បង្ខំ​​កូនក្រមុំ​គេ​ផ្តេស​ផ្តាស គឺគុកហើយ​

ខេត្តបាត់ដំបង ​៖ មន្ត្រី​កងរាជអាវុធហត្ថ​បាន​រាយ​ការ​ណ៍​ថា យុវជន​ម្នាក់​ត្រូវ​​ឃាត់ខ្លួន កាលពី​​ម៉ោង​០៨ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៣​កក្កដា ២០១៦ ស្ថិត​នៅ​ភូមិ​ពោ​ធិ៍​​១ ឃុំ​គា ស្រុក​មោង​ប្ញ​ស្សី ក្រោយ​ពី​មាន​បណ្ដឹង​ចោទ​​ថា បាន​ល្បូ​ង​នាង​ក្រមុំ​ម្នាក់​​ទៅ​ចាប់បង្ខំ​រំលោភ​​​សេព​សន្ថវៈ​ក្នុង​បន្ទប់​សណ្ឋា​គារ​មួយ នៅ​ក្នុង​ក្រុង​បាត់ដំបង​ ។

មន្ត្រី​បាន​​ប្រាប់​ថា ជន​សង្ស័យ​ឈ្មោះ​ជុំ ប៉ាវ អាយុ​២១​ឆ្នាំ ជាអ្នក​​កាប់​ជ្រូក មានទីលំនៅ​ភូមិ​-ឃុំ​ខាងលើ​ ។ ជន​នេះ ​ត្រូវ​កម្លាំង​កង​រាជអាវុធហត្ថ​ស្រុក​មោង​ប្ញ​​ស្សី​ឃាត់ខ្លួន​ ក្នុង​ករណី​សង្ស័យ​ថា បាន​ល្បូ​ង​នាង​ក្រមុំ​ម្នាក់​អាយុ​១៧​ឆ្នាំ ​យក​​ទៅ​​រំលោភ​សេព​ស​ន្ថ​វៈ​​នៅ​ក្នុង​បន្ទប់​​សណ្ឋា​គារ ​«​វិច​តូ​រី​យ៉ា​» ស្ថិត​​ក្នុង​ក្រុង​បាត់ដំបង កាលពី​យប់​ថ្ងៃ​ទី​២​ កក្កដា ​។

មន្ត្រី​ដដែល​​​បញ្ជាក់​ថា សកម្មភាព​នោះ ជនសង្ស័យ​បាន​​ចាប់​ចងដៃ​​នាង រួច​វាយ​ធ្វើ​ទារុណកម្ម​ផង មុន​ពេល​ចាប់​នាង​រំលោភ​។ នេះ​បើ​យោង​លើ​ចម្លើយ​នារី​រង​គ្រោះ​ ។ នារី​រង​គ្រោះ​​ឱ្យ​ដឹង​​ថា នាង​បាន​​ស្គាល់ និង​មាន​​ទំនាក់ទំនង​ស្នេហា​ជាមួយ​ឈ្មោះ​ជុំ ប៉ាវ មិន​សូវ​ស្និទ្ធ​​ស្នាល​ទេ ។ តែ​នាង​បាន​ស្គាល់​ស្និទ្ធ​​ជាមួយ​ម្ដាយ​របស់​ជន​នេះ ​។

សមត្ថកិច្ច​បាន​ស្រង់​សម្តី​នាង​ថា ឈ្មោះ​ប៉ាវ បា​នប​បូល​នាង​​ទៅ​ដើរ​លេង​នៅ​ក្រុង​បាត់ដំបង ដោយ​សន្យា​វិល​​ទៅ​ផ្ទះ​វិញ​ពេល​ល្ងាច តែ​គេ​មិន​បាន​គោរព​​ពាក្យ​សន្យា​ទេ ។ លុះ​យប់​ជ្រៅ​ ក៏​ប​បូល​នាង​ចូល​ស្នាក់​ក្នុង​បន្ទប់​សណ្ឋារ​គារ​ខាងលើ​ ​។ ​​ឈ្មោះ​ប៉ាវ បាន​ព្យា​យាម​លួងលោម​​សុំ​រួមមេត្រី​​ជាមួយ​នាង តែ​នាង​មិន​ព្រម ស្រាប់តែ​ឈ្មោះ​ប៉ាវ ប្រើ​ហិ​ង្សា​យក​អាវ​ចងដៃ​នាង​​ជាប់ វាយ​ដើមទ្រូង​នាង រួច​ចាប់បង្ខំ​រំលោភ​​នាង​រហូត​បាន​សម្រេច ​។ លុះ​ព្រឹក​ឡើង​ ពេល​ត្រឡប់​ដល់​ផ្ទះ​វិញ នាង​ក៏​ទៅ​ប្ដឹង​សមត្ថកិច្ច​ឱ្យ​​ចាប់ខ្លួន​បុរស​ជា​សង្សារ​​រូប​នេះ​តែ​ម្ដង ។

មិន​ទាន់​មាន​ចម្លើយ​បែប​ណា​​ពី​ជនសង្ស័យ​ឈ្មោះ​ជុំ ប៉ាវ ទេ ជុំវិញ​ការ​ចោទប្រកាន់​នេះ​ ។ ប៉ុន្តែ​បើ​តាម​មន្ត្រី​កងរាជអាវុធហត្ថ​បាន​ប្រាប់​ថា ជនសង្ស័យ​បាន​សារភាព​ទ​ទូល​ស្គាល់​កំហុស​​ហើយ តែ​ជន​នេះ​ហាក់​បាន​បដិសេធ​អំពី​ការ​ប្រើ​អំពើ​ហិ​​ង្សា ​។ ទោះជា​យ៉ាង​ណា មន្ត្រី​ដដែល​បញ្ជាក់​ថា មន្ត្រី​ជំនាញ​បាន​សួរនាំ និង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការ​ហើយ ។