គ្រឿងញៀន​បន្ត​រាលដាល​ក្នុង​ខេត្ត​ព្រះសីហនុ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅតែ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​បញ្ហា​អសន្តិសុខ​សង្គម​

នៅក្នុង​ទឹកដី​ខេត្ត​ព្រះសីហនុ​បច្ចុប្បន្ននេះ បទល្មើស​ផ្សេងៗ​ដូចជា ករណី​ចែកចាយ​ជួញដូរ​គ្រឿងញៀន និង​អំពើចោរកម្ម​លួច​ប្លន់ នៅតែ​កើតឡើង​គួរ​ឲ្យ​ព្រួយបារម្ភ ព្រោះ​អាជ្ញាធរខេត្ត និង​សមត្ថកិច្ច​មិនទាន់​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ប្រកបដោយ​ប្រសិទ្ធភាព​នៅឡើយ​ទេ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​នៅ​ក្រុងព្រះសីហនុ ស្រុក​ស្ទឹងហាវ ស្រុក​ព្រៃនប់ និង​ស្រុក​កំពង់​សិលា អំពាវនាវ​យ៉ាងទទូច​ឲ្យ​លោក យន្ត មីន ជា​អភិបាលខេត្ត ក៏ដូចជា​ស្នងការ​នគរបាល​ខេត្ត ព្រមទាំង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ចាត់វិធានការ​បង្ក្រាប​បទល្មើស​ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​។

កាលពី​វេលា​ម៉ោង​៣​និង​៥០​នាទី រសៀល​ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០១៦ សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន និង​អ្នកប្រើប្រាស់​គ្រឿងញៀន​៧​នាក់​នៅ​ស្រុក​កំពង់​សិលា​។ ជនសង្ស័យ​ដែល​សមត្ថកិច្ច​បង្ក្រាប​នោះ ទី​១​មានឈ្មោះ កែវ លី​ណា ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​វាល ឃុំ​កំពង់​សិលា ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ ជា​មេខ្លោង​ជួញដូរ​គ្រឿងញៀន​។ ចំណែក​អ្នក​ដទៃទៀត​គឺជា​អ្នកប្រើប្រាស់​គ្រឿងញៀន​ក្នុងនោះ​មានឈ្មោះ ហាស់ ចន្ថា ជា​ប្រពន្ធ​មេខ្លោង​ឈ្មោះ កែវ លី​ណា ផងដែរ ហើយ​ក្នុង​ប្រតិបត្តិការ​នោះ​សមត្ថកិច្ច​រឹបអូស​បាន​គ្រឿងញៀន​ប្រភេទ​មេ​តុំ​ហ្វេ​តា​មីន​៤​កញ្ចប់​ធំ ថ្នាំញៀន​គ្រាប់​ពណ៍​ឈាមជ្រូក​១២​គ្រាប់ ថ្នាំញៀន​គ្រាប់​ពណ៍​ក្រហម​១០​គ្រាប់ ម្សៅ​កាហ្វេ​១​កញ្ចប់ និង​សម្ភារៈ​សម្រាប់​ថ្លឹង​គ្រឿងញៀន ក៏ដូចជា​សម្ភារៈប្រើប្រាស់​គ្រឿងញៀន​មួយចំនួនទៀត​។

ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ បាន​ទទួលស្គាល់ថា​មួយ​រយៈពេល​កន្លងទៅនេះ​សមត្ថកិច្ច​នគរបាល និង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត បាន​ចាត់វិធានការ​បង្ក្រាប​អំពើចោរកម្ម​លួច​ប្លន់ ល្បែងស៊ីសង និង​បទល្មើស​គ្រឿងញៀន​ជា​បន្តបន្ទាប់ ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​។ ក៏ប៉ុន្តែ​តាម​ពិនិត្យ​ជាក់ស្ដែង​បទល្មើស​ផ្សេងៗ ជាពិសេស​បទល្មើស​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​នាំ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម ព្រោះ​សមត្ថកិច្ច​បង្ក្រាប​មិនចេះ​អស់​ឡើយ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​ពង្រឹង​សន្តិសុខ​សង្គម​ក្នុង​ខេត្ត​ព្រះសីហនុ​ជាបន្ទាន់ ព្រោះ​បច្ចុប្បន្ន​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មិនទាន់​អាច​បង្ក្រាប​បទល្មើស​ប្រកបដោយ​ប្រសិទ្ធភាព​នោះទេ​៕

fn-2016-07-04-07-36-10-0-500x282 fn-2016-07-04-07-36-10-1-500x318