ថៃ​រំពឹង​ថា​នឹង​នាំ​ចេញ​អង្ករ​បាន​9,5​លាន​តោន​នៅ​ឆ្នាំ​2016​នេះ

ប្រទេស​ថៃ ៖ អង្ករ​របស់​ថៃ​ត្រូវ​បាន​គេ​សម្លឹង​ឃើញ​ថា ការ​លក់​នឹង​កើនឡើង​ខ្លាំង​ក្នុង​ឆមាស​ទី​២​ឆ្នាំ​នេះ ខណៈ​ដែល​មន្ត្រី​ពាក់ព័ន្ធ​បាន​ទៅ​ទស្សនកិច្ច​នៅ​បណ្តា​ប្រទេស​នានា ដើម្បី​ចុះ​កិច្ចព្រមព្រៀង​បំពេញ​តាម​តម្រូវការ ។

យោង​តាម​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម លោក ស្រី Apiradi Tantraporn បានឱ្យ​ដឹង​ថា រដ្ឋលេខាធិការ​ពាណិជ្ជកម្ម​អចិន្ត្រៃយ៍ នឹង​ដឹកនាំ​គណៈប្រតិភូ​ទៅ​ធ្វើ​ទស្សនកិច្ច​ប្រទេស​ម៉ូ​សំ​ប៊ិក និង​កេ​ន​យ៉ា នៅ​ខែកក្កដា​ខាង​មុខ​នេះ ដើម្បី​បន្ត​ការ​លក់​អង្ករ​បន្ថែម​ទៀត​ក្នុង​ទ្វីបអាហ្វ្រិក ។

នៅ​ក្នុង​ខែ​ដដែល​នោះ រដ្ឋមន្ត្រី​ផ្ទាល់ (​លោក ស្រី​Apiradi Tantraporn) នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​សិង្ហ​បុរី ដើម្បី​ជំរុញ​ការ​លក់​អង្ករ​ក្នុង​ទីក្រុង​នោះ ។

លោកស្រី Apiradi មាន​ប្រសាសន៍​ថា ៖ «​យើង​រំពឹង​ថា ការ​នាំ​ចេញ​អង្ករ​នឹង​មាន​សកម្មភាព​កាន់តែ​ខ្លាំង​ក្នុង​ឆមាស​ទី​២ ។ ជាង​នេះ​ទៀត តម្រូវការ​អង្ករ​អាច​នឹង​កើនឡើង​កាន់តែ​ច្រើន​ក្នុង​រយៈពេល​នេះ ស្រប​ពេល​ដែល​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី និង​ហ្វ៊ី​លី​ពី​ន កំពុង​មាន​តម្រូវការ​នាំ​ចូល​មិន​តិច​ជាង​១​លាន​តោន​នៅ​ឆមាស​ទី​២ » ។

ប្រទេស​អីុ​រ៉​ង់ និង​អូ​ម៉​ង់ ក៏​បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​ចង់​ទិញ​អង្ករ​ពី​ប្រទេស​ថៃ​ផង​ដែរ​។ នេះ​បើ​តាម​ប្រសាសន៍​លោកស្រី​Apiradi​។

គិត​ត្រឹម​ថ្ងៃ​ទី​១៣ មិថុនា ថៃ​បាន​នាំ​ចេញ​អង្ករ​៤,៦​លាន​តោន កើនឡើង​១៣% ស្មើនឹង​៧១,៧​ប៊ី​លាន​បាត ដែល​តួលេខ​នេះ​កើនឡើង​៩% ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។ ការ​នាំ​ចេញ​ប្រមាណ​៤៤% ត្រូវ​បាន​ដឹក​ជញ្ជូន​ទៅ​ទ្វីបអាហ្វ្រិក និង​៤០%​ទៅ​ប្រទេស​នៅ​អាស៊ី ដូច​ជា ប្រទេស​ចិន ឥណ្ឌូ​ណេ​ស៊ី និង​ហ្វ៊ី​លី​ពី​ន ព្រមទាំង​១៦%​ទៀត​នាំ​ចេញ​ទៅ​អា​មេ​រិ​ក និង​បណ្តា​ប្រទេស​មជ្ឈិម​ខាងកើត​។ ដូច្នេះ ឆ្នាំ​នេះ រដ្ឋាភិបាល​ថៃ​រំពឹង​ថា នឹង​នាំ​ចេញ​អង្ករ​បាន​៩,៥​លាន​តោន ។

