វាយប្រហារ​ភេរវកម្ម​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ក្រុង​បា​ដា​ដ​អ្នក​ស្លាប់​ឡើង​ដល់​167​នាក់

ការ​ផ្ទុះ​យ៉ាង​ខ្លាំង​២​ដោយ​ការ​ផ្ទុះ​មួយ​ប្រកាស​ទទួលខុសត្រូវ​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​កើត​មាន​កាលពី​យប់​ថ្ងៃ​ទី​២ មក​ទី​៣ កក្កដា នៅ​ក្រុង​បា​ដា​ដ រដ្ឋធានី​អីុ​រ៉ា​ក់ ។

ដោយ​ដកស្រង់​សម្តី​បណ្តា​អ្នក​ទទួលខុសត្រូវ​មូលដ្ឋាន​ទីភ្នាក់ងារ​ព័ត៌មាន​អីុរ៉ា​ក់ INA រៀបរាប់​ពី​តុល្យការ​នៃ​ការ​វាយប្រហារ​ភេរវកម្ម​លើក​ទី​មួយ​ថា អ្នក​ស្លាប់​ឡើង​ដល់​១៦៧​នាក់ ហើយ​មនុស្ស​១៦៨​នាក់​ទៀត​រង​របួស ។ យោង​តាម INA ថា ចំនួន​ជន​រង​គ្រោះ​អាច​មាន​ខ្ពស់​ជាង​នេះ​ទៀត ។

នេះ​ជា​ការ​វាយប្រហារ​យ៉ាង​បង្ហូរឈាម​បំផុត​នៅ​ក្រុង​បា​ដា​ដ ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ដើមឆ្នាំ​មក ។ វា​កើត​មាន​មួ​យស​ប្តា​ហ៍ ក្រោយ​ពី​កងទ័ព​អីុរ៉ា​ក់​វាយ​យក​បាន​ទីក្រុង​ហ្វា​ល់​លូ​ចា ពី​កណ្តាប់ដៃ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ដោយ​មានការ​ជួយ​ទ្រទ្រង់​របស់​បណ្តា​កងជីវពល​ស៊ី​អីុត ។ ការ​ផ្ទុះ​យ៉ាង​ខ្លាំង​ទាំង​២​នេះ​កើត​មាន​នា​យប់​ថ្ងៃ​ទី​២ មក​ទី​៣ កក្កដា ដោយ​ការ​ផ្ទុះ​មួយ​សំដៅលើ​តំបន់​ពាណិជ្ជកម្ម KARRAKA ខណៈ​ប្រជាជន​យ៉ាងច្រើន​កុះករ​លើកគ្នា​ដើរ​ទិញ​អីវ៉ាន់​មុន​ពេល​បុណ្យ​ស្រាយ​បួស​កំណត់​ពី​ការ​បញ្ចប់​ខែ​រ៉ា​ម៉ា​ដាន ។ រថយន្ត​កាំ​មី​ញ៉ុ​ង​ក្លា​ស្សេ​មួយ​ផ្ទុក​គ្រឿងផ្ទុះ​បាន​ផ្ទុះ​បណ្តាល​ឱ្យ​មាន​ជន​រង​គ្រោះជា​ច្រើន​រយ​នាក់ ។ ការ​ផ្ទុះ​មួយទៀត​កើត​មាននៅ​សង្កាត់​ស៊ី​អីុ​ត AL CHAAB ។

ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ប្រកាស​ទទួលខុសត្រូវ​ចំពោះ​ការ​វាយប្រហារ​ដោយ​ការ​បំផ្ទុះ​រថយន្ត​ក្នុង​តំបន់​ពាណិជ្ជកម្ម KARRAKA តាម​រយៈ​សេចក្តី​ប្រកាស​មួយ​ផ្សាយ​តាម​បណ្តាញ​សង្គម ។

ការ​ផ្ទុះ​យ៉ាង​ខ្លាំង​មួយ​បណ្តាល​ឱ្យ​ឆេះ​ហាង​ទំនិញ​ជា​ច្រើន​ដែល​នៅ​ក្បែរ ហើយ​បំផ្លាញ​ស្តង់​លក់ទំនិញ និង​រថយន្ត​ស៊ី​វិល​ជា​ច្រើន​គ្រឿង​នៅ​ទីនោះ ដែល​មាន​មនុស្ស​ច្រើន​កុះករ​ទិញ​របស់របរ​សម្រាប់​ពិធីបុណ្យ​ស្រាយ​បួស AID EL FITR ដោយ​តាម​ក្រសួងមហាផ្ទៃ​ថា សម្លាប់​មនុស្ស​១២៦​នាក់ តែ​ប្រភព​ខ្លះ​ថា ដល់​១៦៧​នាក់ ។ ចំណែក​ការ​ផ្ទុះ​មួយ​ទៀត​​កើត​មាន​រំលង​អធ្រាត្រ​ដូច​គ្នា ដោយ​រថយន្ត​ផ្ទុក​គ្រឿងផ្ទុះ​មួយ​បាន​ផ្ទុះ​នៅ​ផ្សារ AL SHALLAT សង្កាត់​SHAAB បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៥​នាក់ និង​របួស​១៥​នាក់ ។

នាយក​រដ្ឋមន្ត្រី​អីុ​រ៉ា​ក់ លោក​ហៃ​អីុ​ឌ័​រ អាល់​អា​បា​ឌី បាន​ទៅ​កាន់​កន្លែង​វាយប្រហារ ហើយ​សន្យា​ដាក់ទោស​ពួក​អ្នក​ទទួលខុសត្រូវ​លើ​ការ​វាយប្រហារ​នេះ ហើយ​លោក​ប្រកាស​ពី​ការ​កាន់​មរណទុក្ខ​៣​ថ្ងៃ ៕