លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ គួរពិនិត្យមើល​ភាព​អសកម្ម​របស់​មន្ត្រី​កាំកុងត្រូល នៅ​ច្រក​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន ខ្លះ​ផង​

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ច្រក​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា​បច្ចុប្បន្ន​មន្ត្រី​កាំកុងត្រូល​ប្រចាំ​ច្រក​នេះ និង​ច្រករបៀង​ផ្សេងទៀត នៅតែ​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញ​ខូចគុណភាព ទំនិញ​ផុត​កាលកំណត់​ប្រើប្រាស់ និង​ចំណីអាហារ​មាន​ផ្ទុក​សារធាតុ​គីមី​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​យ៉ាង​ពេញបន្ទុក​។ នៅពេល​ឈ្មួញ​នាំចូល​ទំនិញ​ទាំងអស់នោះ គឺ​មន្ត្រី​កាំកុងត្រូល​នៅ​ច្រក​អន្តរជាតិ​ព្រំ និង​តាម​ច្រករបៀង​មិន​ត្រួតពិនិត្យ​គុណភាព​ទំនិញ​តាម​តួនាទី​របស់ខ្លួន​ទេ ដោយ​ពួកគេ​គិតតែ​ពី​រឿង​ផលប្រយោជន៍​។ បញ្ហា​នេះ​លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល នៃ​ក្រសួងពាណិជ្ជកម្ម គួរ​ចាត់វិធានការ​ពិនិត្យមើល​ភាព​អសកម្ម​របស់​មន្ត្រី​កាំកុងត្រូល​នៅ​ខេត្ត​ប៉ៃលិន​ជាបន្ទាន់ កុំ​ឲ្យ​ពួកគេ​ឃុបឃិត​ជាមួយ​ឈ្មួញ​ខិលខូច​បន្តទៀត​។

​អ្វីដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រិះគន់​នោះ គឺ​មន្ត្រី​កាំកុងត្រូល​ប្រចាំ​ច្រកព្រំដែន​និង​ច្រករបៀង​ជា​អ្នក​បើកដៃ​ឲ្យ​ឈ្មួញ​ខិលខូច​នាំចូល​ទំនិញ​ខូចគុណភាព ទំនិញ​មាន​ផ្ទុក​សារធាតុ​គីមី និង​ទំនិញ​ហួស​កាលកំណត់​ប្រើប្រាស់​មក​ចែកចាយ​លើ​ទីផ្សារ​ក្នុង​ខេត្ត​ប៉ៃលិន យ៉ាង​អនាធិបតេយ្យ​។ បន្ទាប់មក​មាន​មន្ត្រី​កាំកុងត្រូល​មួយចំនួន​ដែល​ត្រួតពិនិត្យ​គុណភាព​ទំនិញ ជាពិសេស​គ្រឿងឧបភោគ​បរិភោគ​នៅលើ​ទីផ្សារ ហើយ​រកឃើញ​ទំនិញ​ខូចគុណភាព​ជាច្រើន ដើម្បី​យកទៅ​កម្ទេចចោល​បង្ហាញ​ស្នាដៃ​ផងដែរ​។ ជាក់ស្ដែង​កាលពី​ព្រឹក​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០១៦ ទំនិញ​ខូចគុណភាព​ជិត​១០០០​គីឡូក្រាម​ត្រូវបាន​ដុត​កម្ទេចចោល​នៅក្នុង​ខេត្ត​ប៉ៃលិន ដែល​បញ្ហា​នេះ​បង្ហាញថា​ឈ្មួញ​ខិលខូច​បាន​នាំ​ទំនិញ​ទាំង​នោះមក​បំផ្លាញ​សុខភាព​ពលរដ្ឋ​ខ្មែរ​តាម​អំពើ​ចិត្ត​។

ទាក់ទង​នឹង​បញ្ហា​ខាងលើនេះ​មន្ត្រីរាជការ​និង​ពលរដ្ឋ​ក្នុង​ខេត្ត​ប៉ៃលិន បាន​លើកឡើងថា​ប្រសិនបើ​មន្ត្រី​កាំកុងត្រូល​នៅ​ច្រក​អន្តរជាតិ​ព្រំ និង​តាម​ច្រករបៀង ពិនិត្យ​គុណភាព​ទំនិញ​គ្រឿង​ឧបភោគបរិភោគ​នៅពេល​ឈ្មួញ​នាំចូល​នោះ គឺ​គេ​មិនបាច់​ចំណាយពេល​ទៅ​ត្រួតពិនិត្យ​គុណភាព​ទំនិញ​តាម​ទីផ្សារ​ឡើយ​។ បញ្ហា​នេះ​លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល ក្រសួងពាណិជ្ជកម្ម គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់ ព្រោះ​បើ​គ្មាន​ការឃុបឃិត​ពី​មន្ត្រី​កាំកុងត្រូល​ពុករលួយ​ទេ គឺ​ឈ្មួញ​មិនអាច​នាំ​ទំនិញ​ខូចគុណភាព​និង​មាន​ផ្ទុក​សារធាតុ​គីមី​ពី​ទឹកដី​សៀម​ចូល​ខេត្ត​ប៉ៃលិន​បានឡើយ​។ ក្នុងនោះ​មន្ត្រី​កាំកុងត្រូល​ច្រក​អន្តរជាតិ​ព្រំ ជា​អ្នកទទួលខុសត្រូវ​ធំជាងគេ​ក្នុងការ​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​គ្រឿងឧបភោគ​បរិភោគ​ខូចគុណភាព និង​មាន​ផ្ទុក​សារធាតុ​គីមី​មក​ចែកចាយ​ក្នុង​ខេត្ត​ប៉ៃលិន និង​បណ្ដា​ខេត្ត​ផ្សេងទៀត​៕

13559045_1728277744105583_5748007211245801202_o 13528320_1728277667438924_4962564778588798106_o 13585142_1728277824105575_7499697351444490107_o 13603537_1728277790772245_2539145644708819277_o