរូបនេះ បានធ្វើការបង្ហាញខ្លួនជាអន្តរជាតិជាលើកដំបូងរបស់គេកាលពីខែសីហា ឆ្នាំមុន និងបានបង្ហាញខ្លួនចំនួន៥លើក។

Takuma-Asano-ft16

ខ្សែបរយុទ្ធរូបនេះ ត្រូវបានរំពឹងទុកថា នឹងត្រូវបញ្ចូលឈ្មោះក្នុងក្រុមរបស់ជប៉ុនសម្រាប់យុទ្ធនាការអូឡាំពិក ក្នុងទីក្រុង Rio។ លោក Arsene Wenger អ្នកចាត់ការទូទៅរបស់ Arsenal បានឲ្យដឹងថា៖ «Takuma គឺជាខ្សែប្រយុទ្ធវ័យក្មេងដ៏មានទេពកោសល្យ និងជាខ្សែប្រយុទ្ធដ៏មុតស្រួចម្នាក់ទៅថ្ងៃអនាគត។ រូបគេចាប់ផ្តើមអាជីពរបស់គេដ៏គួរឲ្យចាប់អារម្មណ៍ក្នុងក្រុមជប៉ុន ហើយយើងនឹងព្យាយាមអភិវឌ្ឍរូបគេក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត»។

Asano នឹងបន្ថែមជម្រើសទៅលើក្រុម Arsenal ក្រោយពីការប្រមាញ់ទិញខ្សែប្រយុទ្ធ Jamie Vardy បានបញ្ចប់ទាំងបរាជ័យ។ លោក Wenger បានបញ្ជាក់ថា៖ «រូបគេបានជ្រើសរើសយកការបន្តការលេងនៅឯក្លិប Leicester ហេតុនេះសូមសំណាងល្អដល់រូបគេ»។ Asano ដែលការផ្ទេររបស់គេនឹងត្រូវបំពេញក្រោយពីការត្រួតពិនិត្យសុខភាពនោះ ត្រូវបានរំពឹងទុកថា នឹងហ្វឹកហាត់ជាមួយនឹងក្រុមជម្រើសដំបូងរបស់ Arsenal។

រូបគេនឹងក្លាយជាកីឡាករជប៉ុនទី៣ក្នុងការស្ថិតក្រោមការដឹកនាំរបស់លោក Wenger នៅឯ Arsenal បន្ទាប់ពីខ្សែបម្រើ Junichi Inamoto និង Ryo Miyaichi។ រូបគេនឹងចូលរួមជាមួយនឹងខ្សែបម្រើ Granit Xhaka ក្នុងនាមជាកីឡាករចំណូលថ្មីរបស់ Arsenal នារដូវក្តៅនេះ៕

ប្រភពព័ត៌មាន៖ The Guardian