ខ្យល់​កន្ត្រាក់​ភ្លៀង​ផ្គរ​ បាន​ឆក់​យក​ជីវិត​ស្ត្រី​ម្នាក់​កំពុង​នេសាទ​ត្រី​ក្នុង​បឹង​

ខ្យល់​កន្ត្រាក់​ភ្លៀង​ផ្គរ​ បាន​ឆក់​យក​ជីវិត​ស្ត្រី​ម្នាក់​កំពុង​នេសាទ​ត្រី​ក្នុង​បឹង​



ភ្នំពេញ ៖ ខ្យល់​កន្ត្រាក់​ភ្លៀង​ផ្គរ​រន្ទះ ព្រមទាំង​មាន​រលក​បក់​មក​ធំៗ​ផង​នោះ បាន​បក់​កួច​យក​ជីវិត​ស្ត្រី​ម្នាក់ ដែល​កំពុងតែ​នេសាទ​ត្រី​ជាមួយ​ប្តី​នៅ​ក្នុង​បឹង​តា​មោក បណ្ដាល​ឲ្យ​ស្លាប់​១​យប់​១​ថ្ងៃ ​ទើប​រក​ឃើញ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​​២​និង​៥៥ នាទី រសៀល​ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ ២០១៦ ស្ថិតនៅ​ចំណុច​បឹង​តា​មោក ភូមិធំ​ត្បូង សង្កាត់​ពញ្ញាពន់ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ក្នុង​ហេតុការណ៍​លិច​ទូក​នេះ​មានឈ្មោះ​ សោម អូន ភេទ​ស្រី អាយុ​៣០ ឆ្នាំ មុខរបរ​នេសាទ​ត្រី ដែល​មាន​ប្តី​ឈ្មោះ​ យ៉ង យ៉ុង ហៅ​ចក អាយុ ៣៥ ឆ្នាំ មុខរបរ​អ្នកនេសាទ មាននៅ​ក្នុង​ភូមិធំ​ត្បូង សង្កាត់ ពញ្ញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ។

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ គឺ​មាន​ប្តី​ប្រពន្ធ​២​នាក់​បាន​នាំគ្នា​ជិះ​ទូក​មួយ​គ្រឿង​ចេញទៅ​នេសាទ​ត្រី​ជាង​រៀងរាល់ថ្ងៃ​ជាប្រចាំ​ ដើម្បី​ចិញ្ចឹមជីវិត ក្រោយពី​ចេញ​ទូក​ទៅដល់​កណ្ដាល​ផ្ទៃ​បឹង​ស្រាប់តែ​ជួប​គ្រោះ​អកុសល​ត្រូវ​ខ្យល់ព្យុះ​លាយឡំ​ នឹង​ភ្លៀង​ផ្គរ​រន្ទះ ព្រមទាំង​មាន​រលក​បក់​មក​ធំៗ​បណ្ដាល​ឲ្យ​លិច​ទូក បាត់​ប្រពន្ធ​នៅ​ក្នុង​ទឹកតែ​ម្តង។

ប្រភព​ពី​ប្តី​របស់​ស្ត្រី​រងគ្រោះ​បាន​ឲ្យ​ដឹង​ថា បន្ទាប់ពី​ខ្យល់ព្យុះ​លាយឡំ​នឹង​ភ្លៀង​ផ្គរ​រន្ទះ ព្រមទាំង​មាន​រលក​បក់​មក​ធំៗ​បណ្ដាល​ឲ្យ​លិច​ទូក​ភ្លាមៗ​នោះ រូប​គាត់​បាន​ខំ​ស្រែកហៅ​ប្រពន្ធ ហើយ​ខំ​ជ្រមុជ​រាវរក​ និង​ស្រែកហៅ​ឲ្យ​គេ​ជួយ​រកប្រពន្ធ​ដែរ តែ​ភ្លាម​នោះ​ ដោយ​ខ្យល់ ​និង​រលក​បោកបក់​ខ្លាំង​ផង មិន​ដឹង​ថា ​ប្រពន្ធ​របស់​ខ្លួន​ បាន​លិច​បាត់​ទៅ​ទីណា​ទេ។ ក្នុង​ការ​លិច​បាត់​ភ្លាមៗ មាន​ទូក​អ្នកនេសាទ ទូក​សមត្ថកិច្ច​ប៉ូលិស​តាម​ជួយ​រក​ផង​ដែរ​នៅតែ​មិន​ឃើញ​ដដែល។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្នុង​ការ​ជិះ​ទូក​និង​ចុះ​រាវ​រក ទាំង​ប្រជាពលរដ្ឋ​ ក្រុម​គ្រួសារ​ជនរងគ្រោះ និង​សមត្ថកិច្ច​ប៉ូលិស​តាំងពី​បាត់​ខ្លួន​រហូតដល់​យប់​ គឺ​រក​សព​មិន​ឃើញ​ឡើយ រហូតមកដល់​ព្រឹក​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ ២០១៦ វេលា​ម៉ោង​១០​និង​៣៥​នាទី​ព្រឹក​ ទើប​រាវ​រក​សព​ជនរងគ្រោះ​ឃើញ​។ បន្ទាប់ពី​សមត្ថកិច្ច​បាន​ធ្វើ​កោសលវិច័យ ​ឃើញ​ថា​ សព​រងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ពិត​ប្រាកដ​មែន​នោះ សមត្ថកិច្ច​ក៏​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕
ខ្យល់​កន្ត្រាក់​ភ្លៀង​ផ្គរ​ បាន​ឆក់​យក​ជីវិត​ស្ត្រី​ម្នាក់​កំពុង​នេសាទ​ត្រី​ក្នុង​បឹង​