កម្មករ​ដេក​យាម​រោងចក្រ​ទារ​សំណង​​ ខណៈ ILO រក​ឃើញ​ភាព​ប្រសើរ

ភ្នំពេញៈ កម្មកររោងចក្រ Chung Fai នៅចាក់អង្រែក្រោមខណ្ឌមានជ័យជិត ២០០ នាក់បានដេកយាមរោងចក្រព្រោះខ្លាចម្ចាស់លួចដឹកអីវ៉ាន់ចេញ និងបិទរោងចក្រដោយមិនបើកប្រាក់ឈ្នួល និងទូទាត់ប្រាក់អតីតភាពខណៈដែលអង្គការ ILO បានចេញរបាយការណ៍ស្តីពីរោងចក្រកាន់តែប្រសើរបានរកឃើញភាពវិជ្ជមានបើទោះជាមានរោងចក្រខ្លះមិនអនុវត្តតាមច្បាប់ក៏ដោយ។

កញ្ញា យ៉ុង លាភ មន្រ្តីសហជីពសេរីកម្មករបានឲ្យដឹងថាកម្មករជិត ២០០ នាក់ទាមទាមឲ្យរោងចក្របើកប្រាក់ឈ្នួលខែមិថុនា និងប្រាក់អតីតភាពនៅពេលរោងចក្របិទព្រោះបច្ចុប្បន្នរោងចក្រហាក់គ្មានដំណើរនោះទេ។

កញ្ញាថា៖ «នៅថ្ងៃសុក្រកម្មករបានឃើញខាងរោងចក្រដឹកអ៊ីវ៉ាន់ចេញទើបនាំគ្នាឆោឡោ…រោងចក្របិទទ្វារគេចវេះហើយមិនបានបើកប្រាក់ឈ្នួលប្រចាំខែមិថុនា និងប្រាក់អត្ថប្រយោជន៍ផ្សេងៗទើបនាំគ្នាអង្គុយដេកនៅរោងចក្រដើម្បីយាមតែម្តង»។

កម្មការិនីម្នាក់ទៀតឈ្មោះ ជួន គិរី បានឲ្យដឹងថាកម្មករភាគច្រើនធ្វើការជាង ៨ ឆ្នាំទៅជាង ១០ ឆ្នាំនៅពេលរោងចក្របិទទ្វារពួកគេត្រូវទទួលបានប្រាក់តាមច្បាប់ដែលបានចែង។

កម្មការិនីរូបនោះថា៖ «ពួកយើងកំពុងរង់ចាំបើកប្រាក់ឈ្នួលខែមិថុនាតែរហូតមកទល់ពេលនេះស្ងាត់ឈឹងហើយថ្មីៗនេះយើងឃើញខាងរោងចក្រដឹកសម្ភារចេញ»។

លោក ជា សុជាតិ ប្រធានរដ្ឋបាលរោងចក្រនេះបានឲ្យដឹងថាលោកក៏ជាជនរងគ្រោះដែរព្រោះប្រាក់ខែមិថុនាក៏មិនទាន់បើកដោយថៅកែមិនបានទាក់ទងមកទេ។

លោកថា៖ «ចុងក្រោយថៅកែប្រាប់ថារោងចក្រក្ស័យធនតែមិនទាន់ជូនដំណឹងទេយើងកំពុងរង់ចាំដែរ»។

ការប្រមូលផ្ដុំគ្នាទារសំណងនេះកើតឡើងស្របពេលដែលអង្គការ ILO កាលពីថ្ងៃសុក្របានចេញរបាយការណ៍សំយោគលើកទី ៣៣ របស់ខ្លួនស្ដីពីកម្មវិធីរោងចក្រកាន់តែប្រសើរដោយបានរកឃើញលក្ខខណ្ឌការងារនៅរោងចក្រកាត់ដេរមានភាពប្រសើរឡើង ប៉ុន្តែបញ្ហាមិនអនុលោមតាមច្បាប់ធំៗទាំង ១០ នៅតែបន្តមាន។

ការរកឃើញនេះផ្អែកលើរបាយការណ៍វាយតម្លៃរបស់ ILO លើរោងចក្រកាត់ដេរចំនួន ៣៦១ ក្នុងចន្លោះពេលពីខែឧសភាឆ្នាំ ២០១៥ និងខែមេសាឆ្នាំ ២០១៦ ។

