លោក កង គឹម​លី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពត នៅ​ពីក្រោយ​បទល្មើស​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុងស្រុក​ឈូក និង​ស្រុក​កំពង់ត្រាច ខេត្តកំពត បាន​ឲ្យ​ដឹងថា​រហូតមក​ដល់ពេលនេះ បទល្មើស​ដឹកជញ្ជូន​ឈើ​ពី​ខេត្តកំពង់ស្ពឺ ឆ្លងកាត់​មូលដ្ឋាន​របស់​ពួកគាត់​ទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រក​តន់​ហន់ និង​ច្រក​ព្រែក​ចាក នៅតែ​បន្ត​កើតឡើង​យ៉ាង​រាលដាល​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា លោក កង គឹម​លី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពត ក៏ដូចជា​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត ឃុបឃិត​ជាមួយ​ឈ្មួញ​ឈើ​ដើម្បី​ផលប្រយោជន៍​ទើប​ឈ្ម​ញ​បន្ត​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ មន្ត្រី​អាជ្ញាធរ​ស្រុក​ឈូក និង​ស្រុក​កំពង់ត្រាច បាន​ឲ្យ​ដឹងថា​ការបង្ក្រាប​មន្ត្រី​យោធា​ជា​ឈ្មួញ​ឈើ​ម្នាក់​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ មិនបាន​បញ្ឈប់​បទល្មើស​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រក​តន់​ហន់ និង​ច្រក​ព្រែក​ចាក​នោះទេ​។

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​ខេត្តកំពង់ស្ពឺ ជាប់​ព្រំប្រទល់​ស្រុក​ឈូក ខេត្តកំពត បាន​ឲ្យ​ដឹងថា​បច្ចុប្បន្ននេះ​សកម្មភាព​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត តាម​រ៉ឺម៉ក និង​តាម​ម៉ូតូ ចេញពី​ខេត្តកំពង់ស្ពឺ ចូល​ទឹកដី​ខេត្តកំពត កើតឡើង​កាន់តែ​ខ្លាំងក្លា​ជាង​មុន​ទៅទៀត ព្រោះ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ស្ពឺ និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្តកំពត គិតតែ​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​។ តាមផ្លូវ​ពី​ខេត្តកំពង់ស្ពឺ ចូល​ខេត្តកំពត មាន​ប៉ុស្ដិ៍​ត្រួតពិនិត្យ​របស់​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​កន្លែង​ដូចជា មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​កម្លាំង​អាវុធហត្ថ​ជាដើម ក៏ប៉ុន្តែ​សមត្ថកិច្ច​ទាំងនោះ​មិន​បង្ក្រាប​សកម្មភាព​ដឹកឈើ​ខុសច្បាប់​ឡើយ​។ ក្នុង​មួយថ្ងៃៗ​រថយន្ត រ៉ឺម៉ក់ និង​ម៉ូតូ​ដឹកឈើ ឆ្លង​កាត់មុខ​ប៉ុស្ដិ៍​ត្រួតពិនិត្យ​របស់​សមត្ថកិច្ច​យ៉ាង​អនាធិបតេយ្យ ហើយ​អាច​ទៅដល់​គោលដៅ​យ៉ាង​រលូន​។

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ក្នុង​ខេត្តកំពត បាន​បង្ហើប​ឲ្យ​ដឹងថា​លោក កង គឹម​លី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពត ជា​អ្នកទទួលខុសត្រូវ​ធំជាងគេ​ករណី​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​តន់​ហន់ និង​ច្រក​ព្រែក​ចាក ស្រុក​កំពង់ត្រាច ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ សេចក្ដីរាយការណ៍​ខ្លះ​បាន​ឲ្យ​ដឹងថា ចាប់ពី​ម៉ោង​១១​និង​៣០​នាទី​យប់ មាន​រថយន្ត​ដឹកឈើ​ជាច្រើន​គ្រឿង​ឆ្លងកាត់​ពី​ខេត្តកំពង់ស្ពឺ ចូលទៅ​ស្រុក​ឈូក និង​ស្រុក​កំពង់ត្រាច ខេត្តកំពត ហើយ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​តន់​ហន់ និង​ច្រក​ព្រែក​ចាក ដោយ​គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា ចាត់វិធានការ​បង្ក្រាប​នោះទេ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​ក្នុង​ខេត្តកំពត បាន​អំពាវនាវ​ឲ្យ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ ចាត់វិធានការ​ពិនិត្យ​សកម្ម​ភាពមិនប្រក្រតីរ​ប​ស់លោក កង គឹម​លី មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពត​ជាបន្ទាន់ ព្រោះ​មន្ត្រី​រូបនេះ​ជា​ខ្នងបង្អែក​របស់​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​៕

5754ffb6-819d-485f-ae56-3e86c3d77b5d 87bba8dd-30b1-49da-ac10-619c40d92ae9 65b968cc-4ce2-4f71-9d48-6fa684666834