អាស៊ាន​ស្នើ​បណ្តា​ប្រទេសជា​ដៃគូ​សេដ្ឋកិច្ច​ក្នុង​តំបន់លុប​បំបាត់​ពន្ធ​នាំ​ចូល​92% លើ​ទំនិញ

អាស៊ាន​នឹង​ស្នើ​ទៅ​បណ្ដា​សមាជិក​ទាំង​១៦​ប្រទេស​ដែល​ជា​ដៃគូ​សេដ្ឋកិច្ច​ក្នុង​តំបន់ (RCEP) ដើម្បី​លុប​បំបាត់​ពន្ធ​នាំ​ចូល​លើ​៩២%​នៃ​ពាណិជ្ជកម្ម​ទំនិញ ក្នុង​ការ​លើកកម្ពស់​សមា​ហរ​កម្ម​សេដ្ឋកិច្ច​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ។

អគ្គនាយក​នៃ​នាយកដ្ឋាន​ការ​ចរចា​ពាណិជ្ជកម្ម លោក Sirinart Chaimun បាន​និយាយ​ថា បើ​ទោះបីជា​ប្រទេស​អាស៊ាន​ចង់បាន​សេចក្តីសម្រេច​លើ​កិច្ចព្រមព្រៀង​នេះ​ត្រឹម​ដំណាច់ឆ្នាំ​២០១៦​ក្តី ក៏​នៅ​តែ​មានការ​ជំទាស់​មួយ​ចំនួន​ជុំវិញ​សំណើ​នេះ​ដដែល ។

បណ្តា​ប្រទេស​នៃ​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច នឹង​តម្រូវ​ឱ្យ​មានការ​បោះ​ឆ្នោត ក៏​ដូច​ជា​ការ​ចរចា​លើ​បញ្ហា​នេះ​ក្នុង​ជំនួប​ប្រជុំ​រវាង​មន្ត្រី ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​៥ សីហា ខាង​មុខ នៅ​ប្រទេស​ឡាវ ។ កិច្ចព្រមព្រៀង​នឹង​ត្រូវ​បាន​ស្នើ​ឡើង​ទៅ​កិច្ចប្រជុំ​កំពូល​នៃ​ថ្នាក់ដឹកនាំ នៅ​ខែកញ្ញា​ឆ្នាំ​នេះ​ផង​ដែរ ។

ជាមួយ​គ្នា​នេះ បណ្តា​ប្រទេស​ជា​ដៃគូ​សេដ្ឋកិច្ច ក៏​ត្រៀម​ពិភាក្សា​ស្តី​ពី​ការ​ធ្វើ​សេរីភាវូបនីយកម្ម​វិស័យ​សេវាកម្ម ដែល​បច្ចុប្បន្ន​នេះ​កំពុង​ដំណើរការ​កិច្ចចរចា​ទាក់ទង​នឹង​សេវា​អាជីវកម្ម ព្រមទាំង​ភ្ជាប់​ជាមួយ​ការ​ធ្វើ​សេរីភាវូបនីយកម្ម​វិស័យ​សេវាកម្ម និង​ការ​វិនិយោគ ។

អគ្គនាយករង​នៃ​នាយកដ្ឋាន និង​ជា​ប្រធាន​ចរចា​ថៃ​របស់ RCEP លោក Ronnarong Phoolpipat បាន​និយាយ​ថា ក្រុម​មន្ត្រី​កំពុង​ព្យាយាម​បញ្ចប់​កិច្ច​ពិភាក្សា​ទាំងអស់​ឱ្យ​បាន​មុន​ខែកញ្ញា ។

ជំនួប​ប្រជុំ​រវាង​ក្រុម​មន្ត្រី​របស់ RCEP លើក​ក្រោយ គឺ​នៅ​ថ្ងៃ​ទី​១៥-១៩ សីហា ក្នុង​ទីក្រុង​ហូ​ជី​មិ​ញ ប្រទេស​វៀតណាម ។

បញ្ហា​ចោទ​សម្រាប់​ការ​ពិភាក្សា​រួម​មាន សេរីភាវូបនីយកម្ម​នៃ​ពាណិជ្ជកម្ម​ទំនិញ សេវាកម្ម ការ​វិនិយោគ ច្បាប់​កម្មសិទ្ធិបញ្ញា ច្បាប់​ក្នុង​តំបន់ នីតិវិធី​សម្របសម្រួល​ពាណិជ្ជកម្ម ស្តង់ដា​អនាម័យ ឧបសគ្គ​បច្ចេកទេស ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និក ហិរញ្ញវត្ថុ ទូរគមនាគមន៍ និង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច ។

ដើម្បី​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​បាន​ចូលរួម​បញ្ចេញមតិ បណ្តា​ប្រទេស​ជា​សមាជិក RCEP នឹង​ត្រូវ​បើកចំហ​សម្រាប់​វេទិកាសាធារណៈ​ពី​គ្រប់​វិស័យ​ពាក់ព័ន្ធ ជា​ពិសេស សហគ្រាស​ឯកជន តាម​រយៈ​បណ្តាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ដូច​ជា Twitter និង​អីុមែ​ល ។

ពី​មុន​មក​បណ្តា​ប្រទេស RCEP បាន​យល់​ស្រប​ថា ពួក​គេ​នឹង​កាត់​បន្ថយពន្ធ​នាំ​ចូល​លើ​៦៥%​នៃ​ពាណិជ្ជកម្ម​ទំនិញ​ប្រមាណ​៨.០០០-៩.០០០​មុខ និង​ឈាន​ទៅ​ការ​មិន​យកពន្ធ​តែ​ម្តង ខណៈ​ដែល​ពន្ធ​នាំ​ចូល​លើ​២០%​នៃ​ពាណិជ្ជកម្ម​ទំនិញ នឹង​មិន​ត្រូវ​យក​ទៀត​ឡើយ​ក្នុង​រយៈពេល​១០​ឆ្នាំ​ខាង​មុខ បន្ទាប់​ពី​ការ​អនុវត្ត​គោលការណ៍​នៃ​ភាព​ជា​ដៃគូ​សេដ្ឋ​កិច្ច។ រីឯ​ពន្ធ​នាំ​ចូល​ដែល​នៅ​សល់​១៥%​នៃ​ទំនិញ នឹង​ត្រូវ​ចរចា​នា​ពេល​អនាគត ស្រប​ពេល​ដែល​ទំនិញ​ទាំងនោះ​ជា​ផលិតផល​ងាយ​ផលិត​ក្នុង​ប្រទេស​នីមួយ​ៗ ។

RCEP ក៏​នឹង​ពិភាក្សា​ថា តើ​ពួក​គេ​អាច​លុប​បំបាត់​ពន្ធ​នាំ​ចូល​បាន​១០០%​លើ​ពាណិជ្ជកម្ម​ទំនិញ ឬ​អាច​កាត់​បន្ថយ​មុខទំនិញ​ឱ្យ​បាន​ច្រើន​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន ៕