វ៉ាន់ នីឡា សុំទោសអ្នកស្អប់ ដែលរូបនាងមិនអាចតម្រូវចិត្ត បានតទៅទៀត!

ភ្នំពេញ៖ តារាចម្រៀងស្រី ក្នុងផលិតកម្មភ្លេងរីខត កញ្ញា វ៉ាន់ នីឡា នៅតែបង្ហាញអារម្មណ៍ឈឺចាប់ឥតស្រាកស្រាន្ត ទោះបីពេលនេះ មានមនុស្សជាច្រើន បានជ្រោមជ្រែង និងផ្តល់កម្លាំងចិត្តដល់នាងក៏ដោយ។

ស្របពេល រួបថតអាក្រាតកាយរបស់នាង ត្រូវបានបែកធ្លាយជាសារធាណៈបែបនេះ កញ្ញា វ៉ាន់ នីឡា តែងបរិយាយពាក្យពេចន៍ដែលមានក្នុងបេះដូងរបស់នាង តាមបណ្តាញសង្គមជារឿយៗឲ្យអ្នកគាំទ្របានដឹង ដើម្បីឲ្យធូរក្នុងចិត្តខ្លះ។ 

កញ្ញា វ៉ាន់ នីឡា បានសរសេររៀបរាប់ ក្នុងហ្វេសប៊ុក កាលពីម្សិលមិញនេះថា "ខ្ញុំនឹងញញឹមឲ្យបានច្រើន ដើម្បីបងប្អូនដែលស្រលាញ់ខ្ញុំទាំងអស់ ពួកគាត់បារម្មណ៍ និងខ្វល់ខ្វាយអំពីសុខទុក្ខរបស់ខ្ញុំណាស់។ ហើយក៏សូមអភ័យទោស សំរាប់អ្នកដែលស្អប់ខ្ញុំមួយចំនួនតូចផង ដែលខ្ញុំមិនអាចតម្រូវចិត្តអ្នកបានតទៅទៀត ដោយយកទឹកភ្នែកជំនួសស្នាមញញឹមដែលខ្ញុំធ្លាប់មាន សូមទោសដែលខ្ញុំញញឹមទៅ ធ្វើឲ្យអ្នកមិនសប្បាយចិត្ត ហើយម្យ៉ាងវិញទៀត បើការទទួលស្គាល់ដឹងកំហុសរបស់ខ្ញុំបែរជាទទួលមកវិញនៅពាក្យអសុរសមួយចំនួន ពីបងប្អូនខ្លះក៏ពិតមែន ប៉ុន្តែអ្វីដែលសំខាន់ ខ្ញុំមិនក្បត់ឧត្តមគតិខ្លួនឯង ហើយក៏ខ្ញុំមិនធ្វើជាមនុស្សដែលបោកប្រាស់ខ្លួនឯងដែរ! ខ្ញុំសប្បាយរីករាយ នឹងរស់នៅជាមួយនិងការពិត ។ ឧ. រឿងអ្វីមួយ បើខ្ញុំខុស មិនចាំបាច់មានអ្នកណាមកចាប់ខ្ញុំឲ្យទៅទទួលកំហុសទេ គឺខ្ញុំស្មគ្រ័ចិត្តដើរទៅទទួលទោសដោយខ្លួនឯង .. នេះគឺជាខ្ញុំ!"

រហូតដល់ពេលនេះ កញ្ញា វ៉ាន់ នីឡា នៅតែមិនអាចរកឃើញតម្រុយជាក់លាក់ណាមួយ ក្នុងការស្វែងរកមុខ ជនអនាមិក ដែលទម្លាយរូបអាក្រាតរបស់នាងនោះទេប៉ុន្តែ រូបនាងនៅតែព្យាយាម និងមានក្តីសង្ឃឹមជានិច្ច ក្នុងរឿងនេះ។

គួររំលឹកផងដែរ ការបែកធ្លាយរូបអាក្រាតរបស់តារាចម្រៀង វ៉ា់ន់ នីឡា គឺបានកើតឡើង បន្ទាប់ពីរូបនាងផ្ទុះជម្លោះ និងចែកផ្លូវគ្នាជាមួយអតីតសង្សារ ដែលត្រូវបានប្រភពព័ត៌មានប្រាប់ឲ្យដឹងថាឈ្មោះ សិទ្ធិ ស័កិ្ត អាយុ២៦ឆ្នាំ មានតួនាទីជាប៉ូលិសស័ក្ដិបួនកន្លះ និងត្រូវជាកូនមន្រ្តីប៉ូលិសពាក់ផ្កាយ៣ ដ៏មានអំណាចមួយរូប បម្រើការងារនៅក្រសួងមហាផ្ទៃ។ ចំពោះរូបអាក្រាត ដែលបានបែកធ្លាយ ជាបន្តបន្ទាប់នោះ ត្រូវបានម្ចាស់សាមីខ្លួន គឺកញ្ញា វ៉ាន់ នីឡា ដាក់ការសង្ស័យថា អតីតសង្សាររបស់នាងជាអ្នកទម្លាយ ព្រោះមានតែរូបគេម្នាក់ទេ ដែលមានរូបអាក្រាតរបស់នាងនៅក្នុងដៃ ពេលពួកគេទាំងពីរ នៅល្អូកល្អឺននឹងគ្នា។

ក្រោយពីមានការរិះគន់ និងវាយប្រហារទៅលើអតីតសង្សារ លោក សិទ្ធិសក្តិ បានចេញមុខបកស្រាយ នៅលើ Facebook ផ្ទាល់ខ្លួន របស់លោកថា «ព្រោះតែប្រជាប្រិយភាពអាច ធ្វើអោយមនុស្សប្រើ គ្រប់កលល្បិចនិពន្ធ ប្រឌិតរឿង ដែលមិនពិតវាយ ប្រហារបរិហារ កេរ្តិ៍ ! មិនមាត់មិនមែនខ្ញុំខុសនោះទេ ក៏ព្រោះវាហួសចិត្តមិនចង់មានរឿងមានហេតុបំណុល មានម្ចាស់ទះដៃម្ខាងម្តេចនឹងលឺ? ហើយកុំឆ្លៀតឳកាសយករឿងផ្សេង ដែលមិនល្អមកឲ្យ ពាក់ព័ន្ធនឹងគេដែលមិនដឹងអោយសោះល្មមឈប់ទៅ ! ស្នាដៃនិពន្ធនឹងគំនិតឆ្នៃប្រឌិតដ៏ល្អ របស់អ្នកគួរទុកប្រើ ក្នុងផ្លូវប្រសើរត្រឹមត្រូវវិញទៅ ការអត់ធ្មត់មានកំនត់!គំនុំគុគួនបំផ្លាញ អ្នកដទៃអាក្រក់ខ្លាំណាស់ ! សូមពិចារណា »។ បើទោះបីជាយ៉ាងណា ក្រោយពីរូបអាក្រាតកាយរបស់ តារាចម្រៀងប្រចាំផលិតកម្ម ភ្លេងរីខដ កញ្ញា វ៉ាន់ នីឡា បានដាក់ពាក្យបណ្តឹង ទៅក្រសួងមហាផ្ទៃដើម្បីស្វែងរកយុត្តិធម៌ ដូច្នេះចង់ដឹងថាជនអនាមិក ដែលបង្ហោះរូបអាក្រាត របស់នាងជាអ្នកណា មានតែរង់ចាំលទ្ធផល ពីសមត្ថកិច្ច ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload