ដោយ​សារមេ​ប៉ូលិសល្អ ចេញ​បង្ក្រាប​​បាន​​ជា​​បន្ត​បន្ទាប់​

ក្រុង​ព្រះ​សីហ​នុ ៖ ​ក្រោម​ការ​ដឹកនាំ​បញ្ជារ​ដោយ​មានបទពិសោធន៍ និង​ជំនាញ​ព្រហ្មទណ្ឌ​ពេញ​ខ្លួន ពី​សំណាក់​លោក​ឧត្តម​សេ​នីយ៍​ទោ​ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ កាលពី​ថ្ងៃ​ទី​២ កក្កដា ២០១៦ សមត្ត​កិច្ច​នគរបាល​ការិយាល័យ​ជំនាញ​ប្រឆាំង​គ្រឿង​​​ញៀន​ខេត្ត សហការ​ជាមួយ​នគរបាល​ស្រុក​កំពង់​សិ​លា បាន​ចុះ​ប្រ​តិ​បត្តិ​ការ​បង្ក្រាប​បទល្មើស​ជួញដូរ​គ្រេឿង​ញៀន​ជា​លក្ខណ​:​​ទ្រង់ទ្រាយ​ធំ​មួយ ឃាត់ខ្លួន​ជនសង្ស័យ​បាន​៧​នាក់ (​ស្រី​៤​នាក់​) ដកហូត​វត្ថុ​តាង​គ្រឿង​​ញៀន និង​ឧបករណ៍​ពាក់​ព័​ន្ធ​មួយ​ចំនួន​ទៀត ។

ការ​​បង្ក្រាប​នោះ​ សមត្ថ​​កិច្ច​បាន​ធ្វើ​ឡើង​នៅផ្ទះ​ឈ្មោះ​កែវ លី​ណា ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ស្ថិត​ក្នុង​​ភូមិ​វាល ឃុំ​កំពង់​សីលា ស្រុក​កំពង់​សិ​លា ខេត្ត​ព្រះ​សីហ​នុ (​ជា​ផ្ទះ​មេ​ក្លោ​ង​) ។ ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​៧​នាក់​មាន ១-ឈ្មោះ​ប៉ាន់ សុវណ្ណ ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ២-​ឈ្មោះយឹ​ម ច​ន្តា ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ៣-​ឈ្មោះ​ហាស់ ច​ន្ថា ភេទ​ស្រី អាយុ​៤៥​ឆ្នាំ​ (​ប្រពន្ធ​របស់​ឈ្មោះ​កែវ លី​ណា​) ៤-​​ឈ្មោះ​សួ​ស ច​ន្ថា ភេទ​ស្រី អាយុ​២៥​ឆ្នាំ ៥-​​ឈ្មោះឡាយ សេង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ៦-​​ឈ្មោះ​វុ​ធ ងូត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ និង​៧-​ឈ្មោះ​កែវ ច័ន្ទ​នី ភេទ​ស្រី អាយុ​២៥​ឆ្នាំ ។ ចំណែក​ម្ចាស់ផ្ទះ​ឈ្មោះកែវ ​លី​ណា សមត្ថ​​កិច្ច​កំពង់​តាម​ចាប់ខ្លួន ។

វត្ថុ​តាង​ចាប់​បាន​រួម​មាន​​ថ្នាំ​ញៀន​មេ​តំ​ហ្វេ​តា​មីន​ICE ចំនួន​៤​កញ្ចប់​ធំ, ​ថ្នាំ​ញៀន​គ្រាប់​ពណ៌​ឈាម​ជ្រូក​១២​គ្រាប់, ​ថ្នាំ​ញៀន​គ្រាប់​ពណ៌​ក្រហម១០​គ្រាប់, ​ម្សៅ​ពណ៌​កាហ្វេ១​កញ្ចប់, ​កញ្ឆាក្រៀម​១កញ្ចប់, ​សម្ភារ​​​សម្រាប់​ជក់​គ្រឿងញៀន​មួយ​ចំនួន, ​ជញ្ជីង​ថ្លឹង​គ្រឿង​ញៀន​១​គ្រឿង, ​សម្ភារ​​សម្រាប់​កែ​ច្នៃ​ផលិត​គ្រឿងញៀន​ដោយ​ដៃ​មួយ​ចំនួន, ពុម្ព​ត្រា​សម្រាប់​បោះ​លើ​គ្រឿងញៀនចំនួន​១, រថយន្ត​២​គ្រឿង, អាវុធ​ខ្លី​១​ដើម​ (កា​៥៤)​ បង់​១ មាន​៩​គ្រាប់, ​ទូរស័ព្ទ​ដៃ​៥​គ្រឿង, ​លិខិតឆ្លងដែន​១​ច្បាប់, ​កាបូប​យួរដៃ​១ និង​កាបូប​តូច​២ ។

ក្នុង​ពេល​កម្លាំង​សមត្ថ​​កិច្ច​ចុះ​បើក​ប្រតិបត្តិ​សម្រុក​ចូល​បង្ក្រាប​មុខសញ្ញា​នៅ​ក្នុងផ្ទះ​បាន​យក​ថ្នាំ​ញៀន​មួយ​ចំនួន ​ចាក់​ចូល​ក្នុង​បង្គន់​ដើម្បី​បំផ្លាញ​ភុ​ស្ដ​តាង ដូច្នេះ​ សមត្ថ​កិច្ច​បាន​វាយ​បំបែក​ចាន​បង្គន់ ចាប់​យក​ថ្នាំ​ដែល​នៅ​សេសសល់​បាន​មួយ​ចំនួន​ធំ​ទៀត ។ក្រោយ​សមត្ថ​កិច្ច​បាន​កសាង​សំណុំ​រឿង​​បញ្ជូន​ជនសង្ស័យ និងវត្ថុ​តាង​ទៅ​កាន់​សាលាដំបូង​ខេត្ត​តាម​នី​​តិ​វិធី ។ កិច្ច​ប្រតិបត្តិ​បង្ក្រាបគ្រឿង​ញៀន​ដ៏​ធំ​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះ​សីហ​នុ​និយាយ​គ្រប់​គ្នា​ថា​​ មាន​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ នៅ​ជា​ស្នងការ នគរបាល​ខេត្ត គឺ​មាន​ភាព​កក់ក្តៅកាត់​បន្ថយ​បទល្មើស ការពារ​សន្តិសុខសង្គមបាន​ល្អ​ប្រសើ ដូច្នោះ​ ប្រជាពលរដ្ឋ​ខេត្ត​ព្រះ​សីហ​នុ ត្រូវការ​ចាំបាច់​មាន​វត្តមាន​លោកស្នងការ​ដ៏​រឹង​មាំ​នេះ​​ជា​និច្ច ។