នាង​ក្រមុំ​ដើរ​រើស​ខ្យង​តាម​វាលស្រែ​ បាត់​ខ្លួន​ពេញ​មួយថ្ងៃ​ ​​ប្រទះ​ឃើញ​លង់ទឹក​ស្លាប់

នាង​ក្រមុំ​ដើរ​រើស​ខ្យង​តាម​វាលស្រែ​ បាត់​ខ្លួន​ពេញ​មួយថ្ងៃ​ ​​ប្រទះ​ឃើញ​លង់ទឹក​ស្លាប់



កណ្ដាល ​៖ ​នាងក្រមុំ​វ័យ​១៨​ឆ្នាំ​បាន​សុំ​ម្ដាយ​ទៅ​ដើរ​រើស​ខ្យង​តាម​វាលស្រែ​យក​មក​ធ្វើ​ម្ហូប​ ​ហើយ​ក៏​បាន​បាត់​ខ្លួន​ពេញ​មួយថ្ងៃ​មិន​ដឹង​ជា​​ទៅ​ទីណា​ ធ្វើ​ឲ្យ​ក្រុម​គ្រួសារ ​និង​អ្នក​ភូមិ​មាន​ការ​ព្រួយបារម្ភ​នាំគ្នា​ដើរ​រក​ស្ទើរ​គ្រប់​ច្រកល្ហក​ ទីបំផុត​បាន​ឃើញ​ស្បែកជើង​នៅ​មាត់​រណ្ដៅ​ដី​ ដែល​គេ​ជីក​ ដោយ​មាន​ការ​សង្ស័យ​អ្នកភូមិ​ក៏​​​យក​សំណាញ់​ទៅ​បង់​រាវរក​ទើប​ឃើញ​សព​ជនរងគ្រោះ​លង់ទឹក​ស្លាប់​បាត់​ទៅ​ហើយ។

គេ​បាន​ប្រទះឃើញ​សព​នាងក្រមុំ​រូប​នេះ​កាលពី​វេលា​ម៉ោង​១៨​​និង​៣០​នាទី ​ព្រលប់​ថ្ងៃ​ទី​៣ ខែ​កក្កដា​ឆ្នាំ​២០១៦​ នៅ​ចំណុច​ស្រះ​ទឹក​ក្រោយ​ផ្ទះ​លោក​ភិន សុ​ផេ​ត ស្ថិត​ក្នុង​ភូមិ​ព្រៃ​ក្រាយ ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល​ ខេត្ត​កណ្ដាល ​ដែល​ចម្ងាយ​ពី​ផ្ទះ​ជនរងគ្រោះ​ប្រហែល​៦០០​ម៉ែត្រ​ប៉ុណ្ណោះ។

ជនរងគ្រោះ​ឈ្មោះ ហុង លក្ខិណា ភេទ​ស្រី អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ​មុខរបរ នៅផ្ទះ។

តាម​ស្ត្រី​ជា​ម្ដាយ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​ នៅ​វេលា​​​ម៉ោង​ប្រហែល​៨​និង​៣០​នាទី​ព្រឹក​ជនរងគ្រោះ​បាន​សុំ​​​​​​​​ម្ដាយ​ទៅ​រក​រើស​ខ្យង​នៅ​ឯ​វាលស្រែ​ខាង​កើត​ភូមិ។ លុះដល់​ម៉ោង​ប្រហែល​១១​ថ្ងៃត្រង់​ទៅ​ហើយ​ ម្ដាយ​មិន​ឃើញ​កូន​ត្រឡប់​មក​ផ្ទះ​វិញ​ ក៏​ប្រាប់​បងប្អូន ​និង​អ្នកភូមិ​ឲ្យ​ជួយ​ដើរ​រក ពោល​គឺ​ដើរ​រក​គ្រប់​ច្រកល្ហក​នៅ​ក្បែរ​ភូមិ​នោះ​ នៅតែ​រក​មិន​ឃើញ​រហូត​​​ដល់​ល្ងាច​បន្លិច​បាន​នាំ​គ្នា​ទៅ​មើល​មាត់​ស្រះ​ទឹក​ខាង​ក្រោយ​ភូមិ​ ក៏​​ប្រទះឃើញ​ស្បែកជើង​ជនរងគ្រោះ​នៅ​មាត់ទឹក​នោះ។ ដោយមាន​ការសង្ស័យ​អ្នកភូមិ​បាន​នាំ​គ្នា​យក​សំណាញ់​មក​បង់​រក​សព​មនុស្ស​ដូច​បង់​រក​ត្រី​​អញ្ចឹង ​ហើយ​ក៏​បាន​ប្រទះឃើញ​សព​ជនរងគ្រោះ​ដូច​អ្វី​ដែល​គេ​គិត​នោះ​មែន។ ស្រះ​ទឹក​នោះ​មាន​ជម្រៅ​ប្រហែល​៥​ម៉ែត្រ ​ដែល​គេ​ជីក​កាលពី​ពេល​កន្លងមក។

តាម​ការពិនិត្យ​របស់​ជំនាញ​ស្រុក​ និង​ប៉ុស្តិ៍ អាជ្ញាធរ គ្រូពេទ្យ​បាន​ឲ្យ​ដឹង​ថា ​សព​ជនរងគ្រោះ​ស្លាប់​ដោយសារ​លង់ទឹក​ប្រាកដ​មែន​ ពុំ​មាន​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​អ្វី​ឡើយ។

ពេលនេះ​សព​ជនរងគ្រោះ​ត្រូវ​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម ប្រពៃណី៕