លក្ខណសម្បត្តិ​6​យ៉ាង​នៃ​ការ​បង្កើត​អាជីវកម្ម​ថ្មី

ការ​ប្រកប​អាជីវកម្ម​តែង​មានការ​ផ្លាស់​ប្តូរ មិន​ចំពោះតែ​អាជីវកម្ម​ខ្នាត​តូច ឬ​ធំ​ឡើយ ។ ភាព​ជា​ម្ចាស់​អាជីវកម្ម​អាច​ធ្វើ​បាន​ដោយ​ងាយស្រួល ខណៈ​ដែល​ទីផ្សារ​អន​ឡាញ​បាន​ធ្វើ​ឱ្យ​អាជីវកម្ម​នានា​កើតឡើង​ដោយ​ងាយ ។ ឱកាស​បាន​ធ្វើ​ឱ្យ​មនុស្ស​ជំនាន់​ថ្មី​ឈាន​ទៅ​ចាប់​យក​បទ​ពិសោធន៍ ដែល​ចាប់ផ្តើម​ពី​អាជីវកម្ម​ខ្នាត​តូច ខណៈ​ដែល​អាយុ​របស់​ម្ចាស់​អាជីវកម្ម​នៅ​តិច​ក្តី ។

ខាងក្រោម​នេះ គឺជា​លក្ខណសម្បត្តិ​ទាំង​៦​យ៉ាង​នៃ​ការ​បង្កើត​អាជីវកម្ម​ថ្មី ៖

១-​ជា​មនុស្ស​មាន​ចក្ខុវិស័យ​មើលឃើញ​នូវ​ឱកាស​ដែល​អ្នក​ដទៃ​ទៀត​មើល​មិនឃើញ ។ ពាណិជ្ជករ​វ័យក្មេង​នេះ​ហើយ​ដែល​ជា​អ្នក​បង្កើត​អាជីវកម្ម SME ថ្មី​ៗ​ឡើង​មក ។

២-​ហ៊ាន​សម្រេចចិត្ត​នៅ​ក្នុង​រឿង​ដែល​ទើបតែ​ចាប់ផ្តើម​គិត ហើយ​អនុវត្ត​ភ្លាម​ៗ​តែ​ម្តង ។

៣-​ជឿជាក់​យ៉ាង​មុតមាំ​ថា ខ្លួន​នឹង​អាច​ធ្វើ​បាន ទោះបីជា​រឿង​នោះ​ថ្មី​ក៏​ដោយ ដែល​គ្មាន​អ្នក​ណា​បាន​គិត​ធ្វើ​មក​ពី​មុន ក៏​គេ​នៅ​តែ​ជឿជាក់​ថា ខ្លួន​គឺជា​មនុស្ស​ដំបូង​ដែល​នឹង​ដឹកនាំ​អាជីវកម្ម​នេះ​បាន ។ អ្នក​ប្រកប​អាជីវកម្ម​ថ្មី​មិន​ចូល​ចិត្ត​ធ្វើ​តាម​អ្នក​ដទៃ​ឡើយ ។

៤-​មិន​ខ្លាច​នូវ​ឧបសគ្គ ព្រោះ​ភាព​ក្លាហាន​ជា​កត្តា​ជំរុញ​ដល់​ការ​សម្រេចចិត្ត​ចូល​ប្រឡូក​ក្នុង​អាជីវកម្ម ។

៥-​មិន​បញ្ឈប់​នូវ​ការ​គិត​របស់​ខ្លួន ហើយ​សម្លឹង​មើលទៅ​មុខជា​និច្ច ដែល​ធ្វើ​ឱ្យ​ម្ចាស់​អាជីវកម្ម​ជំនាន់​ថ្មី​អាច​រីក​លូតលាស់​បាន​យ៉ាង​ឆាប់រហ័ស ។ មនុស្ស​ខ្លះ ទោះបីជា​អាយុ​នៅ​តិច​ក្តី ក៏​អាច​ក្លាយជា​អ្នក​មានបាន​ដែរ ពីព្រោះ​តែ​ការ​គិត​មិន​ឈប់​ឈរ​របស់​ពួក​គេ ។

៦-​មិន​ខ្លាច​ការ​ចាប់ផ្តើម​ជា​ថ្មី ព្រោះ​អាច​ថា ដោយសារ​តែ​អាយុ​នៅ​តិច ទើប​ធ្វើ​ឱ្យ​អ្នក​ប្រកប​អាជីវកម្ម​ថ្មី​មិន​ខ្លាច​នូវ​ការ​បរាជ័យ​ឡើយ ហើយ​ម្យ៉ាងទៀត ពួក​គេ​នៅ​មាន​ពេលវេលា​ច្រើន​ក្នុង​ជីវិត ដែល​អាច​ចាប់ផ្តើម​សា​ជា​ថ្មី​ឡើង​វិញ​បាន ក្នុង​ករណី​ដែល​អាជីវកម្ម​របស់​ខ្លួន​ដួល​រលំ ។

សហគ្រិន​វ័យក្មេង ជាមួយនឹង​ក្តី​សុបិន​ដ៏​ធំធេង បើ​ទោះបីជា​អាយុ និង​បទ​ពិសោធន៍​ជីវិត​របស់​ខ្លួន​នៅ​ក្មេងខ្ចី​ក៏​ដោយ ក៏​ប៉ុន្តែ​ពួក​គេ​ហ៊ាន​បង្កើត​ឡើង​នូវ​អ្វី​ដែល​ថ្មី​ៗ​ប្លែក​ជា​និច្ច ដែល​ធ្វើ​ឱ្យ​ក្មេង​ជំនាន់​ក្រោយ​យក​ធ្វើ​ជា​គំរូ​តាម ៕