ករណី​លក់​ដី​អូរ​របស់​រដ្ឋ និង​ដី​ពលរដ្ឋ​នៅ​ស្រុក​ល្វាឯម មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​

តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​រស់នៅ​ម្ដុំ​វត្ត​ស្វាយជ្រំ ជាប់​ព្រំប្រទល់​ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្ដាល បាន​ឲ្យ​ដឹងថា​ដី​អូរ​របស់​រដ្ឋ​និង​ដីធ្លី​ប្រជាពលរដ្ឋ​ជិត​២០​ហិកតា ត្រូវបាន​គេ​ឃុបឃិត​គ្នា​លក់​ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ​ដោយ​គ្មាន​ការយល់ព្រម​ពី​ប្រជាពលរដ្ឋ​។ ជុំវិញ​បញ្ហា​នេះ​ប្រជាពលរដ្ឋ​ម្ចាស់​ដី​បាន​អះអាងថា អាជ្ញាធរ​ឃុំ និង​អាជ្ញាធរ​ស្រុក ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ទើប​គេ​អាច​លក់​ដី​អូរ​របស់​រដ្ឋ និង​ដី​ប្រជាពលរដ្ឋ​ជាង​២០​ហិកតា​បាន​ដោយ​រលូន​។ ចំណែក​ក្រុមហ៊ុន​ដែល​ទិញយក​ដី​ប្រជាពលរដ្ឋ​នៅ​អម​សងខាង​អូរ កំពុង​ត្រៀម​សាងសង់​ផ្ទះល្វែង​លក់ ក្នុងខណៈដែល​ប្រជាពលរដ្ឋ​ម្ចាស់​ដី​នាំគ្នា​តវ៉ា​ឲ្យ​អាជ្ញាធរ​ខេត្តកណ្ដាល ជួយ​ដោះស្រាយ​។

តំណាង​ពលរដ្ឋ​មួយរូប​ក្នុងចំណោម​ពលរដ្ឋ​១៤១​គ្រួសារ​ដែល​រង​ផលប៉ះពាល់​ដោយសារ​មន្ត្រី​អាជ្ញាធរ​ឃុបឃិត​គ្នា​លក់​ដី​អូរ បាន​អំពាវនាវ​ឲ្យ​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល ជួយ​ដោះស្រាយ​ដល់​ពួកគាត់​ជាបន្ទាន់​។ តំណាង​ពលរដ្ឋ​បានបញ្ជាក់​ទៀតថា ពួកគាត់​មិនបាន​ផ្ដិតមេដៃ​លើ​ឯកសារ​របស់​មន្ត្រី​អាជ្ញាធរ​ជាការ​យល់ព្រម​លក់​ដី​នោះទេ គឺ​មន្ត្រី​អាជ្ញាធរ​បាន​បន្លំ​ឯកសារ​បំភ័ន្ត​ប្រជាពលរដ្ឋ​ឲ្យ​យល់ព្រម​ផ្ដិតមេដៃ​។ ប្រការនេះ​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល ត្រូវ​ពិនិត្យមើល​ទង្វើ​មិន​ប្រក្រតី​របស់​អាជ្ញាធរ​ឃុំ​អរិយ​ក្សត្រ និង​អាជ្ញាធរ​ស្រុក​ល្វាឯម​ផងដែរ ព្រោះ​ពួកគេ​បានរៀបចំ​ឯកសារ​ដើម្បី​លក់​ដី​យកលុយ​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​យ៉ាង​ក្រអឺតក្រទម​។

ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ពី​ការលក់​ដី​អូរ​របស់​រដ្ឋ​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​មាន​មន្ត្រី​អាជ្ញាធរ និង​មនុស្ស​របស់​ក្រុមហ៊ុន​ដើរ​សម្លុត​គំរាម​បំភ័យ​ប្រជាពលរដ្ឋ​ឲ្យ​ទទួលយក​សំណង ប៉ុន្តែ​ពួកគាត់​មិន​ធ្វើតាម​នោះទេ បើទោះបី​ត្រូវ​ប្រឈម​នឹង​ការគាបសង្កត់​យ៉ាងណាក៏ដោយ​។ ករណី​លក់​ដី​អូរ​របស់​រដ្ឋ​និង​ដី​ពលរដ្ឋ​ជិត​២០​ហិកតា​នៅ​ល្វាឯម​នោះដែរ ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​បានដាក់​ពាក្យបណ្ដឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ទៅ​អាជ្ញាធរ​ស្រុក និង​អាជ្ញាធរខេត្ត ឲ្យ​ចាត់វិធានការ​ដោះស្រាយ​ផងដែរ ក៏ប៉ុន្តែ​មិនទាន់មាន​លទ្ធផល​យ៉ាងណា​នៅឡើយ​ទេ​។ ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល ចាត់វិធានការ​ដោះស្រាយ​ឲ្យ​បាន​ទាន់ពេលវេលា ដើម្បី​កុំ​ឲ្យ​មន្ត្រី​អាជ្ញាធរ​ខិលខូច​គំរាមកំហែង​ពួកគាត់​តាម​អំពើ​ចិត្ត​ទៀត​៕

13174218_1766010156967941_4544878285713385141_nលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល