រ៉េន សុខពេជ្រ៖ “រៀន​​ដើម្បី​ចេះ មិន​មែន​រៀន​ ដើម្បី​តែ​ប្រឡង​​ទេ” (វីដេអូ)

យុវជន រ៉េន សុខពេជ្រ អតីតសិស្សពូកែនិទ្ទេស A មុខវិជ្ជារូបវិទ្យា ប្រចាំឆ្នាំ២០១៤ បានប្រាប់ទៅកាន់សិស្សានុសិស្ស នៃវិទ្យាល័យទួលប្រាសាទសែនសុខ ជាងមួយរយនាក់ថា “រៀនដើម្បីចេះ មិនមែនរៀន ដើម្បីតែប្រឡងទេ”។

រ៉េន សុខពេជ្រ៖ “រៀន​​ដើម្បី​ចេះ មិន​មែន​រៀន​ ដើម្បី​តែ​ប្រឡង​​ទេ” (វីដេអូ)

រ៉េន សុខពេជ្រ បានឱ្យដឹងថា លោកលើកឡើងបែបនេះ ក៏ដោយសារតែមានសិស្សមួយរៀន ដើម្បីតែប្រឡងមួយជាប់ៗប៉ុណ្ណោះ មិនបានគិតថា រៀនដើម្បីចេះ រៀនដើម្បីប្រកួតប្រជែង និងរៀនដើម្បីទទួលបានការងារល្អនោះទេ ហើយការរៀនទៀតសោត មិនមែនចប់ត្រឹមថ្នាក់ទី ១២ ឡើយពោលគឺរៀនមួយជីវិត។

អតីតសិស្សឆ្នើមនៃ វិទ្យាល័យហ៊ុនសែនខ្សាច់កណ្ដាលរូបនេះ បន្តថា ដើម្បីទទួលជោគជ័យក្នុងការសិក្សា សិស្សម្នាក់ៗត្រូវចេះបែងចែកពេលវេលា កាត់បន្ថយការដើរលេង ប្រឹងស្វ័យសិក្សា ត្រូវធ្វើលំហាត់ មិនត្រូវមើលស្រាយលំហាត់តូចតាច ជាពិសេស ត្រូវមានគោលដៅច្បាស់លាស់ ការតាំងចិត្ត និងឆន្ទៈ ក្នុងការសម្រេចគោលដៅ ដោយមិនត្រូវយកហេតុផលលំបាកបន្តិចបន្តួច មកធ្វើជារនាំងក្នុងការសិក្សាឡើយ។

សុខពេជ្រ និយាយថា៖ “ខ្ញុំចង់បានសិស្សពូកែ ខ្ញុំមានគោលដៅហើយ ប៉ុន្តែអ្វីទៅជំរុញឱ្យខ្ញុំ ទៅសាលារាល់ថ្ងៃ រៀនអត់ដែលឈប់។ រៀនបន្ថែម ស្វ័យសិក្សានៅផ្ទះ ខំប្រឹងរៀន គេងអត់គ្រប់…បើខ្ញុំគ្មានការតាំងចិត្តជំនះឧបសគ្គទាំងនោះទេ ប្រហែលខ្ញុំអត់តស៊ូប្រឹងរៀនទេ”។

មិនតែប៉ុណ្ណោះ ប្រភពក៏បានបង្ហើបឱ្យដឹងទៀតថា ដើម្បីរៀនពូកែ និងប្រជែងនឹងសិស្សពូកែៗ សិស្សត្រូវស្គាល់ឱ្យច្បាស់ពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួនជាមុនសិន។ ពេលស្គាល់ចំណុចខ្លាំងរបស់ខ្លួនហើយ ត្រូវប្រើវាឱ្យចាំគោលដៅ និងព្យាយាមរកវិធីសាស្ត្រ មកបំពេញរាល់កង្វះខាតដែលខ្លួនមាន។

“ស្គាល់ខ្លួនឯងច្បាស់ យកឈ្នះខ្លួនឯងឱ្យបាន នោះអ្នកនឹងមានឱកាសយកឈ្នះដៃគូប្រជែង”។ យុវជន សុខពេជ្រ បញ្ជាក់។

ការលើកឡើងរបស់និស្សិតអាហារូបករណ៍ ១០០% ផ្នែកវិទ្យាសាស្ត្រសុខាភិបាល ឆ្នាំសិក្សាទី២រូបនេះ បានធ្វើឡើងក្នុងកម្មវិធី «មាគ៌ាយុវជន និង ព្រីនស៍ដើម្បីបៃតង» របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន នៅវិទ្យាល័យប្រាសាទសែនសុខ កាលពីថ្ងៃសៅរ៍កន្លងទៅ។

ក្រៅពីទទួលបានបទពិសោធន៍សិក្សាពីសិស្សពូកែ សិស្សវិទ្យាល័យមួយនេះ ក៏ទទួលបានធុងសំរាម ៤៨ ធុង កូនឈើ ១៤០ ដើម ដែលក្នុងនោះមានដើមរំដួល ៩០ ដើមផងដែរ ពីគ្រឹះស្ថានខាងលើ។

កម្មវិធីនេះមានការចូលពីលោក តុង បូរិន តំណាងអគ្គនាយកដ្ឋានមធ្យមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា លោកស្រី ងិន លីណា អគ្គនាយិការង អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន និងលោកគ្រូអ្នកគ្រូជាច្រើននាក់៕

រ៉េន សុខពេជ្រ៖ “រៀន​​ដើម្បី​ចេះ មិន​មែន​រៀន​ ដើម្បី​តែ​ប្រឡង​​ទេ” (វីដេអូ)

អត្ថបទ៖ អ៊ុំ សុភក្តិ
ប្រភព៖ sabay

  • រ៉េន សុខពេជ្រ៖ “រៀន​​ដើម្បី​ចេះ មិន​មែន​រៀន​ ដើម្បី​តែ​ប្រឡង​​ទេ” (វីដេអូ)已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/04  Category:ជីវិតនិងសង្គម
Tags: