រ៉េន សុខពេជ្រ៖ “រៀន​​ដើម្បី​ចេះ មិន​មែន​រៀន​ ដើម្បី​តែ​ប្រឡង​​ទេ”

យុវជន រ៉េន សុខពេជ្រ អតីត​សិស្ស​ពូកែ​និទ្ទេស A មុខវិជ្ជា​រូបវិទ្យា ប្រចាំ​ឆ្នាំ​​២០១៤ បាន​ប្រាប់​ទៅ​កាន់​សិស្សានុសិស្ស នៃ​​​​វិទ្យាល័យ​ទួល​ប្រាសាទ​សែនសុខ ជាងមួយ​រយ​នាក់ថា “រៀន​​ដើម្បី​ចេះ មិន​មែន​រៀន ដើម្បី​តែ​ប្រឡង​​​ទេ”។

 

រ៉េន សុខពេជ្រ៖ “រៀន​​ដើម្បី​ចេះ មិន​មែន​រៀន​ ដើម្បី​តែ​ប្រឡង​​ទេ”

 

រ៉េន សុខពេជ្រ បាន​ឱ្យ​ដឹង​ថា លោកលើក​ឡើង​បែប​នេះ ក៏​ដោយសារ​តែ​មាន​សិស្ស​មួយរៀន ដើម្បី​តែ​ប្រឡងមួយជាប់ៗ​ប៉ុណ្ណោះ មិន​បាន​គិត​ថា ​រៀន​ដើម្បី​ចេះ រៀន​ដើម្បី​ប្រកួត​ប្រជែង និង​រៀន​ដើម្បី​ទទួល​បាន​ការងារ​ល្អនោះទេ ហើយ​ការ​រៀនទៀតសោត ​មិន​មែន​ចប់​ត្រឹម​ថ្នាក់​ទី ១២ ឡើយពោលគឺ​រៀន​មួយ​ជីវិត។

 

អតីត​សិស្ស​ឆ្នើម​នៃ វិទ្យាល័យ​ហ៊ុនសែន​ខ្សាច់កណ្ដាល​រូប​នេះ បន្ត​ថា ដើម្បី​​ទទួល​ជោគជ័យ​ក្នុង​ការ​សិក្សា សិស្ស​ម្នាក់ៗ​ត្រូវ​ចេះបែង​ចែក​ពេល​វេលា កាត់​បន្ថយ​ការ​ដើរលេង ប្រឹង​ស្វ័យ​សិក្សា ត្រូវ​ធ្វើ​លំហាត់ មិន​ត្រូវ​មើល​ស្រាយ​លំហាត់​តូច​តាច ​ជា​ពិសេស ត្រូវ​មាន​គោលដៅ​ច្បាស់​លាស់ ការ​តាំងចិត្ត និង​ឆន្ទៈ ក្នុង​ការ​សម្រេច​គោលដៅ ដោយ​​មិន​ត្រូវ​យក​ហេតុផល​លំបាក​បន្តិចបន្តួច មក​ធ្វើ​ជា​រនាំង​ក្នុង​ការសិក្សាឡើយ។
 

សុខពេជ្រ និយាយថា៖ “ខ្ញុំ​ចង់បាន​សិស្សពូកែ ខ្ញុំ​មាន​គោលដៅ​ហើយ ប៉ុន្តែអ្វីទៅជំរុញ​ឱ្យ​ខ្ញុំ ទៅ​សាលា​រាល់​ថ្ងៃ រៀន​អត់​ដែល​ឈប់។ រៀនបន្ថែម ស្វ័យសិក្សានៅផ្ទះ ខំប្រឹងរៀន គេងអត់គ្រប់…បើខ្ញុំ​គ្មាន​ការតាំងចិត្ត​ជំនះឧបសគ្គ​ទាំងនោះ​ទេ ប្រហែល​ខ្ញុំ​អត់តស៊ូប្រឹងរៀនទេ”។
 