របាយការណ៍នេះផ្តល់នូវការយល់ដឹងទៅនឹងវិសាលភាពដែលរោងចក្រគោរពតាមច្បាប់ការងារកម្ពុជា និងអនុសញ្ញាស្នូលរបស់អង្គការ ILO។ វាត្រូវបានកត់សម្គាល់ថាមានភាពអនុលោមនៃតម្រូវការផ្នែកច្បាប់ជាច្រើនត្រូវបានដោះស្រាយយ៉ាងទូលំទូលាយនៅក្នុងឧស្សាហកម្មនេះក្នុងនោះរូមបញ្ចូលទាំងការទូទាត់ប្រាក់ឈ្នួលអប្បបរមា និងការផ្តល់ថ្ងៃឈប់សម្រាកលម្ហែមាតុភាពចំនួន ៩០ ថ្ងៃផងដែរ។លើសពីនេះទៀតចាប់ពី ២ ឆ្នាំជាប់ៗគ្នាកន្លងមកពលកម្មកុមារដែលត្រូវបានរកឃើញ (ជាទូទៅកម្មករដែលមានអាយុចន្លោះពី ១២ ទៅ ១៥ ឆ្នាំគឺបានធ្លាក់ចុះចាប់ពី ៦៥ ករណីក្នុងឆ្នាំ ២០១៣ មកត្រឹម ២៤ ករណីក្នុងឆ្នាំ ២០១៤ ហើយបន្តមកនៅ ១៦ ករណីក្នុងឆ្នាំ ២០១៥ ។

ការរកឃើញនេះក៏បានបង្ហាញពីការធ្វើឲ្យប្រសើរឡើងនូវកត្តាសំខាន់ៗមួយចំនួនចាប់ពីដើមឆ្នាំ ២០១៤ ពេលដែលកម្មករបានបន្តការអនុវត្តការងាររបស់ខ្លួនមកវិញ។ នៅពេលប្រៀបធៀបស្ថានភាពមុន និងក្រោយការធ្វើរបាយការណ៍ជាសាធារណៈការធ្វើឲ្យប្រសើរឡើងនោះរួមមានការអនុលោមតាមច្បាប់ដែលទាក់ទងនឹងតម្រូវការនៃការរៀបចំការជម្លៀសចេញពេលមានអាសន្នឲ្យបានទៀងទាត់ ១៣ ភាគរយទ្វារចេញពេលមានអាសន្នពុំមានចាក់សោ ១០ ភាគរយ ការមិនរើសអើងចំពោះកម្មករ ៦ ភាគរយ និងកត្តាផ្សេងៗទៀត។ លើសពីនេះទៀត ៤៧ ភាគរយនៃរោងចក្របានអនុលោមនឹងបញ្ហាចម្បងៗទាំង ២១ ចំណុចចាប់តាំងពីការរាយការណ៍ជាសាធារណៈបានត្រឡប់មកវិញដែលបានបន្តកើនឡើង ២៨ ភាគរយដោយគ្រាន់តែរយៈពេល ២ ឆ្នាំប៉ុណ្ណោះ។

ទន្ទឹមនឹងនេះរបាយការណ៍នេះក៏បានបង្ហាញផងដែរថាបញ្ហាភាពមិនបានអនុលោមទៅតាមច្បាប់ចំនួន ១០ ធំៗក៏នៅតែបន្តកើតមានដូចគ្នានឹងបណ្ដាឆ្នាំមុនៗដែរដែលក្នុងនោះរួមមានបញ្ហាសុវត្ថិភាពនៅកន្លែងការងារ ការធ្វើការថែមម៉ោង និងកម្រិតសីតុណ្ហភាពក្នុងរោងចក្រ។

ទោះជាយ៉ាងណា លោកស្រី អិស្ព័រហើមិនស៍ ប្រធានគ្រប់គ្រងកម្មវិធីរោងចក្រកាន់តែប្រសើរបានលើកឡើងថា៖ «ខណៈពេលដែលការកើនឡើងនៃកម្រិតអនុលោមតាមច្បាប់មួយគឺជាសញ្ញាវិជ្ជមានសម្រាប់វិស័យឧស្សាហកម្មកាត់ដេរ និងកម្មករនិយោជិតតែវាក៏មានតម្រូវការមួយចំនួនសម្រាប់ការកែលម្អបន្ថែមទៀតនៅក្នុងផ្នែកនៃការមិនអនុលោមតាមច្បាប់មួយចំនួនដែលត្រូវបានបង្ហាញនៅក្នុងរបាយការណ៍នេះ»ផងដែរ ៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