ទាក់ទិន​នឹង​ការ​អភិវឌ្ឍ​នេះ អគ្គនាយក​នៃ​នាយកដ្ឋាន​ពាណិជ្ជកម្ម​បរទេស លោកស្រី Duangporn Rodphaya បាន​ថ្លែង​ថា គណៈកម្មាធិការ​គោលនយោបាយ​អង្ករ​ជាតិ ដឹកនាំ​ដោយ​នាយក​រដ្ឋមន្ត្រី Prayut Chan Ocha បាន​អនុម័ត​កាលពី​ចុង​ស​ប្តា​ហ៍​មុន ស្តី​ពី​ការ​លក់​បញ្ចូល​គ្នា​ចំនួន​១,១១​លាន​តោន ពី​៨៤​ឃ្លាំង​ក្នុង​ប្រទេស ទៅ​ឱ្យ​ឈ្មួញ​ដេញថ្លៃ​ជោគជ័យ​ចំនួន​២៩​នាក់ ដែល​អ្នក​ទាំងនោះ​ហ៊ាន​ឱ្យ​តម្លៃ​ថ្លៃ​ជាងគេ ក្នុង​ការ​ដេញថ្លៃ​ចុង​ក្រោយ​នេះ ស្មើនឹង​ទឹកប្រាក់​ចំនួន​១១,៥៤​លាន​បាត ។

បរិមាណ​ដែល​បាន​អនុម័ត​ចំនួន​៥០% ស្មើនឹង​២,២៣​លាន​តោន ត្រូវ​បាន​ដាក់​ឱ្យ​ដេញថ្លៃ​លើក​ទី​១៦​នៃ​ការ​ស្តុក​អង្ករ ក្រោម​ការ​គ្រប់គ្រង​របស់​យោធា ។

កាលពី​ពាក់​កណ្តាលខែ​នេះ នាយកដ្ឋាន​រាយការណ៍​ថា ការ​ដេញថ្លៃ​លើក​ទី​១៦ បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​អ្នក​ដេញថ្លៃ​ចំនួន​៦៤​នាក់ ។ ជាមួយ​គ្នា​នេះ​ដែរ អ្នក​ដេញថ្លៃ​៣៩​នាក់​បាន​ផ្តល់​ជូន​តម្លៃ​ខ្ពស់​បំផុត ពោល​គឺ​សរុប​ចំនួន​១,៩៩​លាន​តោន ពី​១៥២​ឃ្លាំង​ក្នុង​ប្រទេស ។

ទោះបីជា​អង្ករ​ចាស់ ក៏​ការ​ដាក់​ដេញថ្លៃ​ចុង​ក្រោយ​នេះ​ទទួល​បាន​តម្លៃ​គាប់ប្រសើរ​ផង​ដែរ​។ អង្ក​រស​៥% ត្រូវ​បាន​ដាក់​លក់​ក្នុង​តម្លៃ​១០​ទៅ​១១​បាត​ក្នុង​មួយ​១​គីឡូក្រាម ខណៈ​តម្លៃ​លើ​ទីផ្សារ​ចំពោះ​អង្ករ​ថ្មី ត្រូវ​បាន​ដាក់​លក់​ក្នុង​តម្លៃ​១៣ ទៅ​១៤​បាត​ក្នុង​១​គីឡូក្រាម ៕