មិន​តែ​ប៉ុណ្ណោះ ប្រភព​ក៏​បាន​បង្ហើប​​​ឱ្យ​ដឹងទៀត​​ថា ដើម្បី​រៀនពូកែ និង​ប្រជែង​នឹង​សិស្ស​ពូកែៗ សិស្ស​ត្រូវ​​ស្គាល់​ឱ្យ​ច្បាស់​ពី​ចំណុច​ខ្លាំង និង​ចំណុច​ខ្សោយ​របស់​ខ្លួន​ជាមុន​សិន។ ពេលស្គាល់​ចំណុច​ខ្លាំង​​​របស់​ខ្លួន​ហើយ ត្រូវ​​ប្រើវា​ឱ្យ​ចាំ​គោលដៅ និង​ព្យាយាម​រក​វិធីសាស្ត្រ​ មក​​បំពេញ​រាល់​កង្វះ​ខាត​ដែល​ខ្លួន​មាន។

 

“ស្គាល់​ខ្លួន​ឯង​ច្បាស់ យក​ឈ្នះ​ខ្លួន​ឯង​ឱ្យ​បាន នោះ​អ្នក​នឹង​មាន​ឱកាស​យក​ឈ្នះ​ដៃគូ​ប្រជែង”។ យុវជន សុខពេជ្រ បញ្ជាក់​។

 

 

រ៉េន សុខពេជ្រ៖ “រៀន​​ដើម្បី​ចេះ មិន​មែន​រៀន​ ដើម្បី​តែ​ប្រឡង​​ទេ”

 

ការ​លើកឡើង​របស់​និស្សិត​អាហារូបករណ៍ ១០០% ផ្នែក​វិទ្យាសាស្ត្រ​សុខាភិបាល ឆ្នាំ​សិក្សាទី២​រូប​នេះ បាន​ធ្វើ​ឡើង​ក្នុង​កម្មវិធី «មាគ៌ា​យុវជន និង ព្រីនស៍​ដើម្បី​បៃតង» របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន នៅ​វិទ្យាល័យ​ប្រាសាទ​សែនសុខ កាល​ពី​ថ្ងៃ​សៅរ៍កន្លងទៅ។​

 

ក្រៅ​ពី​ទទួលបាន​បទពិសោធន៍សិក្សាពីសិស្ស​ពូកែ សិស្សវិទ្យាល័យ​មួយ​នេះ ក៏​ទទួល​បាន​ធុង​សំរាម ៤៨ ធុង កូន​ឈើ ១៤០ ដើម ដែលក្នុង​នោះ​មាន​ដើមរំដួល ៩០ ដើម​ផង​ដែរ ពី​គ្រឹះស្ថាន​ខាងលើ។

 

កម្មវិធីនេះ​មាន​ការ​ចូលពី​លោក តុង បូរិន តំណាង​អគ្គនាយកដ្ឋាន​មធ្យមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា លោកស្រី ងិន លីណា អគ្គនាយិការង អគ្គនាយកដ្ឋាន​ចំណេះដឹង និង​ព័ត៌មានបរិស្ថាន និង​លោកគ្រូអ្នកគ្រូជាច្រើន​នាក់៕

 

 

រ៉េន សុខពេជ្រ៖ “រៀន​​ដើម្បី​ចេះ មិន​មែន​រៀន​ ដើម្បី​តែ​ប្រឡង​​ទេ”

 

ចុចអាន៖ ម៉ម ឃុនហួរ សិស្ស​ខ្លាំង​រូបវិទ្យា ប្រាប់​គន្លឹះ​រៀន​ ពូកែ

ចុចអាន៖ ជាប់​បាក់ឌុបហើយ គួរ​ប្រឡង​គ្រូ ឬ​បន្ត​ថ្នាក់​ឧត្ដមសិក្សា?

 
អត្ថបទ៖ អ៊ុំ សុភក្តិ