មិន​មែន​ជា​ការ​ប្រើ​ដំបង​នៃ​សេចក្ដី​ស្រឡាញ់​នោះ​ទេ តែ​គឺជា​ប្រើប្រាស់​បេះដូង​នៃ​ក្តី​ស្រឡាញ់​ ដើម្បី​បរិស្ថាន​ក្រុង​ស្អាត

មិន​មែន​ជា​ការ​ប្រើ​ដំបង​នៃ​សេចក្ដី​ស្រឡាញ់​នោះ​ទេ តែ​គឺជា​ប្រើប្រាស់​បេះដូង​នៃ​ក្តី​ស្រឡាញ់​ ដើម្បី​បរិស្ថាន​ក្រុង​ស្អាត

សៀមរាប ៖ លោក ហ៊ី​រ៉ូ​កា​ហ្សុ តា​កា​ហា​ស៊ិ បាន​និយាយ​បញ្ជាក់​យ៉ាង​ដូច្នេះ មុន​ពេល​ដែល​លោក​បាន​ផ្ដល់​បទសម្ភាសន៍​មួយ អ្នកកាសែត​យើង​ នា​ព្រឹក​ថ្ងៃអាទិត្យ ទី​០៣ ខែកក្កដា ឆ្នាំ​២០១៦ នៅ​គេហដ្ឋាន​របស់​លោក ដែល​ជា​កន្លែង​លក់​ភេសជ្ជៈ ទឹក​ផ្លែឈើ​ស្រស់ នា​ភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប។

វា​ដូចដែល​ប្រជាពលរដ្ឋ​ក្រុង​សៀមរាប​ខ្លះ​បាន​ជួបប្រទះ ពិសេស​អ្នកភូមិ​តាភុល​តែ​ម្តង បាន​បង្ហើប​ប្រាប់ថា ៖ មាន​ជនជាតិ​ជប៉ុន​មួយ​ក្រុម តែងតែ​ដើរ​រើស​សំរាម​ជា​រៀងរាល់​ព្រឹក តាម​បណ្តោយ​ផ្លូវ​ប្រហែល​ជាមួយ​គីឡូម៉ែត្រ នៃ​ភូមិ​តាភុល​នេះ ។

លោក ហ៊ី​រ៉ូ​កា​ហ្សុ បាន​និយាយ​បញ្ជាក់​បន្ថែម​ថា ៖ អស់​រយៈពេល​ប្រហែលជា​៣​ខែ​មក​ហើយ គឺ​ចាប់​តាំង​ពី​លោក​បាន​មក​រស់នៅ និង​ប្រកបមុខរបរ​ជា​អ្នកលក់​ភេសជ្ជៈ ទឹក​ផ្លែឈើ​ស្រស់ នៅ​ក្នុង​ភូមិ​តាភុល​នេះ លោក​និង​ភរិយា​លោក រួមទាំង​មិត្ត​ភ័ក្តិ ព្រម​ជាមួយនឹង​បុគ្គលិក​ខ្មែរ ពីរ បី នាក់​ទៀត តែង​តែ​បាន​សម្អាត​បរិ​ស្ថាន​(​រើស​សំរាម​)​តាម​ដង​ផ្លូវ​តាភុល ជា​រៀងរាល់​ព្រឹក។

លោក ហ៊ី​រ៉ូ​កា​ហ្សុ បាន​បញ្ជា​ក់ ថា ៖ បញ្ហា​សំរាម​នៅ​តាម​ដង​ផ្លូវ​មួយ​នេះ វា​មិនមែន​ជា​ការ​កើត​បញ្ហា​ដ៏​អាក្រក់​ពេក​នោះ​ទេ។ រថយន្ត​ដឹក​សំរាម​មក​ប្រមូល​យក​ជា​រៀងរាល់ថ្ងៃ ក៏ប៉ុន្តែ​ការ​វេច​ខ្ចប់​សំរាម មុន​ពេល​ឡាន​សំរាម​មក​ទទួលយក​នោះ ពុំបាន​ត្រឹមត្រូវ វា​បណ្ដាល​ឲ្យ​សំរាម​រាយប៉ាយ ដោយ​ប្រការ​ផ្សេងៗ​មួយ​ចំនួន និង​មាន​សំរាម​មួយ​ចំនួនទៀត ត្រូវ​បាន​គេ​បោះចោល​ដោយ​គ្មាន​ការ​ទទួល​ខុស​ត្រូវ​ផង​ដែរ។ លោក​ថា​ តាម​ពិតទៅ ការ​រើស​សំរាម​របស់​ពួកគាត់ ទី​១ គឺជា​ទម្លាប់​របស់​ពួកគាត់ ទី​២ ចង់​ឲ្យ​បងប្អូន​អ្នកជិតខាង ទទួលយក​ទម្លាប់​នេះ ( សម្អាត​បរិស្ថាន ស្អាត​ជានិច្ច នៅមុខ​គេហដ្ឋាន​រៀងៗ​ខ្លួន )​ហើយ​បុគ្គលិក​អនាម័យ​ដែល​មាន​ភារកិច្ច លើក​យក​សំរាម​ដាក់​ចូល​ក្នុង​ឡាន​សំរាម​នោះ គួរ​តែមាន​ជំហរ​ទទួលខុសត្រូវ ឲ្យ​បាន​ល្អ​ជាង​មុន គឺ​កុំ​ឲ្យ​សំរាម វា​ជ្រុះ​រាយប៉ាយ​នៅ​លើ​ផ្លូវ។

បើ​ទោះជា​យ៉ាងណា លោក ហ៊ី​រ៉ូ​កា​ហ្សុ បង្ហាញ​ថា អស់​រយៈពេល​៣​ខែ​កន្លង​មក​នេះ ស្ថានភាព​នៃ​ការ​វេច​ខ្ចប់​សំរាម ការ​រក្សាទុក​សំរាម ដើម្បី​រង់ចាំ​បុគ្គលិក​អនាម័យ​ក្រុង​មក​ប្រមូល​ទទួល​យកទៅ​ចាក់ចោល​នៅ​ក្រៅ​ក្រុង​នោះ មាន​ភាព​ប្រសើរ​ឡើង​ច្រើន​ហើយ ។
លោក​ហ៊ី​រ៉ូ​កា​ហ្សុ​បាន​បង្ហាញ​ថា ពឹង​ផ្អែក​ទៅលើ​ប្រព័ន្ធ​ច្បាប់​ដែល​ត្រូវ​បាន​រឹត​បន្តឹង​ ស្តីអំពី​បរិស្ថាន អនាម័យ សោភ័ណភាព​ក្រុង និង​ការ​ព្យាយាម​អប់រំ បាញ់​ឆ្ពោះ​ទៅរក​កុមារ ដែល​ជា​ពន្លក​ថ្មី​នៃ​សង្គម សង្ឃឹមថា ទៅ​ថ្ងៃ​អនាគត យើង​អត់​មាន​អ្នក​បោះ​សំរាម​ចោល​ដោយ​គ្មាន​ការទទួលខុសត្រូវ​នោះ​ឡើយ​៕