លោករដ្ឋមន្ដ្រីក្រសួងបរិស្ថាន អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខកងទ័ពជើងទឹក

លោករដ្ឋមន្ដ្រីក្រសួងបរិស្ថាន អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខកងទ័ពជើងទឹក



ខេត្ដ​ព្រះសីហនុ៖  លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​អញ្ជើញ​ជួប​សំណេះសំណាល​សួរសុខទុក្ខ​នាយ​នា​វី នាយ​នា​វី​រង និង​ពល​នាវិក នៃ​កងទ័ពជើងទឹក​មូលដ្ឋាន​សមុទ្រ ក្នុងភូមិ​សាស្ត្រ​ឃុំ​រាម ស្រុក​ព្រៃនប់។

ពិធី​ជួប​សំណេះសំណាល​សួរសុខទុក្ខ​នេះ ត្រូវបាន​ធ្វើឡើង កាលពី​រសៀល​ថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០១៦ ក្រោម​ការ​អមដំណើរ ដោយ​មន្ដ្រីក្រោមឱវាទ​ជាច្រើនរូប។

ក្រោយពី​ ឧ​ត្ត​មនា​វី​ឯក អ៊ុក សីហា មេបញ្ជាការរង​កងទ័ព​ជើង​ទឹក និង​ជា​មេបញ្ជាការ​មូលដ្ឋាន​សមុទ្រ រាយការណ៍​អំពី​ប្រវត្តិ​និង​ស្ថានភាព​ការងារ​របស់​មូលដ្ឋាន​សមុទ្រ​រួចមក លោក​រដ្ឋមន្ត្រី​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ ពី​សំណាក់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ជូន​ចំពោះ​នាយ​នា​វី នាយ​នា​វី​រង និង​ពល​នាវិក​ទាំងអស់ ដែល​បាននិងកំពុង​ឈរជើង​ការពារ​បូរណភាព​ដែនសមុទ្រ​ក្នុងនាម​ជា​ឆ្នាំ​ចាំ​យាម ដើម្បី​បុព្វហេតុ​ជាតិ មាតុភូមិ និង​ប្រជាជន។

លោករដ្ឋមន្ដ្រីក្រសួងបរិស្ថាន អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខកងទ័ពជើងទឹក

លោក​រដ្ឋមន្ត្រី បាន​ជម្រាបជូន​អង្គពិធី​ទាំងមូល អំពី​សមិទ្ធផល និង​វឌ្ឍនភាព​នៃ​កំណែទម្រង់​ក្នុង​វិស័យ​គាំពារ​បរិស្ថាន ការអភិរក្ស​ជីវៈចម្រុះ ជាពិសេស​ការពង្រឹង​ប្រសិទ្ធភាព​ការងារ​គ្រប់គ្រង​ធនធានធម្មជាតិ តាមរយៈ​ការដោះស្រាយ​បញ្ហា​ទាំង​ជម្លោះដីធ្លី ការ​លុប​គម្រោង​វិនិយោគ​សម្បទាន​ដី​សេដ្ឋកិច្ច ការបន្ថយ​រយៈពេល​វិនិយោគ​មក​នៅត្រឹម ៥០ ឆ្នាំ និង​ការជំរុញ​ការរៀបចំ​ព្រៃ​ឡង់ និង​ព្រៃ​មួយចំនួនទៀត​ឲ្យ​ទៅជា​តំបន់ការពារធម្មជាតិ។

លោក​រដ្ឋមន្ត្រី ក៏បាន​អញ្ជើញ​ពិនិត្យ​ការងារ​ជួសជុល​នាវា ពិនិត្យ​សំណង់​អគារ​ការិយាល័យ​ភស្តុភា និង​ទស្សនា​គោលដៅសំខាន់ៗមួយចំនួនទៀត នៅក្នុង​មូលដ្ឋាន​កងទ័ពជើងទឹក​សមុទ្រ៕

លោករដ្ឋមន្ដ្រីក្រសួងបរិស្ថាន អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខកងទ័ពជើងទឹក