អគ្គនាយក​រង​ទេសចរណ៍ ​ផ្តល់​អនុសាសន៍​ពី​អាជីវកម្ម​ជោគ​ជ័យ

​អគ្គនាយក​រង​ទេសចរណ៍ លោក អាំង សុវណ្ណ​រ័ត្ន បាន​ផ្តល់​អនុសាសន៍​មួយ​ចំនួន​ដើម្បី​អាជីវកម្ម ទទួល​បាន​ជោគជ័យ​និង​មាន​និរន្តរភាព​ក្នុង​វិស័យ​បដិសណ្ឋារកិច្ច​និង​ទេសចរណ៍​ដែល​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​នេះ។

 

អគ្គនាយក​រង​ទេសចរណ៍ ​ផ្តល់​អនុសាសន៍​ពី​អាជីវកម្ម​ជោគ​ជ័យ

 

លោក​បញ្ជាក់​នៅ​ក្នុង​ពិធី​បង្ហាញ​ផលិតផល​ប្រព័ន្ធ​ទឹក​ក្តៅ Rinnai ប្រើ​ថាម​ពល​អគ្គិសនី ហ្គាស​និង ពន្លឺ​ព្រះអាទិត្យ ថា បច្ចុប្បន្ន​នេះ​ភ្ញៀវ​ទេសចរណ៍​មក​ទស្សនា​ចង់​ទទួល​បាន​នូវ​បទពិសោធន៍​ដំណើរ​កំសាន្ត ដែល​មាន​ បទដ្ឋាន​សេវាកម្ម​ល្អ​ប្រសើរ។ ម្ល៉ោះ​ហើយអាជីវកម្ម​គួរ​តែ​មាន​គម្រោង​ផែន​ការ​ជា​មុន​អោយ​បាន​ច្បាស់​លាស់​ពោល​គឺ៖

 

​- អាជីវករ​ដែល​ចង់​ចាប់​ផ្ដើម​ភោជនីយដ្ឋាន​ឬ​សណ្ឋាគារ​ក្តី ចាំ​បាច់​ត្រូវ​រៀបចំ​អាជីវកម្ម​ប្រកប​ដោយ​វិជ្ជា​ជីវៈ​ស្តង់​ដារ។

 

– អាជីវករ​គួរ​មាន​ភាព​ច្នៃ​ប្រឌិត​ថ្មី​ៗ​និង​ធ្វើ​អ្វី​មួយ​ប្លែក និង​ល្អ​ជាង​គូ​ប្រកួត​ប្រជែង ។ ជា​ឧទាហរណ៍ ការ​រចនា​អាគារ​អោយ​មាន​ភាព​ទាក់​ទាញ  ការ​វិនិយោគ​លើ​បច្ចេកវិទ្យា​បៃ​តង ឬ​ប្រើ​ប្រាស់​ឧបករណ៍ ដែល​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​ គឺ​ជា​ចំណុច​ទាក់​ទាញ​ក្នុង​ប្រតិបត្តិ​ការ​អាជីវកម្ម។

 

– អាជីវករ​គួរ​ត្រៀម​ខ្លួន​សម្រាប់​បញ្ហា​ប្រឈម​មួយ​ចំនួន​ផង​ដែរ។ ជាក់​ស្ដែង  នៅ​ក្រុង​សៀមរាប​មិន​ដូច​នៅ​ក្រុង​ភ្នំពេញ​ទេ ដែល​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មាន​ភ្ញៀវ​ជា​ប្រចាំ។ តែ​ចំពោះ​ក្រុង​សៀមរាប​វិញ​ចាប់​ពី​ខែ​មីនា​ដល់​ខែ​មិថុនា​ ចំនួន​ភ្ញៀវ​ទេសចរណ៍​ អាច​រំពឹង​ថា​នឹង​មាន​ការ​ធ្លាក់​ចុះ​ច្រើន។ ដូច្នេះ​ការ​វិនិយោគ​លើ​ផលិតផល​ត្រឹម​ត្រូវ នឹង​ជួយ​លោកអ្នក​ក្នុង​ការ​កាត់​បន្ថយ​ចំណាយ​។

 

អគ្គនាយក​រង​ទេសចរណ៍ ​ផ្តល់​អនុសាសន៍​ពី​អាជីវកម្ម​ជោគ​ជ័យ

 

គួរ​បញ្ជាក់​ថា ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​នៅ​កម្ពុជា​កំពុង​កើន​ឡើង​នៅ​ក្នុង​អត្រា​មួយ​យ៉ាង​លឿន ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ កម្ពុជា​បាន​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ប្រមាណ 4,77 លាន​នាក់​ក្នុង​ឆ្នាំ 201​​5 ពោល​គឺ​កើន​ឡើង 6,1% ធៀប​នឹង​ឆ្នាំ​មុន​នេះ។ ការ​ព្យាករណ៍​សម្រាប់​ឆ្នាំ 2020 នេះ​នឹង​មាន​ភ្ញៀវ​ទេសចរ​កើន​ឡើង​រហូត​ដល់ 7,5 លាន​នាក់​ដែល​នឹង​នាំ​នូវ​ចំណូល​ប្រមាណ $ 5 ពាន់​លាន​ដុល្លារ​ទៀត​ផង។

 

អត្ថបទ៖ លឹម សុ​នា