«មនុស្ស​ត្រូវ​ថ្នាំ​អ្វី​មួយ ដែល​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន»

ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានធ្វើការប្រៀបធៀប មនុស្ស«ត្រូវថ្នាំអ្វីមួយ ដែល​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន» ទៅ​នឹង​កញ្ញា ធី សុវណ្ណថា អតីតអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដែលសព្វថ្ងៃ​បានដូរ​​ទៅ​ប្រឆាំង​គណបក្ស​នេះ​វិញ និង​កំពុង​ត្រូវបាន​លោក​នាយករដ្ឋមន្ត្រី លើក​យក​មក​សរសើរ កាលពី​ពេល​ថ្មីៗនេះ។
«មនុស្ស​ត្រូវ​ថ្នាំ​អ្វី​មួយ ដែល​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន»

ពីឆ្វេងទៅស្ដាំ៖ កញ្ញា ធី សុវណ្ណថា និងលោក ខឹម វាសនា។ (រូបថតហ្វេសប៊ុក)

«មនុស្សដែលមិនស្រឡាញ់អំពើល្អ (ទោះ)ស្លាប់រស់ (ក៏នៅតែ)មានសញ្ញាសម្គាល់វា គឺខ្លួន (មនុស្សនោះ) ក៏​ប្រព្រឹត្ត​អំពើមិនល្អដែរ» នេះជាការលើកឡើង របស់លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (ហៅខ្លួនឯងថា គណបក្សជួង) នៅក្នុងសំណេរមួយ ដែលលោកសរសេរអម ទៅនឹង​ការ​ថ្លែង​អរគុណ របស់កញ្ញា ធី សុវណ្ណថា តបទៅនឹងការលើកសរសើរ របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាល​ពីថ្ងៃ​សុក្រកន្លងទៅ។

នៅក្នុងសំណេររបស់កញ្ញា ធី សុវណ្ណថា ដែលក្រុមសមាជិកគណបក្ស«ជួង» ផ្តិតជាលក្ខណៈ «Print Screen» យក​មកបង្ហោះតៗគ្នា នៅលើបណ្ដាញសង្គមនោះ មានអក្សរមួយឃ្លា ត្រូវបានផាត់ពណ៌លឿងពីលើ។ ឃ្លានោះ ត្រូវបានតារាហ្វេសប៊ុកសរសេរថា៖ «សូមថ្លែងអំណរគុណ គោរពជូនចំពោះ សម្តេចតេជោ»។

» អានអត្ថបទដែលទាក់ទង៖ ហើយបន្ទាប់មក ធី សុវណ្ណថា ថែងអរគុណ«សម្ដេចតេជោ»...

ជាការថ្លែងលើកដំបូងបង្អស់មួយ ទាក់ទងនឹងករណីនេះ របស់លោក ហ៊ុន សែន ដែលបានធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី១ ខែកក្កដា ឆ្នាំ២០១៦។ លោកនាយករដ្ឋមន្ត្រីកម្ពុជា បានលើកយកតារាហ្វេសប៊ុកខាងលើ ដែល​បច្ចុប្បន្ន​បាន​ប្រែ​ក្លាយ ជា​ប្រធានអង្គការ​យុវជន​កិច្ចការសង្គម មកថ្លែងសរសើរ ដោយបានហៅសកម្មភាព​កន្លង​មក របស់​ប្រធាន​អង្គការ​វ័យ​ក្មេង​រូប​នេះ នៅក្នុង​តំបន់​អារ៉ែង ខេត្តកោះកុង ថាជាចលនាជួយការពារបរិស្ថាន។

» អានអត្ថបទដែលទាក់ទង៖ ហ៊ុន សែន ផ្សាយ​«ពាណិជ្ជកម្ម»​ឲ្យ ធី សុវណ្ណថា

ប៉ុន្តែការឆ្លើយឆ្លង រវាងនាយករដ្ឋមន្ត្រី និងតារាហ្វេសប៊ុក ទំនងជាមិនទទួលបាន​ការសាទរប៉ុន្មានពីលោក ខឹម វាសនា នោះឡើយ។ ប្រធានគណបក្ស«ជួង» បានធ្វើការប្រៀបធៀបស្ថានភាព នៃអ្នកនយោបាយ ឬក្រុម​អ្នក​នយោបាយនៅកម្ពុជា ដែលគេតែងតែឃើញ «ស្រែករិះគន់ ហៅមហាស្រែករិះគន់» តែនៅទីបំផុតទៅ អ្នក​នយោបាយ ឬអ្នកគាំទ្ររូបនោះ បានប្រែធាតុមកជា​«បែបហ្នឹង» បន្ទាប់ពី«ត្រូវថ្នាំអ្វីមួយ ដែលជា​ប្រយោជន៍​ផ្ទាល់​ខ្លួន»។

លោក ខឹម វាសនា បានសរសេរបន្តទៀតថា៖ «ទោះឃើញថា ស្រែករិះគន់ខ្លាំងដល់កំរិតណាក៏ដោយ អោយ​តែត្រូវថ្នាំអ្វីមួយ ដែលជាប្រយោជន៍ផ្ទាល់ខ្លួន គឺបែបហ្នឹង។ កន្លងមក មានឧទាហរណ៍រាប់មិនអស់ នៃក្រុម​ធ្វើជា​ប្រឆាំងនេះ ដែលស្រែករិះគន់រដ្ឋាភិបាលខ្លាំង តែទីបំផុតគឺបែបហ្នឹង រួមទាំងមេពួកវាផង។»៕