អាជ្ញាធរ​ក្រុងសែន​មនោរម្យដេក​លក់​ស្រួលណាស់!

ខេត្ត​មណ្ឌលគិរី ៖ ប្រជាពលរដ្ឋ​ក្នុង​ក្រុង​សែន​មនោ​រម្យ ជា​ពិសេស​ភ្ញៀវ​ទេសចរ​​ដែល​មក​លេង​កម្សាន្ត​នៅ​មណ្ឌលគិរី បាន​រិះគន់​យ៉ាង​ខ្លាំង​ ចំពោះ​អាជ្ញាធរ​ខេត្ត​ និង​មន្ទីរ​បរិស្ថាន​ខេត្ត ពី​បញ្ហា​សំរាម​​ដែល​បណ្ដែតបណ្ដោយ​ឱ្យ​មាន​គំនរ​គរ​ដូច​ភ្នំ នៅ​កណ្ដាល​ក្រុង​បង្អួត​​ដល់​ភ្នែក​អ្នកទេសចរ​​​គួរ​ឱ្យ​​ហួសចិត្ត​បំផុត​ ។

ភាគច្រើន​សំរាម​មាន​រាយ​ប៉ាយ​ពេញទី​សាធារណៈ ជា​ពិសេស​នៅ​លើ​អតីត​ព្រ​​លាន​យន្តហោះ ដែល​នៅ​កណ្តាល​ក្រុង​​សែ​ន​នោ​រម្យ ជិត​រង្វង់​មូល​គោព្រៃ​​តែ​ម្តង ហើយ​សំរាម​​ទាំងនោះ​ គឺ​សុទ្ធ​​សឹង​អ្នក​រស់នៅ​ក្នុង​ផ្សារ​ និង​តាម​ដងផ្លូវ​សួនច្បារ​ក្រុង យក​ទៅ​បោះចោល​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​។

បើ​ទោះជា​ពេល​កន្លង​មក​ ធ្លាប់​មាន​សេចក្ដី​ប្រកាស​ណែនាំ​ពី​យុទ្ធនាការ​រៀបចំ​ទីក្រុង​ឲ្យ​មាន​សោភ័ណ​ភាព​ក៏​ដោយ ប៉ុន្ដែ​បញ្ហា​សំរាម​​នៅ​តែ​មាន​​ដដែល ព្រោះតែ​ធ្វើ​បាន​តែ​មួយ​ប៉ព្រិច​ភ្នែក ​ក៏​​បាត់​ទៅ​វិញ ​។ ព្រោះតែ​មន្ទីរ​បរិស្ថាន​មិន​យកចិត្តទុកដាក់​រៀបចំ​ឱ្យ​​បាន​ស្អាត​​នោះ​ទេ ម្យ៉ាង​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​តែ​បន្ត​បំពាន​បម្រាម​ ដែល​អាជ្ញាធរ​បាន​ដាក់​ហាមឃាត់ ការ​ចោល​សម្រាម​ពាស​វាល​ពាស​កាល​ដដែល​ជា​ដដែល​។

ក្រុម​អ្នក​តាមដាន​អំពី​បញ្ហា​បរិស្ថាន​បាន​និយាយ​ថា ពួក​គេ​ពិតជា​កោត​ស​សើរ​​ចំពោះ​អ្នក​ពាក់​ព័​ន្ធ​​ណាស់ ព្រោះ​បាន​បណ្តែត​បណ្តោយ​​​ឲ្យសំរាម​​ថង់កៅស៊ូ  ។​ល​។ ធ្វើ​ឲ្យ​បាត់​សោ​ភ័ណ​​ភាព និង​សម្រស់​របស់​ក្រុង​សែន​មនោ​រម្យ ដែល​ជា​បេះដូង នឹង​ជា​មណ្ឌល​​ទេសចរ​ណ៍​​របស់​ខេត្តមណ្ឌលគិរី ដែល​ជា​ខេត្ត​មួយ​ជាប់​ចំណាត់ថ្នាក់ មាន​សម្រស់​ធម្មជាតិ​ដ៏​ល្អ​ឯក ​។

ចំណែក​រឿង​ហួសចិត្ត​មួយទៀត​ ដែល​ក្រុម​អ្នក​ស្រឡាញ់​បរិស្ថាន​ល្អ​លើក​ឡើង​ផង​នោះ​គឺ ការ​ចោទ​ប្រកាន់​ទៅ​វិញ​ទៅ​មករ​វាង​ប្រជា​ពលរដ្ឋ​នៅ​មូលដ្ឋាន​ និង​​អាជ្ញាធរ​មូលដ្ឋាន ព្រោះ​បើ​មានការ​ចូលរួម​ទាំងអស់​គ្នា បញ្ហា​សំរាម​​ហោះហើរ​ពេញ​ក្រុង​ ក៏​មិន​អាច​កើត​មាន​ដែរ ​។ ដ្បិត​​សំរាម​​ទាំងនោះ​ គឺ​បាន​កើត​ចេញពី​ប្រជាពលរដ្ឋ​ខ្លួនឯង ​ដែល​យក​ទៅ​ចោល​គ្រប់​ទីកន្លែង​សាធារណៈ​ដែល​ពួក​គេ​គិត​ថា មាន​ភាព​ងាយស្រួល​ជាង​យក​ទៅ​ចោល​នៅ​ទីលាន​ចោល​សំរាម​ដែល​រដ្ឋ​បាន​រៀបចំ​ទុក​ ។ ​

នៅ​មាន​សកម្មភាព​មួយ​ចំនួន ​ដែល​គេ​តែង​សង្កេត​ឃើញ​ដែល​នោះ គឺ​មាន​អាជីវក​ររ​ស់នៅ​ក្នុង​ផ្សារ​សែន​មនោ​រម្យ​មួយ​ចំនួន​នៅ​ពេល​យប់​​ស្ងាត់ ក៏​លួច​យកសំរាម​​ទៅ​ចោល​លើ​ទីធ្លា​អតីត​ព្រ​​លាន​យន្ត ដែល​មាន​ទីតាំង​កណ្តាល​ក្រុង​តែ​ម្តង​ ។