រឿងអាស្រូវ​ពុករលួយ​របស់លោក គង់ លី អភិបាលស្រុក​ថ្មគោល ត្រូវបាន​លាតត្រដាង​

​រឿងអាស្រូវ​ពុករលួយ​របស់លោក គង់ លី អភិបាលស្រុក​ថ្មគោល ដែល​បាន​ប្រព្រឹត្ត​ច្រើន​ឆ្នាំ​មកហើយ​នោះ ត្រូវ​បើក​កកាយ​កាលពី​ព្រឹក​ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០១៦ ដែល​បញ្ហា​នេះ​អភិបាលខេត្ត​បាត់ដំបង លោក ច័ន្ទ សុផល ក៏ដូចជា​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ក្រសួងមហាផ្ទៃ មិនគួរ​មើលរំលង​នោះទេ​។ ជាមួយគ្នានេះ​តាម​ការ​បង្ហើប​ពី​មន្ត្រី​សាលាស្រុក​ថ្មគោល បាន​ឲ្យ​ដឹងថា​ក្នុង​តំណែង​ជា​អភិបាលស្រុក​ថ្មគោល ច្រើន​ឆ្នាំ​កន្លងទៅនេះ​លោក គង់ លី ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ មានន័យថា​ខិតប័ណ្ណ​ដែល​គេ​បាយ​ក្នុង​ក្រុង​បាត់ដំបង កាលពី​ព្រឹក​ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០១៦ គឺ​លាតត្រដាង​ការពិត​ជុំវិញ​រឿងអាស្រូវ​ពុករលួយ​របស់លោក គង់ លី ស្រុក​ថ្មគោល យ៉ាងច្បាស់​ក្រឡែត​។

សូមបញ្ជាក់ថា​ខិតប័ណ្ណ​ជាច្រើន​សន្លឹក​ត្រូវបាន​ជន​មិន​ស្គាល់មុខ​យកទៅ​បាច​តាមផ្លូវ​សាធារណៈ​ចំណុចដើម​ពោធិ៍​នាគ​បាញ់​ទឹក ក្រុង​បាត់ដំបង កាលពី​ព្រឹក​ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០១៦ ហើយ​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​។ ខ្លឹមសារ​នៅក្នុង​ខិតប័ណ្ណ​បានបញ្ជាក់​ពី​អំពើពុករលួយ​មួយចំនួន​របស់លោក គង់ លី អភិបាលស្រុក​ថ្មគោល ជាពិសេស​ទាក់ទង​ទៅនឹង​អំពើពុករលួយ​កេងប្រវ័ញ្ច​ថវិកា​កសាង​ផ្លូវថ្នល់​មួយ​ខ្សែ​។ នៅក្នុង​ខិតប័ណ្ណ​លាតត្រដាង​ទៀតថា ថវិកា​ធ្វើ​ផ្លូវ​នោះ​ជា​មូលនិធិ​សម្រាប់​គាំទ្រ​ការអភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ក៏ប៉ុន្តែ​ត្រូវបាន​លោក គង់ លី និង​បក្ខពួក​មួយ​ក្ដាប់​តូច​យកទៅ​ប្រើប្រាស់​ខុស​គោលដៅ​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​។

នៅក្នុង​ខិតប័ណ្ណ​បានបញ្ជាក់​ទៀតថា ក្នុង​តំណែង​ជា​អភិបាលស្រុក​ថ្មគោល លោក គង់ លី បាន​យក​ថវិកា​ស្រុក​មួយចំនួន​ទៅ​ចាយវាយ​ខុស​គោលដៅ​ដោយ​ពុំមាន​ការពិគ្រោះ​និង​ឆ្លង​យោបល់​ពី​ក្រុមប្រឹក្សា​ស្រុក​ឡើយ​។ ហេតុនេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង ពិនិត្យ​ទៅលើ​ទង្វើ​មិន​ប្រក្រតី​របស់លោក គង់ លី អភិបាលស្រុក​ថ្មគោល និង​បក្ខពួក​ជាបន្ទាន់​ដើម្បី​ចាត់វិធានការ​តាមច្បាប់​។ ប្រសិនបើ​លោក គង់ លី ពិតជា​ប្រព្រឹត្ត​ដូច​អ្វីដែល​ជនអនាមិក​បាច​ខិតប័ណ្ណ​នោះ គឺ​អភិបាលខេត្ត​បាត់ដំបង ក៏ដូចជា​ក្រសួងមហាផ្ទៃ ត្រូវ​ចាត់វិធានការ​ស៊ើបអង្កេត​ជាបន្ទាន់ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ប្រព្រឹត្ត​អំពើពុករលួយ​បន្តទៀត​៕

76d94470-3e94-4a1b-99c6-48f527141556លោក គង់ លី អភិបាលស្រុកថ្មគោល c330517f-a1fe-4401-ac11-8cf3f38cd6b2